ការធ្វើតេស្តឈាមជាលើកទី៣នៅវិទ្យាស្ថានប៉ាស័្ទរក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋប្រហែល៩០នាក់មកពីឃុំរកាក្នុងខេត្តបាត់ដំបង ពិតជាផ្ទុកមេរោគអេដស៍មែន មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អំពីការផ្ទុះករណីផ្ទុកមេរោគអេដស៍យ៉ាងច្រើននេះថា សម្រាប់លោក “៩៩ភាគរយមិនជឿថាវាជាជំងឺអេដស៍”។
ការធ្វើតេស្តបឋមរកមេរោគអេដស៍នៅមណ្ឌលសុខភាពឃុំរកាក្នុងស្រុកសង្កែ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែធ្នូ បានបង្ហាញថា អ្នកភូមិប្រហែល១១០នាក់ក្នុងចំណោមអ្នកភូមិប្រហែល៨០០នាក់ដែលបានធ្វើតេស្ត មានផ្ទុកមេរោគអេដស៍ដោយក្នុងនោះរួមទាំងកុមារ១៩នាក់ផង។
ក្នុងចំណោមអ្នកភូមិ៩០នាក់ ដែលបានធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍នៅមណ្ឌលសុខភាពឃុំរកាគិតមកត្រឹមថ្ងៃអង្គារ៍ មាន៨៩នាក់បានបង្ហាញលទ្ធផលផ្ទុកមេរោគអេដស៍ជាថ្មីម្តងទៀតក្នុងការធ្វើតេស្តលើកទី២នៅមន្ទីរពេទ្យបង្អែកខេត្ត មុនពេលសំណាកវិភាគឈាមរបស់ពួកគេត្រូវបានបញ្ជូនមកកាន់វិទ្យាស្ថានបា៉ស្ទ័រដើម្បីធ្វើតេស្តជាលើកទី៣។
ពេលទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃសុក្រ វេជ្ជបណ្ឌិត ឌីឌីយេ ហ្វុងតង់នីល (Dr. Didier Fontenille) ប្រធានវិទ្យាស្ថានប៉ាស្ទ័របានមានប្រសាសន៍ថា បុគ្គលិកនៅវិទ្យាស្ថានវេជ្ជសាស្ត្រមិនស្វែងរកប្រាក់ចំណេញរបស់បារាំងមួយនេះ បានធ្វើការរហូតដល់យប់ថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការវិភាគសំណាកទាំងនោះ។
លោកបានមានប្រសាសន៍ទៀតថា “ជាអកុសល ខ្ញុំត្រូវបញ្ជាក់ថា សំណាកឈាមទាំងអស់ដែលក្រសួងសុខាភិបាលបានផ្តល់ឲ្យ គឺសុទ្ធតែវិជ្ជមាន។ ពួកគេមានផ្ទុកមេរោគអេដស៍។ កាលពីម្សិលមិញ យើងទទួលបានសំណាកឈាមប្រហែល៩០ ហើយបានបញ្ជាក់សំណាកទាំងអស់នោះហើយ ប៉ុន្តែ នៅថ្ងៃនេះ ឬថ្ងៃស្អែក យើងប្រហែលជាទទួលបានសំណាកបន្ថែមទៀត ហើយយើងនឹងធ្វើតេស្តដើម្បីទទួលបានព័ត៌មាន”។
លទ្ធផលនៃការធ្វើតេស្តលើកទី៣ដែលបង្ហាញថា មានផ្ទុកមេរោគអេដស៍នេះ បានកើតមានឡើង បន្ទាប់ពីលោក ហ៊ុន សែន មានប្រសាសន៍ថា លោកមិនសូវប្រាកដថា លទ្ធផលផ្ទុកមេរោគអេដស៍ជាច្រើនដែលបានបង្កការភ័យស្លន់ស្លោក្នុងចំណោមអ្នកភូមិ និងបណ្តាលឲ្យមានការសុើបអង្កេតយ៉ាងផុសផុលពីសំណាក់មន្ត្រីមូលដ្ឋាន និងអង្គការសុខភាពអន្តរជាតិនានានេះ គឺដោយសារឧបករណ៍ធ្វើតេស្តឈាមមានបញ្ហានោះទេ។
លោកបានមានប្រសាសន៍ថា “រឿងេនះសម្រាប់រូបខ្ញុំមកដល់ម៉ោងនេះ ៩៩ភាគរយខ្ញុំនៅតែមិនមានជំនឿថា រឿងនេះវាជារឿងអេដស៍។ ក្នុងចំណោមមនុស្ស៨០០នាក់ កើតអេដស៍១០៦នាក់ ងាប់បាត់ហើយ។បើយើងធ្វើតេស្តដោយប្រើមា៉សីុនទាំងនោះ ពាក់កណ្តាលក្នុងចំណោមពួកយើងមុខជាកើតអេដស៍។ ខ្ញុំនៅតែមិនជឿ ខ្ញុំមិនជឿទេ”។
