34 C
Phnom Penh

លោក ហ៊ុន សែន និង​​​លោក​​​ ប្រាយុទ្ធ​​​ ចាន់​​​អូចា ពិភាក្សា​​​គ្នា​​​នៅ​​​ក្រៅ​​​កិច្ច​​​ប្រជុំ​​​កំពូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ជំនួយ​ការ​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ប្រាយុទ្ធ ចាន់អូចា សម​​​ភាគី​​ជនជាតិ​ថៃ​របស់​លោក​​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​​កិច្ច​ប្រជុំ​កំពូល​មហា​​​អនុតំបន់​មេគង្គ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​រួម​ទាំង​ពលករ​ចំណាក​ស្រុក​ និង​ពាណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំដែន​​​។

​យោង​តាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន និង​ឧត្ដម​សេនីយ៍ ​ប្រាយុទ្ធ បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​តាម​ព្រំដែន​ ការ​បើក​​ច្រក​ព្រំដែន​ថ្មី​ចំនួន​ពីរ​ និង​ការ​ផ្ដល់​ឋានៈ​ស្រប​ច្បាប់​ដល់​ប្រជា​ជន​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ការ​​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ​។

ថ្លែង​ទៅ​កាន់​អ្នក​យក​​​ព័ត៌មាន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​លោក​ ហ៊ុន សែន ត្រឡប់​មក​ដល់​ប្រទេស​វិញ​កាលពី​ថ្ងៃ​សៅរ៍ លោក កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​​​​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​បញ្ជូន​មន្ត្រី​មួយ​ក្រុម​​ ដើម្បី​​​ផ្ដល់​ឯកសារ​ត្រឹម​ត្រូវ​ដល់​ពលករ​ខ្មែរ​ជាង​៦០០.០០០​នាក់​ ដែល​កំពុង​​​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​​​ឃើញ​ថា ភាគី​ថៃ​ស្វាគមន៍​​ក្រុម​ការ​ងារ​របស់​យើង ដែល​នឹង​ផ្ដល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​ចំណាក​ស្រុក​របស់​យើង ដើម្បី​ការ​ពារ​ពួកគេ​។ លោក​នាយក​រដ្ឋមន្ត្រី​របស់​យើង​កំពុង​​ស្វះស្វែង…​ផ្ដល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​ខ្មែរ​​​ចំណាក​ស្រុក”។

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ឧត្ដម​សេនីយ៍​ ប្រាយុទ្ធ ដែល​បាន​​គ្រប់​គ្រង​ប្រទេស​ថៃ​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​​​ពី​ខែ​ឧសភា អនុញ្ញាត​​ឲ្យ​អ្នក​ជំនាញ​កម្ពុជា ពិនិត្យ​វត្ថុ​បុរាណ​​មាន​តម្លៃ រួម​មាន​វត្ថុបុរាណ​ខ្មែរ​មួយ​ចំនួន​ដែល​​រឹប​អូស​បាន​ពី​​លោក ពុងប៉ាត ឆាយ៉ាផាន (Pongpat Chayaphan)អតីត​ប្រធាន​ការិយាល័យ​ស៊ើប​​​អង្កេត​​​កណ្តាល​​​​​​របស់​នគរ​បាល​ថៃ​។

លោក កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​កាត់​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​” ដែល​​​តម្រូវ​ឲ្យ​បង្ហាញ​ថា វត្ថុ​បុរាណ​​​ទាំងនោះ​ត្រូវ​បាន​យក​​​ដោយ​​​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​”។

នៅ​កិច្ច​ប្រជុំ​កំពូល​នោះ​ផង​ដែរ ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​ជា​​​ទឹក​ប្រាក់​ជាង​៣​​​ពាន់​​​លាន​ដុល្លារ​​ដល់​ប្រទេស​មហា​​​អនុ​​​តំបន់​មេគង្គ​ទាំង​ប្រាំ​មាន កម្ពុជា ថៃ វៀតណាម ឡាវ និង​​​ភូមា ដែល​ភាគ​​​ច្រើ​ន​​​សំដៅ​ស្ថាបនា​ផ្លូវ​ ស្ពាន និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដទៃ​ទៀត​។

លោក ចេង ហុងបូ អ្នក​នាំ​​​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា មិន​​មាន​​​ព័ត៌មាន​លម្អិត​​អំពី​ការ​​​បែងចែក​​​កញ្ចប់​ថវិកា​​ជំនួយ​ថ្មី​ដូច​​​ម្តេច​​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​គិត​ថា យើង​មិន​​​មាន​ផែន​ការ​ជាក់​លាក់​សម្រាប់​ប្រទេស​នៅ​​​ឡើយ​​​ទេ ក្រៅ​​​​​​ពី​​​កញ្ចប់​​​ថវិកា​​​សម្រាប់​​​មហា​​​អនុ​​​តំបន់​មេគង្គ​តែ​ប៉ុណ្ណោះ”៕ សារុន​ (រាយការណ៍​បន្ថែម​ដោយ George Sryllis)​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស