27 C
Phnom Penh

រដ្ឋាភិបាល​ទទួល​យក​សំណើ​ច្បាប់​ហាមប្រាម​ព្រះសង្ឃ​មិន​ឲ្យ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បាន​ទទួល​យក​ជា​ផ្លូវការ​នូវ​សំណើ​មួយ​ពី​ថ្នាក់​ដឹកនាំ​សង្ឃ​ជាន់​ខ្ពស់ ដើម្បី​ពិចារណា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​នឹង​ហាម​ព្រះសង្ឃ​ជាង​៥០.០០០​អង្គ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឲ្យ​បោះ​ឆ្នោត។

នៅ​ពេល​ចាប់ផ្តើម​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ថ្នាក់​ដឹកនាំ​សង្ឃ​ទាំង​ពីរ​និកាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បិណ្ឌបាត​រដ្ឋាភិបាល​ឲ្យ​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ចាត់ទុក​ថា​ខុស​ច្បាប់ ចំពោះ​សង្ឃ​ចូលរួម​បោះ​ឆ្នោត គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ ឬ​ចូលរួម​ក្នុង​សកម្មភាព​បោះ​ឆ្នោត។

នៅ​ពេល​បញ្ចប់​មហា​សន្និបាត​សង្ឃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច បាន​យល់ព្រម​បញ្ជូន​សំណើ​នោះ​បន្ត​ដើម្បី​ពិចារណា។

លោកស្រី ម៉ែន សំអន ដែល​ជា​សមាជិក​សភា​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ដែរ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​ទទួល​យក​សំណើ​នេះ និង​នឹង​បញ្ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សម្រេច”។

សំណើ​ពី​ថ្នាក់​ដឹកនាំ​សង្ឃ​ធ្វើ​ឡើង​បន្ទាប់ពី​រយៈ​ពេល​មួយ​ឆ្នាំ ដែល​ក្នុង​រយៈ​ពេល​នោះ ព្រះ​សង្ឃ​មួយ​ចំនួន​តូច​ប៉ុន្តែ​កាន់តែ​កើន​ចំនួន​ឡើង បាន​រិះគន់​ឥត​សំចៃ​រឹតតែ​ខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ញឹកញាប់​បាន​ចូលរួម​និង​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នយោបាយ​និង​ទង្វើ​របស់​រដ្ឋាភិបាល។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស