30 C
Phnom Penh

ក្រុម​ហ៊ុន​សិង្ហបុរី​លុប​ចោល​កិច្ច​ព្រមព្រៀង​ទិញ​ដី​នៅ​តំបន់​បឹង​កក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ស៊ូកាគូអុីន និង​ក្រុម​ហ៊ុន​ HLH Group របស់​សិង្ហបុរី​​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​គម្រោង​​ ដែល​ក្រុម​ហ៊ុន​ HLH Group ​នឹង​ទិញ​ដី​ទំហំ​១,៣៥​ហិកតា​ក្នុង​តម្លៃ​១៤,៩​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ស៊ូកាគូអុិន​​នៅ​តំបន់​បឹងកក់​ ជា​កន្លែង​ដែល​អ្នក​ភូមិ​ប្រមាណ​៣.០០០​គ្រូសារ​​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​​សិង្ហបុរី​កាលពី​ថ្ងៃ​ពុធ ក្រុម​ហ៊ុន​ HLH Group បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​ទិញ​ដែល​ខ្លួន​បាន​ប្រកាស​កាលពី​៦​ខែ​កន្លង​ទៅ​នេះ ត្រូវ​បាន​លុប​ចោល​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​ ជាក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​គ្រប់​គ្រង​ដោយ​លោក ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​​​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។

ក្រុម​ហ៊ុន​ HLH Group បាន​លើក​ឡើង​ដូច្នេះ​ថា “ក្រុម​ប្រឹក្សា​​ចង់ប្រកាស​ថា អ្នក​លក់​ និង​អ្នក​ទិញ​បាន​ព្រមព្រៀង​គ្នា​​បញ្ចប់​កិច្ច​ព្រមព្រៀង​​នៅ​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤​ ដើម្បី​បញ្ចប់​ [កិច្ច​ព្រមព្រៀង​ទិញ​លក់​]​ ដោយ​សារ​ហេតុផល​​ពាណិជ្ជកម្ម​ ដោយ​គ្មាន​ការ​ជំពាក់​បំណុល​ណាមួយ​ ឬក៏​រំលោភ​​លើ​​​ភាគី​ម្ខាង​ទៀត​ឡើយ​”។

សេចក្ដី​ប្រកាស​នេះ​មិន​បាន​ពន្យល់​បន្ថែម​ពីការ​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​ឡើយ ប៉ុន្តែ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន HLH Group នឹង​យក​ប្រាក់​កក់​ចំនួន​១,៤៦​លាន​ដុល្លារ​របស់​ខ្លួន​មក​វិញ។

ដោយ​មាន​ជំនួយ​ពី​សាលា​រាជ​ធានី​ ក្រុម​ហ៊ុន​ស៊ូកាគូអុីន​​បាន​បណ្ដេញ​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​​​​ដោយ​ខុស​ច្បាប់​កាលពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​​បាន​លើក​ឡើង​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អចលនទ្រព្យ​ទំនើបៗ​នៅ​ក្នុង​តំបន់​បឹង​កក់ ដែល​នឹង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​១២០​ហិកតា​។

ក្រុម​ហ៊ុន​ HLH Group បាន​អះអាង​ថា​ ខ្លួន​មិន​ដឹង​អំពី​ការ​បណ្ដេញ​ចេញ​នេះ​​ទេ​ នៅ​ពេល​ក្រុម​ហ៊ុន​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ទិញ​កាលពី​ខែ​មិថុនា ហើយ​មិន​បាន​ឆ្លើយ​តប​​ទៅ​នឹង​សំណើ​សុំធ្វើ​ការ​អត្ថាធិប្បាយ​ឡើយ​​កាលពី​ម្សិលមិញ រីឯ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​ក៏​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ដែរ​។

ទោះ​ជាយ៉ាង​ណា កាលពី​ដើម​ខែ​នេះ លោកស្រី អាមូ ពីឡៃ អ្នក​នាំពាក្យ​របស់​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​​បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​ទំនង​ជា​មិន​ដំណើរ​ការ​ទៅ​មុខ​ទេ ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​​ដែល​មិន​ជាក់​លាក់​មួយ​នៅ​ភាគី​ខាង​ក្រុម​ហ៊ុន​ HLH Group។ នៅ​ពេល​នោះ ក្រុម​ហ៊ុន​ HLH Group បាន​ឆ្លើយ​តប​ថា ប្រាក់​មិន​មែន​ជា​បញ្ហា​នោះ​ទេ។

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​មិន​ត្រូវ​បាន​លុប​ចោល​ទេ​នោះ​ ​ក្រុម​ហ៊ុន​ HLH Group ​នឹង​ជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទិញ​​ដី​មួយ​ផ្នែក​នៅ​ក្នុង​តំបន់​នេះ​ ដែល​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ​។

​ថ្វីបើ​ក្រុម​ហ៊ុន​ HLH Group ដើរ​ចេញ​ក៏​ដោយ តែ​លោកស្រី ពីឡៃ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ស៊ូកាគូអុីន​នៅ​តែ​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​ខ្លួន​ឯង​​ជាមួយ​នឹង​គម្រោង​​រៀបចំ​​ប្រព័ន្ធ​លូ​នៅ​តំបន់​នេះ ហើយ​នឹង​សាង​សង់​អគារ​ការិយាល័យ​កម្ពស់​ប្រាំជាន់​មួយ ដែល​អាច​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​។

ក្រុម​ហ៊ុន​ស៊ូកាគូអុីន​បាន​លើក​ឡើង​ថា សាលា​រាជ​ធានី​ក៏​បាន​អនុម័ត​ផែន​ការ​មេមួយ​សម្រាប់​តំបន់​ដែល​មាន​ទំហំ​ប្រហែល​១២០​ហិកតា​នេះ​ផង​ដែរ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​បាន​បដិសេធ​មិន​បញ្ចេញ​ច្បាប់​ចម្លង​នៃ​ផែន​ការ​មេ​នេះ​ឡើយ​៕ ស៊ុយឈាង​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស