អ្នកស្រី យ៉ោម បុប្ផា សកម្មជនប្រឆាំងការបណ្ដេញពីដីធ្លីដ៏ល្បីឈ្មោះម្នាក់ និងលោក រៀល ខេមរិន្ទ្រ សមាជិកសភាគណបក្សប្រឆាំងបានប្រកាសពីគម្រោងរៀបការរបស់ខ្លួននៅឆ្នាំក្រោយនៅពិធីភ្ជាប់ពាក្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។

អ្នកស្រី យ៉ោម បុប្ផា អាយុ៣៤ឆ្នាំបាននិយាយកាលពីម្សិលមិញថា “យើងមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅខែមេសា”។ អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនដ៏លេចធ្លោបំផុតដែលមកពីសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញ។
អ្នកស្រីត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១២ តាមការចោទប្រកាន់ទាក់ទងការបង្ករបួសស្នាម ដែលអ្នកស្រី និងក្រុមសិទ្ធិមនុស្សអះអាងថា ត្រូវបានប្រឌិតដើម្បីដាក់ទោសអ្នកស្រីដោយសារសកម្មភាពរបស់អ្នកស្រី ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែវិច្ឆិកា ឆ្នាំ២០១៣។ បន្ទាប់ពីត្រូវដោះលែង អ្នកស្រីបានលែងលះជាមួយប្ដីអ្នកស្រីពីព្រោះប្ដីអ្នកស្រីចង់ឲ្យអ្នកស្រីឈប់ធ្វើការតវ៉ា។
លោក រៀល ខេមរិន្ទ្រ អាយុ៥៦ឆ្នាំ ដែលក៏បានចូលរួមក្នុងការតវ៉ាដ៏ច្រើនរបស់គណបក្សប្រឆាំង ជំទាស់នឹងគោលនយោបាយរបស់រដ្ឋាភិបាលដែរនោះ ហើយលោកត្រូវបានចាប់ឃុំខ្លួនរយៈពេលប៉ុន្មានថ្ងៃកាលពីខែកក្កដា ចំពោះការចូលរួមការតវ៉ាកាលពីពេលថ្មីៗនៅក្នុងរាជធានីភ្នំពេញ ដែលបានប្រែក្លាយជាហិង្សា។
អ្នកស្រី យ៉ោម បុប្ផា បាននិយាយថា អ្នកស្រីទទួលយកសំណើរបស់លោក រៀល ខេមរិន្ទ្រ ពីព្រោះសកម្មភាពរួមរបស់ពួកគាត់ និងជំនឿលើបុព្វហេតុដូចគ្នា។ អ្នកស្រីបាននិយាយថា “លោក រៀល ខេមរិន្ទ្រ ជួយប្រជាជន និងសង្គម…។ គាត់មានចិត្តដូចខ្ញុំអ៊ីចឹង ដូច្នេះខ្ញុំបានទទួលយកគាត់”។
លោក រៀល ខេមរិន្ទ្រ បានមានប្រសាសន៍ថា លោកបានជួបអ្នកស្រី យ៉ោម បុប្ផា ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអ្នកស្រីត្រូវបានដោះលែងពីពន្ធនាគារនៅកន្លែងធ្វើបាតុកម្មមួយចំនួន។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានសម្លឹងមើលគាត់ ហើយនៅពេលណាក៏ដោយដែលយើងជួបគ្នា យើងតែងតែនិយាយសួស្ដីដាក់គ្នា។ ខ្ញុំយកគាត់ធ្វើជាប្រពន្ធ ពីព្រោះគាត់មានបំណងដូចខ្ញុំ ដើម្បីជួយសង្គម ហើយគាត់មិនក្រអឺតក្រទម តែក្លាហាន និងរឹងមាំ”៕ សារុន