នៅពេលស្នើសុំឲ្យផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពនេះ កាលពីថ្ងៃសុក្រ ទាំងលោក វឿង ប៊ុនរិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងលោក ប៊ី បេងសោ ប្រធានមណ្ឌលសុខភាពឃុំរកា សុទ្ធតែបដិសេធមិនឆ្លើយបំភ្លឺ។
លោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោម បានមានប្រសាសន៍ថា លោកក៏គ្មានព័ត៌មានបច្ចុប្បន្នភាពស្តីពីចំនួនអ្នកឆ្លងមេរោគអេដស៍ដែរ ខណៈពេលក្រុមរបស់លោកបានចំណាយពេលថ្ងៃសុក្រ ប្រមូលព័ត៌មានពីអ្នកភូមិដើម្បីកំណត់ប្រភពនៃមេរោគ។
លោកមានប្រសាសន៍ថា “ខ្ញុំមិនបានចុះទៅមណ្ឌលសុខភាពនោះទេ ខ្ញុំគ្រាន់តែចុះទៅតាមភូមិដើម្បីប្រមូលព័ត៌មានប៉ុណ្ណោះ”។ លោកបានមានប្រសាសន៍ទៀតថា បុគ្គលិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានធានាអះអាងចំពោះអ្នកភូមិដែលមានក្តីបារម្ភថា សេវាថែទាំនឹងផ្តល់ជូនអ្នកដែលត្រូវការវា។
រហូតមកទល់ពេលនេះ ការសើុបអង្កេតបានផ្តោតតែទៅលើលោក យ៉ែម ជ្រិន ជាគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលតែងតែព្យាបាលអ្នកភូមិ ដោយការចាក់ថ្នាំ និងបន្តោកសេរ៉ូមប៉ុណ្ណោះ។ អំឡុងពេលចុះឆែកឆេរផ្ទះរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ នគរបាលប្រមូលបានម្ជុលយ៉ាងហោចណាស់ចំនួន២០ នៅពេលពួកគេពិនិត្យមើលសំណល់ភ្នក់ភ្លើងដែលទើបតែដុតថ្មីៗនៅខាងក្រោយផ្ទះរបស់គាត់ និងដបថ្នាំទទេរាប់សិបដបទៀតមាននៅរាយប៉ាយជំុវិញផ្ទះរបស់គាត់។
លោក ចិត្ត វណ្ណី ស្នងការរងខេត្តបាត់ដំបងបានមានប្រសាសន៍ថា លោក យ៉ែម ជ្រិន ដែលត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំកាលពីថ្ងៃពុធ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់នគរបាលនៅឡើយគិតមកត្រឹមរសៀលថ្ងៃសុក្រ មួយផ្នែកដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ពីព្រោះអាជ្ញាធរព្រួយបារម្ភចំពោះប្រតិកម្មរបស់ក្រុមអ្នកភូមិ ដែលមានកំហឹង។
លោក ជេម ម៉ាកខេប (Jame McCarbe) ប្រធានប្រតិបត្តិការនៃអង្គភាពគាំពារកុមារ ជាអង្គភាពមួយរបស់នគរបាល ដែលទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិកុមារកម្ពុជា និងដែលកំពុងជួយដល់ការសើុបអង្កេតនេះ បានមានប្រសាសន៍ថា ពេលនេះវាឆាប់រហ័សពេកមិនអាចទម្លាក់កំហុសលើនរណាម្នាក់បានឡើយ។
លោកបានមានប្រសាសន៍ទៀតថា “វាមិនមែនជាការសើុបអង្កេតដែលឆាប់រហ័ស និងធ្វើបានភ្លាមៗនោះទេ។ វាត្រូវការការសើុបអង្កេតល្អិតល្អន់ថា តើអ្នកណា អ្វីជាអ្នកបង្ក នៅពេលណា និងមូលហេតុអ្វី ហើយនោះវាមានសារៈសំខាន់ណាស់ដើម្បីឲ្យករណីនេះកើតឡើងម្តងទៀត”៕សុខុម