កាលពីម្សិលមិញ ទាហាននិងមន្ត្រីរដ្ឋាភិបាលក្នុងខេត្តកោះកុងបានបញ្ជាក់ពីព័ត៌មានថា បុគ្គលិកក្រុមហ៊ុនឯកជនមួយទៅកាន់តំបន់នោះដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានទាក់ទងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលត្រូវបានជំទាស់ដោយក្រុមអ្នកភូមិ ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធព័ត៌មាននេះ។
ក្រុមហ៊ុន Synohydro Resources របស់ចិនបានជួលក្រុមហ៊ុន Sawac ជាក្រុមហ៊ុនពិគ្រោះយោបល់ឲ្យសិក្សាអំពីផលប៉ះពាល់បរិស្ថាននៃគម្រោងសាងសង់ទំនប់អគ្គិសនីស្ទឹងឆាយអារ៉ែង ដែលនឹងធ្វើឲ្យជន់លិចផ្ទៃដីរាប់ពាន់ហិកតានៃជ្រលងអារ៉ែង ជម្រកសត្វព្រៃមួយចំនួនដែលជិតផុតពូជ ហើយជនជាតិដើមភាគតិចជងរាប់រយគ្រួសារនឹងត្រូវផ្លាស់ទីលំនៅ។
កាលពីម្សិលមិញ លោក កែវ នីបូរ៉ា អភិបាលរងស្រុកថ្មបាំងបានបញ្ជាក់ពីរព័ត៌មានរបស់អ្នកភូមិមូលដ្ឋានថា ក្រុមហ៊ុននេះបានស្ថិតក្នុងតំបន់នោះ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន Sawac មកសិក្សាអំពីផលប៉ះពាល់សង្គម និងជីវចម្រុះនៅក្នុងស្រុកនេះកាលពីថ្ងៃទី២៨ ឬ២៩ខែមុន”។ លោកបានបន្ថែមថា បុគ្គលិករបស់ក្រុមហ៊ុននេះបានស្ថិតនៅក្នុងតំបន់នោះដដែល។ មនុស្សប្រាំមួយនាក់មកពីក្រុមហ៊ុននេះ បានទៅកាន់តំបន់នោះ។
ឧត្ដមសេនីយ៍ត្រី យ៉ុន មិន មេបញ្ជាការកងយោពលខេមរភូមិន្ទខេត្តបានបញ្ជាក់ថា ក្រុមនេះបានមកធ្វើការសិក្សា ហើយថា មន្ត្រីរបស់លោកមួយចំនួនបានចុះទៅជាមួយពួកគេ។ លោកបានមានប្រសាសន៍ថា “ទាហានខេត្តរបស់យើង១០នាក់បានទៅជាមួយពួកគេ ធ្វើដើម្បីធ្វើការសិក្សានៅក្នុងស្រុកថ្មបាំងអំពីទំនប់វារីអគ្គិសនីនេះ។ នៅពេលក្រុមហ៊ុនបញ្ចប់ការសិក្សា យើងនឹងនាំពួកគេចេញវិញ”។
លោក ណេង វ៉ាន់ មេបញ្ជាការកងយោធពលខេមរភូមិន្ទស្រុកបានមានប្រសាសន៍ថា មន្ត្រីរបស់លោកប្រាំមួយនាក់ ចុះទៅជាមួយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានលើកឡើងថា ខ្លួនមិនទាន់បានធ្វើការសិក្សានៅឡើយទេ។
លោក អ៊ុំ សេរីវុធ ប្រធានក្រុមនៅក្រុមហ៊ុន Sawac ទទួលបន្ទុកគម្រោងនេះបានមានប្រសាសន៍ថា “យើងកំពុងរង់ចាំលោកអភិបាលខេត្ត” ប្រាប់ពួកគាត់ថា “តើពួកគាត់អាចចុះទៅនៅពេលណានោះ។ គាត់នឹងជូនដំណឹងពួកយើង”។
លោក សេរីវុធ បានមានប្រសាសន៍ថា លោកបានចំណាយពេល២សប្ដាហ៍ដំបូងក្នុងស្រុកនេះទៅលើគម្រោងដែលមិនទាក់ទងគ្នា ប៉ុន្តែលោកមិនដែលបានចូលទៅជ្រលងនោះទេ។
រដ្ឋាភិបាលបានអនុម័តយល់ព្រមសំណើរបស់ក្រុមហ៊ុន Synohydro ឲ្យក្រុមហ៊ុន Sawac ធ្វើការសិក្សាអំពីផលប៉ះពាល់ដោយសារគម្រោងនេះត្រឡប់មកវិញនៅខែមីនា ប៉ុន្តែក្រុមសកម្មជនបានជំទាស់ចំពោះគម្រោងនេះ ដោយធ្វើការបិទផ្លូវចូលទៅកាន់ជ្រលងនោះរយៈពេលជាច្រើនខែ រហូតដល់អាជ្ញាធរមូលដ្ឋានបំបែកការបិទផ្លូវនេះកាលពីខែកញ្ញា៕ សារុន