29.3 C
Phnom Penh

តុលាការ​អនុញ្ញាត​ឲ្យ​លោក ប៉ូឡុនស្គី​ បន្តស្នាក់នៅ​លើ​កោះ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​យល់ស្រប​នឹង​សេចក្តី​ជូនដំណឹង ដែល​បង្គាប់​ឲ្យ​មហាសេដ្ឋី​រុស្ស៊ី​ដែល​រត់​គេច​ខ្លួន លោក សេរហ្គេ ប៉ូឡុនស្គី ចេញពី​កោះ​ឯកជន​របស់​លោក​នៅ​ឯនាយ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ត្រឹម​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​នោះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ​នឹង​មិន​ចាត់​វិធាន​ការ​បន្ទាន់​ដេញ​លោក​ ប៉ូឡុនស្គី នោះ​ទេ។

សេចក្តី​ជូនដំណឹង ដែល​ជំរុញ​​ឲ្យ​មាន​ការ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​កាលពី​ខែ​មិថុនា ដែល​ចេញ​ដោយ​តុលាការ​ខេត្ត តម្រូវ​ឲ្យ​លោក ប៉ូឡុនស្គី ចាកចេញ​ពី​កោះ ដែកគោល ដោយ​សំអាង​ហេតុផល​ថា កោះ​នេះ​ជា​កម្ម​សិទ្ធិ​របស់​លោក នីកូឡាយ ដូរ៉ូសេនកូ​ ដែល​ជា​គូ​ប្រជែង​របស់​លោក ប៉ូឡុនស្គី។ ប៉ូឡុនស្គី ត្រូវ​គេ​តាម​ចាប់​នៅ​ប្រទេស​រុស្ស៊ី​ពីបទ​កេង​បន្លំ​យក​ប្រាក់​រាប់​លាន​ដុល្លារ។

លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ជូន​សេចក្តី​ជូនដំណឹង​មួយ​មាន​ទាំង​កាល​កំណត់​ឲ្យ​លោក ប៉ូឡុនស្គី ចាកចេញ​ពី​កោះ​ដែកគោល​ដោយ​ស្ម័គ្រ​ចិត្ត។ ប៉ូឡុនស្គី​ កំពុង​រស់នៅ​លើ​កោះ​ដែកគោល​នៅ​ឡើយ ហើយ​យើង​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​អនុវត្ត​[ដីកា​សម្រេច​រក្សា​ការពារ]​ទេ”។

កាលពី​ថ្ងៃ​អង្គារ មេធាវី​ម្នាក់​របស់​លោក ដូរ៉ូសេនកូ ដែល​ជា​ម្ចាស់​រួមគ្នា​លើ​ទ្រព្យ​មួយ​ចំនួន​ជាមួយ​លោក ប៉ូឡុនស្គី បាន​និយាយ​ថា កូនក្តី​របស់​លោក​បាន​ជំរុញ​ឲ្យ​តុលាការ​អនុវត្ត​តាម​ដីកា​សម្រេច​រក្សា​ការពារ ដោយសារ​មាន​ជម្លោះ​មួយ​ចំនួន​នាពេល​ថ្មីៗ​នេះ​រវាង​អ្នក​ទាំង​ពីរ។ កាលពី​ដើមខែ​មុន លោក ដូរ៉ូសេនកូ បាន​ចោទ​លោក ប៉ូឡុនស្គី ថា​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​តប់​កូន​ប្រុស​របស់​គាត់ ឈ្មោះ អូស្តាប។ លោក ប៉ូឡុនស្គី បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ និង​បាន​ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍​តបវិញ។

សេចក្តីថ្លែង​មួយ​បង្ហោះ​តាម​ប្លុក​របស់​លោក ប៉ូឡុនស្គី បាន​ឲ្យ​ដឹង​ថា គាត់​មិន​បាន​ល្មើស​ច្បាប់​ទេ ហើយ​ការ​ដក​ស្រង់​សម្តី​មេធាវី​របស់​លោក គឺ​លោក បែន សុនសម័យ បាន​ឲ្យ​ដឹង​ថា កូនក្តី​របស់​លោក​នឹង​បន្ត​រស់នៅ​និង​ធ្វើ​ជំនួញ​លើ​កោះ​នេះ​ជា​ធម្មតា។

ទាក់ទង​បាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក នីកូឡាយ ដូរ៉ូសេនកូ បាន​និយាយ​ថា លោក​ភ្ញាក់​ផ្អើល​ដែល​លោក ប៉ូឡុនស្គី មិន​ទាន់​បាន​ចាកចេញ។​​លោក​បាន​និយាយ​ថា “ខ្ញុំ​ងឿង​ឆ្ងល់…​ហេតុអ្វី​ ប៉ូឡុនស្គី មិន​ទាន់​ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ។ វា​ប្រើ​ពេល​យូរ​ម៉្លេះ”។

អូស្តាប ដូរ៉ូសេនកូ បាន​និយាយ​ថា លោក​ខ្លាច​មាន​ការ​វាយ​ប្រហារ​​ទៀត​ពី​សំណាក់​លោក ប៉ូឡុនស្គី។​ លោក​បាន​និយាយ​ទៀត​ថា “គ្រួសារ​របស់​ខ្ញុំ​និង​រូប​ខ្ញុំ​ទៅ​ណា​ក៏​ជិះ​ក្នុង​រថយន្ត​ការពារ​គ្រាប់​ដែរ ពីព្រោះ​ខ្ញុំ​នៅ​បារម្ភ​ខ្លាច ប៉ូឡុនស្គី និង​បក្ខពួក​របស់​គាត់”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស