31 C
Phnom Penh

រដ្ឋសភាអនុម័ត​​​ច្បាប់​​​ថ្មីសម្រាប់​​​គណបក្ស​​​ភាគ​​​តិច​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ រដ្ឋសភា​​​បានអនុម័ត​​​ជា​​​ឯកច្ឆន្ទ​​​នូវ​​​ច្បាប់​​​ថ្មី​​​​​​ដែល​​​នឹង​​​ទទួល​​​ស្គាល់​​​ប្រធានក្រុម​​​ភាគ​​​តិច​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ ដែល​​​មាន​​​សំឡេង​​លើស​​​២៥​​​ភាគ​​​រយ​​​នៃ​​​អាសនៈ​​​សភា និង​​​អនុញ្ញាត​​​ឲ្យគណបក្ស​​​ដែល​​​មាន​​​អាសនៈ​​​យ៉ាង​​​ហោច​​​ណាស់​​​៥ភាគ​​​រយ​​​បង្កើត​​​ក្រុម​​​ផ្លូវ​​​ការ​​​។cam-photo-front7

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​គេ​​​រំពឹង​​​ថា នឹង​​​ទទួល​​​យក​​​តួនាទី​​​ជា​​​ប្រធាន​​​ក្រុមភាគ​​​តិច​​​ដែល​​​ផ្តល់​​​​​​សិទ្ធិ​​​​​​ដល់​​​លោក​​​ស្មើ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ក្នុង​​​ការ​​​ពិភាក្សា​​​ពាក់​​​ព័ន្ធ​​​​​​បញ្ហា​​​បន្ទាន់​​​នានា​​​របស់​​​ជាតិ បាន​​​ថ្លែង​​​ទៅ​​​​​​កាន់​​​តំណាង​​​រាស្ត្រ​​​១០២​​​រូប​​​ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​សម័យប្រជុំ​​​សភា​​​​​​ពេញ​​​អង្គ​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​មាន​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ច្រើន​​​ជាង​​​មុន​​​។

មុន​​​ពេល​​​វិសោធនកម្ម​​​ទាំង​​​នេះត្រូវ​​​បាន​​​អនុម័ត​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ធ្វើ​​​វិសោធនកម្ម​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​នេះ​​​មាន​​​សារៈ​​​សំខាន់​​​ណាស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ពង្រឹង​​​​​​លទ្ធិប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​របស់​​​យើង​​​។ វា​​​ជា​​​ចំណាត់​​​ការ​​​មួយ​​​ ដើម្បី​​​ទទួល​​​ស្គាល់​​​គណបក្ស​​​មិនមែន​​​រដ្ឋាភិបាល​​​ ដែល​​​យើង​​​ធ្លាប់​​​តែ​​​ហៅ​​​ថា គណបក្ស​​​ប្រឆាំង​​​”។​​​​​​

កិច្ច​​​ព្រម​​​ព្រៀង​​​បឋម​​​ដើម្បីទទួល​​​ស្គាល់​​​គណបក្ស​​​ភាគ​​​តិច​​​រួម​​​ជាមួយប្រធាន​​​​​​ក្រុមភាគ​​​តិច​​​ជា​​​ផ្លូវ​​​ការ​​​​​​នេះ​​​ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​រវាង​​​លោក សម រង្ស៊ី និង​​​លោក ហ៊ុន សែន ដែល​​​គ្មាន​​​វត្ត​​​​​​មាន​​​នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​ពេញ​​​អង្គ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ អំឡុង​​​ជំនួប​​​លក្ខណៈ​​​ឯកជន​​​មួយ​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨ខែ​​​វិច្ឆិកា​​​។

ថ្លែង​​​តាម​​​ទូរស័ព្ទ​​​បន្ទាប់​​​ពី​​​សម័យ​​​ប្រជុំ​​​សភា​​​ពេញ​​​អង្គ​​​នេះ លោក សម រង្ស៊ី បាន​​​បដិសេធ​​​មិន​​​លើក​​​ឡើង​​​ថា តើ​​​លោក​​​រំពឹង​​​ថា​​​នឹង​​​​​​ក្លាយ​​​​​​ជា​​​ប្រធាន​​​​​​ក្រុម​​​ភាគ​​​តិច​​​ដំបូង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​ចាំ​​​បាច់​​​ត្រូវ​​​បំពេញ​​​គ្រប់​​​នីតិវិធី​​​ច្បាប់ ​​​មុន​​​នឹង​​​​​​យើង​​​តែង​​​តាំង​​​អ្នក​​​ណា​​​ម្នាក់​​​ឲ្យ​​​បំពេញ​​​តួ​​​នាទី​​​នេះ”។

ប៉ុន្តែ លោក សុន ឆ័យ​​​ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​តែង​​​តាំង​​​លោក សម រង្ស៊ី គឺ​​​ជា​​​រឿង​​​ច្បាស់​​​លាស់​​​​​​។ លោក​​​បាន​​​លើកឡើង​​​ថា “គ្មាន​​​មន្ទិល​​​សង្ស័យ​​​ទេ គឺ​​​លោក​​​ សម រង្ស៊ី នឹង​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ភាគ​​​តិច​​​”។

លោក​​​បាន​​​ថ្លែង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​មាន​​​សំឡេង​​​លើស​​​៥​​​ភាគ​​​រយ​​​នៃ​​​អាសនៈ​​​សភា​​​បង្កើត​​​ក្រុម​​​គណបក្ស​​​ បាន​​​រាប់​​​បញ្ចូល​​​បទប្បញ្ញត្តិ​​​ធានា​​​​​​ថា គណបក្ស​​​ទាំង​​​នោះ​​​នឹង​​​ទទួល​​​បាន​​​ថវិកា​​​ និង​​​បុគ្គលិក​​​ដើម្បី​​​បង្កើន​​​ឥទ្ធិពល​​​របស់​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​សភា​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ពេល​​​យើង​​​មាន​​​ក្រុម​​​គណបក្ស​​​ យើង​​​អាច​​​មាន​​​ថវិកា និង​​​មាន​​​ប្រព័ន្ធ​​​មួយ​​​សម្រាប់​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​គណបក្ស​​​ជួល​​​​​​​​​​​​​​​អ្នក​​​ជំនាញ​​​ និង​​​បុគ្គលិក​​​ឲ្យ​​​ធ្វើ​​​ការ​​​ប្រក​​​ប​​​ដោយ​​​វិជ្ជាជីវៈ​​​ជាង​​​មុន​​​”។

ប៉ុន្តែ លោក សុន ឆ័យ ដែល​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​ឲ្យ​​​បង្កើត​​​ប្រព័ន្ធ​​​សភា​​​បែប​​​អង់គ្លេ​ស​​​ដែល​​​មាន​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ស្រមោល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាប់​​​ថ្មី​​​ទាំង​​​នេះ​​​គ្រាន់​​​តែ​​​ជា​​​ជំហាន​​​វិជ្ជមាន​​​ដំបូង​​​ប៉ុណ្ណោះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ប្រព័ន្ធ​​​នេះ​​​ប្រហែល​​​មិន​​​មែន​​​បែប​​​នេះ​​​ទេ​​​។ យើង​​​គួរ​​​តែ​​​មាន​​​គណបក្ស​​​ប្រឆាំង​​​ ឬ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ស្រមោល​​​ ហើយ​​​មាន​​​ការ​​​កំណត់​​​ពេល​​​បែប​​​នេះ​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​សួរ​​​ទៅ​​​នាយក​​​រដ្ឋមន្ត្រី​​​។ ខ្ញុំ​​​គិត​​​ថា ការ​​​មាន​​​ច្បាប់​​​នេះ​​​និង​​​ការ​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​លាស់​​​នៅ​​​ក្នុង​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​របស់​​​យើង​​​ស្តី​​​ពី​​​តួ​​​នាទី​​​របស់​​​ប្រធាន​​​ក្រុម​​​ភាគ​​​តិច​​​ វា​​​អាច​​​បើក​​​ជំពូក​​​ថ្មី​​​មួយ​​​ វិធី​​​ថ្មី​​​មួយ​​​ដើម្បី​​​បង្កើត​​​បរិយាកាស​​​នយោបាយ​​​ល្អប្រសើរ​​​សម្រាប់​​​ប្រទេស​​​នេះ​​​”។

