38 C
Phnom Penh

គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​សារភាព​ថា ពិត​ជា​បាន​ប្រើ​ប្រាស់​សឺរ៉ាង​ដោយ​ធ្វេសប្រហែស​មែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​ឲ្យ​​មេរោគ​អេដស៍​​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ជាង​១០០​នាក់​ នៅ​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង បាន​សារភាព​​ថា ពិត​ជា​បាន​ប្រើ​សឺរ៉ាង​ឡើង​វិញ​ដដែលៗ​​មែន ហើយ​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សម្រាប់​ការ​សាកសួរ​កាលពី​ម្សិលមិញ។aids-folo

ការ​ធ្វើ​តេស្ត​បឋម​រក​មេរោគ​អេដស៍​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ នៅមណ្ឌល​សុខភាព​ឃុំរកា ក្នុង​ស្រុក​សង្កែ បន្ទាប់ពី​បុរស​វ័យ​ចំណាស់​អាយុ​​៧៤​ឆ្នាំ​ម្នាក់ ជាមួយ​នឹងចៅ​ស្រី​និង​កូនប្រសា​ប្រុស​របស់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​ថា មាន​​ផ្ទុក​មេរោគ​អេដស៍​នេះ​កាលពី​ចុង​ខែ​វិច្ឆិកា។

បុរស​វ័យ​ចំណាស់​រូប​នេះ​​បាន​បន្ទោស​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ប្រចាំ​ភូមិ​ ដែល​​​​តែង​តែ​​ព្យាបាល​គាត់​ថា ជា​អ្នក​ធ្វើ​ឲ្យ​គាត់​ឆ្លង​មេរោគ​អេដស៍​នេះ ហើយ​គាត់​បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​រូប​នេះ​ធ្លាប់​ព្យាបាល​ឲ្យ​ទៅ​ធ្វើ​តេស្ត​ដែរ​។

យោង​តាម​លោក ឌីឌីយេ ហ្វុង​តង់​នីល (Didier Fontenille) ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ភូមិ​ជិត​១១០​នាក់​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​នៅ​មណ្ឌល​សុខភាព​ឃុំ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នោះ មាន​៩០​នាក់​​ត្រូវ​បាន​បញ្ជាក់​​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នេះ បន្ទាប់ពី​ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ។

គេ​មិន​អាច​ទាក់​ទង​​លោក​វេជ្ជបណ្ឌិត ហ្វុង​តង់នីល ​បាន​ទេ​កាលពី​ម្សិលមិញ។

លោក សេង លុច នាយរង​​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​សាកសួរ​លោក យ៉ែម ជ្រិន ចាប់​តាំង​ពី​នគរ​បាល​បាន​ឃាត់​ខ្លួន​គាត់​កាលពី​ថ្ងៃ​ពុធ​មក បាន​លើក​ឡើង​ថា លោក យ៉ែម ជ្រិន បាន​សារភាព​ថា ពិត​ជា​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រើ​ប្រាស់​សឺរ៉ាង​របស់​គាត់​មែន​។ លោក​បាន​មាន​ប្រសាសន៍​ថា “យោង​តាម​ចម្លើយ​របស់​គាត់​ គាត់​បាន​ប្រើ​សឺរ៉ាង​ដដែលៗ។ គាត់​ប្រើ​សឺរ៉ាង​តែ​មួយ​សម្រាប់​មនុស្ស​ពីរ​ឬបី​នាក់​”។

លោក សេង លុច បាន​លើក​ឡើង​ទៀត​ថា លោក យ៉ែម ជ្រិន ប្រហែល​ជា​​ប្រើ​​សឺរ៉ាង​តែ​មួយ​​​​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា ដែល​រួម​មាន​ដូច​ជា ការ​បូម​ឈាម ឬក៏​ការ​ចាក់​ថ្នាំ​ជា​ដើម​។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ [លោក យ៉ែម ជ្រិន] បាន​និយាយ​ថា គាត់​បាន​ផ្លាស់​ប្ដូរ​ម្ជុល​ដែរ​ ប៉ុន្តែ​ជួនកាល​គាត់​មិន​ប្ដូរ​សឺរ៉ាង​ទេ”។ លោក​បាន​បន្ថែម​ថា “គេ​បាន​ធ្វើ​​តេស្ត​ឈាម​លោក​ យ៉ែម ជ្រិន ពីរ​ឬបី​ដង​រួច​ហើយ ប៉ុន្តែ​រក​ឃើញ​ថា លោក​គ្មាន​ផ្ទុក​មេរោគ​អេដស៍ទេ។

លោក សេង លុច បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​បាន​ចោទ​ប្រកាន់​គាត់​ថា បាន​ធ្វើ​ឲ្យ​មេរោគ​អេដស៍​នេះ​ឆ្លង​រាល​ដាល​​ដល់​អ្នក​ភូមិ​ក្នុង​ឃុំ​រកា។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ [កាលពី​ម្សិលមិញ​] ក្នុង​នាម​ជា​ជន​សង្ស័យ​ធម្មតា​សិន ហើយ​បន្ទាប់ពី​ត្រូវ​បាន​សាក​សួរ​រួច​​គាត់​នឹង​ត្រូវ​បញ្ជូន​ទៅពន្ធនាគារ​”។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក នួន សាន ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត​​បាន​បង្វែរ​សំណួរ​នេះ​ទៅ​លោក ហេង លុយ ​ដែល​ជា​អនុប្រធាន​របស់​លោក​ និង​ដែល​លោក​បាន​លើក​ឡើង​ថា ជា​អ្នក​ចាប់​ផ្ដើម​ការ​សាកសួរ​លោក យ៉ែម ជ្រិន កាលពី​ម្សិលមិញ។

លោក ហេង លុយ បាន​លើក​ឡើង​ថា លោក​​ “រវល់” ហើយ​មិន​អាច​ពិភាក្សា​ពី​ករណី​នេះ​បាន​ទេ ប៉ុន្តែ​លោក ស ថេត ស្នង​ការ​នគរ​បាល​ខេត្ត​បាន​លើក​ឡើង​ថា តុលាការ​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​លោក យ៉ែម ជ្រិន​ នៅ​ឡើយ​ទេ​។

លោក​ ស ថេត បាន​មាន​ប្រសាសន៍​ថា “គាត់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​វិញ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​បន្ត​ការ​សាកសួរ​”។

លោក បេង សោ ប្រធាន​មណ្ឌល​សុខភាព​ឃុំរកា​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ក្មេងៗ​ អ្នក​ភូមិ​ដែល​មាន​វ័យ​ចំណាស់ និង​ព្រះសង្ឃ​ពីរ​អង្គ​ គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាង​១០០​នាក់​ ដែល​​​ត្រូវ​បាន​ធ្វើ​តេស្ត​​​នៅ​​មណ្ឌល​សុខភាព​របស់​លោក​រក​ឃើញ​ថា មាន​ឆ្លង​មេរោគ​អេដស៍។

លោក ម៉ាសាមិ ហ្វូជីតាក់ (Masami Fujita) ប្រធាន​ក្រុម​ការ​ងារ​ទទួល​បន្ទុក​មេរោគ​អេដស៍​នៅ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​កំពុង​​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ករណី​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​នេះ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា វា​អាច​​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​តាម​រយៈ​ឧបករណ៍​ពេទ្យ​ ដែល​គ្មាន​ការ​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​។

លោក​វេជ្ជបណ្ឌិត ហ្វូជីតាក់ បាន​មាន​ប្រសាសន៍​ថា “តាម​វិទ្យាសាស្ត្រ​​​ មេរោគ​នេះ​អាច​រស់​រាន​មាន​ជីវិត​បាន​នៅ​ខាង​ក្រៅ​ខ្លួន​មនុស្ស​​ក្នុង​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ ឬ​ជា​ច្រើន​សប្ដាហ៍​ប្រសិន​បើ​​​វា​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​​អំណោយ​ផល​ណាមួយ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” ឧបករណ៍​ពេទ្យ​ដែល​គ្មាន​ការ​​​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ​អាច​ជា​​ការ​បង្ក​ហេតុ​នៅ​ក្នុង​ករណី​នេះ”។

លោក​បាន​បន្ថែម​ថា មេរោគ​អេដស៍​នេះ​ទំនង​ជា​អាច​រស់​រាន​នៅ​ខាង​ក្រៅ​ខ្លួន​មនុស្ស​បាន​​ ប្រសិន​បើ​វា​ត្រូវ​បាន​ផ្ទុក​​នៅ​កន្លែង​មួយ​​ដោយ​មិន​ត្រូវ​ខ្យល់​ ដូច​ជា​នៅ​ក្នុង​សឺរ៉ាង​ជា​ដើម​៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស