អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អ្នកអូសរទេះជាង១០០នាក់ ដែលដឹកទំនិញចេញចូលច្រកព្រំដែនកម្ពុជាថៃ បាននាំគ្នាតវ៉ានៅក្នុងក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ដោយអះអាងថា មន្ត្រីគយបានដំឡើងថ្លៃដឹកទំនិញចេញចូលដែលមិនផ្លូវការទ្វេដងក្នុងពេលថ្មីៗនេះ។
លោក សែម មករា នាយរងប៉ុស្តិ៍នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានលើកឡើងថា បញ្ហានេះបានកើតឡើងកាលពីសប្ដាហ៍មុន នៅពេលមន្ត្រីគយបានផ្លាស់ទីតាំងទៅច្រកព្រំដែនថ្មីដែលស្ថិតនៅក្បែរផ្សាររ៉ា និងដែលមានចម្ងាយកាន់តែឆ្ងាយពីព្រំដែន ហើយបានដំឡើងថ្លៃដឹកទំនិញចេញចូលដែលពួកគេបានទារពីអ្នកអូសរទេះភ្លាមៗ ។ លោកបានមានប្រសាសន៍ថា “អ្នកអូសរទេះចង់ឲ្យមន្ត្រីគយធ្វើដូចមុន”។
ការតវ៉ាប្រហែលបីម៉ោងបានបញ្ចប់បន្ទាប់ពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានចរចាឲ្យមានកិច្ចព្រមព្រៀងមួយដែលនឹងធានាថា មន្ត្រីគយមិនទារថ្លៃដឹកទំនិញចេញចូលណាមួយពីអ្នកអូសរទេះ ប៉ុន្តែត្រូវយកពន្ធដែលអាជីវករ ឬក្រុមហ៊ុនត្រូវបង់ដើម្បីដឹកទំនិញឆ្លងកាត់ព្រំដែន។
លោក ម៉េងជ្រួន បានមានប្រសាសន៍ថា “យើងបានស្នើមន្ត្រីគយនៅព្រំដែនឲ្យឈប់យកប្រាក់ពីអ្នកអូសរទេះ ដែលខំប្រឹងរកប្រាក់សម្រាប់គ្រួសាររបស់ពួកគេ”៕ ស៊ុយឈាង