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​នៅ​​​មុន​​​ពេល​​​បោះ​​​ឆ្នោត​​​អនុម័ត​​​ លោក​​​ ប៉ែន បញ្ញា តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​បាន​​​ដឹក​​​នាំ​​​គណបក្ស​​​កាន់​​​អំណាច​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ដើម្បី​​​ធ្វើ​​​កំណែ​​​ទម្រង់​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​នៃ​​​រដ្ឋសភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បទប្បញ្ញត្តិ​​​ថ្មី​​​ទាំង​​​នេះ​​​មាន​​​សារៈសំខាន់​​​សម្រាប់​​​កែលម្អ​​​ការ​​​សន្ទនា​​​រវាង​​​អន្តរ​​​គណបក្ស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀ​​​ត​​​ថា ​​​”គោល​​​បំណង​​​កែ​​​លម្អ​​​រដ្ឋសភា​​​នៅ​​​ក្នុង​​​ការ​​​បំពេញ​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ និង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ទំហំ​​​ការ​​​ងារ​​​បច្ចុប្បន្ន​​​ និង​​​ដើម្បី​​​ពង្រឹង​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​​​​ វា​​​ជាការ​​​ចាំ​​​បាច់​​​​​​ក្នុង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ជំពូក​​​១២ និង​​​មាត្រា​​​៤៨​​​ថ្មី​​​នៃ​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​របស់​​​រដ្ឋ​​​សភា​​​”។

ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​អនុម័ត​​​ លោក កឹម​​​ សុខា អនុ​​​ប្រធានគណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​​​​ជា​​​អនុប្រធាន​​​​​​​រដ្ឋសភា​​​​​​ បាន​​​គូស​​​បញ្ជាក់​​​ថា ការ​​​ពិភាក្សា​​​រវាង​​​ប្រធាន​​​ក្រុម​​​ភាគ​​​តិច និង​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ មិន​​​អាច​​​ជំនួស​​​ការ​​​ជជែក​​​ដេញ​​​ដោល​​​នៅ​​​ក្នុង​​​អង្គ​​​នីតិ​​​ប្បញ្ញត្តិ​​​សភា​​​ដ​​​៏​​​សំខាន់​​​​​​របស់​​​ប្រទេស​​​នេះ​​​បាន​​​ឡើយ​​​។

​​​​​​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​មិន​​​មាន​​​ន័យ​​​ថា គ្រប់​​​តំណាង​​​រាស្ត្រ​​​ទាំង​​​អស់​​​នឹង​​​ប្រគល់​​​វាសនា​​​របស់​​​ខ្លួន​​​ទៅ​​​តំណាង​​​រាស្ត្រ​​​ដឹក​​​នាំ​​​របស់​​​គណបក្ស​​​ ឬ​​​ប្រធាន​​​ក្រុម​​​ភាគ​​​តិច​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​មាន​​​ន័យ​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​ទាំង​​​ពីរ​​​មាន​​​សិទ្ធិ​​​​​​គ្រប់​​​គ្រង​​​ទាំង​​​ស្រុង​​​ជុំ​​​វិញ​​​​​​សេចក្តី​​​សម្រេច​​​លើ​​​ជោគ​​​វាសនា​​​របស់​​​ប្រទេស​​​ជាតិ​​​ឡើយ​​​។ ខ្ញុំ​​​គិត​​​ថា ការ​​​សន្ទនា​​​បែ​​​ប​​​នេះ​​​នឹង​​​មិន​​​អាច​​​ចេញ​​​ច្បាប់​​​ ឬ​​​សេចក្តី​​​សម្រេច​​​ណា​​​មួយ​​​ជា​​​ផ្លូវ​​​ការ​​​បាន​​​ទេ​​​។ វា​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ពិភាក្សា​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​​​​ស្រាយ​​​សម្រាប់​​​យើង​​​សម្រប​​​សម្រួល​​​ និង​​​លើក​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ឲ្យ​​​រដ្ឋ​​​សភា​​​អនុម័ត​​​ប៉ុណ្ណោះ​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស