លោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលកំពុងស្ថិតក្រោមការតាមចាប់ខ្លួនតាមការចោទប្រកាន់ពីបទរៀបចំការធ្វើឃាតពាណិជ្ជករដ៏សំខាន់ម្នាក់នៅក្នុងរាជធានីភ្នំពេញកាលពីខែមុននោះ ឥឡូវនេះទទួលបានមេធាវីការពារ។
លោក គា អ៊ាវ មេធាវីការពារបានមានប្រសាសន៍កាលពីម្សិលមិញថា លោកក៏នឹងតំណាងឲ្យអង្គរក្សបួននាក់របស់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែរដែលកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្នតាមការចោទប្រកាន់ពីបទសម្លាប់លោក អុឹង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex ដែលត្រូវបានបាញ់ប្រាំមួយគ្រាប់នៅក្រៅហាងលក់ផ្លែឈើមួយកាលពីថ្ងៃទី២២ ខែកញ្ញា។
នៅក្នុងរូបភាពវីដេអូដែលបានបង្ហោះតាមយូធូបកាលពីថ្ងៃសុក្រ ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលស្ថិតក្នុងបញ្ជីរបស់នគរបាលអាំងទែប៉ូលជាឧក្រិដ្ឋជនដែលកំពុងតាមរកចាប់ខ្លួនកាលពីសប្ដាហ៍មុននោះ បានអះអាងពីភាពគ្មានទោសរបស់ខ្លួន ហើយបានសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍។
កាលពីម្សិលមិញ លោក គា អ៊ាវ បានមានប្រសាសន៍ថា ម្ដាយរបស់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលកំពុងជាប់ពន្ធនាគារជាមួយប្ដីរបស់ខ្លួនតាមការចោទប្រកាន់ពីបទមានអាវុធខុសច្បាប់ បន្ទាប់ពីការចាប់ខ្លួនអំឡុងការឆ្មក់ចូលរបស់នគរបាលទៅលើភូមិគ្រឹះមួយចំនួនរបស់ឧត្ដមសេនីយ៍រូបនេះកាលពីថ្ងៃទី៣ ខែធ្នូ ហើយបានសុំឲ្យលោកការពារកូនប្រុសរបស់គាត់។
លោកបានមានប្រសាសន៍ថា “កាលពីថ្ងៃទី១៨ ខែធ្នូ ម្ដាយរបស់គាត់បានសុំឲ្យខ្ញុំជួយការពារគាត់។ ខ្ញុំបានទៅពន្ធនាគារដើម្បីជួបអ្នកស្រី។ ខ្ញុំបានដាក់ពាក្យដើម្បីការពារគាត់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែធ្នូ”។
លោក គា អា៊វ បានបន្ថែមថា លោកក៏បានការពារក្ដីឲ្យអង្គរក្សទាំងបួននាក់ផងដែរ បន្ទាប់ពីមានការបណ្ដេញលោក ចុង អ៊ាវហេង មេធាវីដំបូងរបស់ពួកគេនៅថ្ងៃដែលអង្គរក្សទាំងនេះត្រូវបានចោទប្រកាន់នោះ បានមានប្រសាសន៍ថា គ្មានអ្វីដែលលោកអាចជួយពួកគេបានទេ ពីព្រោះពួកគេបានសារភាពប្រាប់នគរបាលអស់ទៅហើយ។
លោក គា អា៊វ បានមានប្រសាសន៍កាលពីម្សិលមិញថា “មានការសារភាពពីអង្គរក្សម្នាក់ ឬពីរនាក់ ប៉ុន្តែតាមច្បាប់វាត្រូវស៊ីគ្នានឹងភ័ស្តុតាង។ បច្ចុប្បន្ននេះគ្មានភ័ស្តុតាងដើម្បីដាក់បន្ទុកលើពួកគេឡើយ”។ លោកបានមានប្រសាសន៍ថា លោកមិនបាននិយាយទៅកាន់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ទេ ហើយលោកក៏មិនដឹងពីកន្លែងលាក់ខ្លួនរបស់គាត់ដែរ។
លោក ចុង អ៊ាវហេង ដែលជាមេធាវីដំបូងរបស់អង្គរក្សទាំងនេះបានមានប្រសាសន៍ថា គេឲ្យលោកឈប់ ពីព្រោះអង្គរក្សទាំងបួននាក់នេះមិនចុះសម្រុងជាមួយលោក។ លោកបានមានប្រសាសន៍ថា “ជនសង្ស័យទាំងបួននាក់នេះបានសុំឲ្យបណ្ដេញខ្ញុំចេញ ពីព្រោះពួកគេមិនពេញចិត្តខ្ញុំ”៕ សារុន