លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងកាលពីម្សិលមិញថា ដំណើរការធ្វើសេចក្ដីព្រាងថវិកាដែលត្រូវបានរិះគន់ជាយូរមកហើយរបស់ប្រទេសកម្ពុជានៅតែមានភាពមិនច្បាស់លាស់ ដោយសារខ្វះបច្ចេកវិទ្យាដែលនឹងធ្វើឲ្យក្រសួងរបស់លោកមានដំណើរការលឿន និងចែករំលែកព័ត៌មានបានទាន់ពេលវេលាដល់សាធារណជន។
ថ្លែងនៅក្នុងវេទិកាមួយស្ដីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យតម្លាភាពថវិកាមានភាពប្រសើរឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ព័ត៌មានលម្អិតនៃសេចក្ដីព្រាងថវិកាត្រូវបានចេញយឺតពេលជារៀងរាល់ឆ្នាំនោះ ដោយសារវាត្រូវការចំណាយពេលវេលាយូរពេកក្នុងការរៀបចំឯកសារ ហើយបង្ហោះវាលើគេហទំព័ររបស់ក្រសួង។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានមានប្រសាសន៍ថា ” បញ្ហាគឺនៅត្រង់ថា ព័ត៌មានត្រូវបានចេញយឺតនៅក្នុងគេហទំព័ររបស់យើង ព្រោះយើងខ្វះបច្ចេកវិទ្យាដើម្បីអភិវឌ្ឍរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែមានគណនេយ្យជាតិជាច្រើន ហើយយើងត្រូវការពេលវេលាបន្ថែម”។
ថវិកាចំនួន៣,៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៥ ត្រូវបានឆ្លងសភាកាលពីចុងខែវិច្ឆិកា ទោះបីជាសមាជិកសភាមកពីគណបក្សប្រឆាំងរិះគន់ថា ខ្វះសេចក្ដីលម្អិត ហើយទីបំផុតបានបោះឆ្នោតអនុប្បវាទក្ដី។
ទោះជាយ៉ាងណា លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងកាលពីម្សិលមិញថា ដោយចាប់ផ្ដើមពីឆ្នាំក្រោយទៅ រដ្ឋាភិបាលនឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដែលល្អប្រសើរ និងប្លង់គណនេយ្យថ្មី ដែលនឹងធ្វើឲ្យក្រសួងអាចបង្ហោះព័ត៌មានស្ដីពីថវិកានៅលើប្រព័ន្ធអុីនធើណិតបានទាន់ពេលវេលា។
លោកបានមានប្រសាសន៍ថា ” បច្ចេកវិទ្យានឹងជួយឲ្យអាចធ្វើដូច្នោះ ហេតុដូច្នេះ របាយការណ៍ហិរញ្ញវត្ថុត្រូវបានទទួលទាន់ពេលវេលា និងស្របតាមបទដ្ឋានអន្តរជាតិ ដែលមានន័យថា សាធារណជននឹងដឹងអំពីសេចក្ដីលម្អិតនៃថវិកា”។
ទោះបីជាក្រសួងខិតខំធ្វើកំណែទម្រង់ដំណើរការធ្វើសេចក្ដីព្រាងថវិកាក៏ដោយ ក៏លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៅរដ្ឋសភាបានលើកឡើងកាលពីម្សិលមិញថា លោកគ្មានសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរទេ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ” ខ្ញុំសង្ស័យថា វានឹងមិនកើតឡើងទេ។ ទាល់តែដំណើរការនេះមានការបើកចំហរច្រើនជាងមុន ហើយមានការផ្ដល់មតិយោបល់បន្ថែមពីមនុស្សគ្រប់លំដាប់ថ្នាក់នៅក្នុងសង្គម បើពុំដូច្នោះទេយើងនឹងនៅតែបន្តមានបញ្ហាថវិកាដដែល”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលចូលរួមក្នុងវេទិកាកាលពីម្សិលមិញបានលើកឡើងពេលបន្ទាប់មកថា ព្រឹត្តិការណ៍នេះគឺជា “ជំហានវិជ្ជមានដំបូង”។
លោកបានបន្ថែមថា ” ទោះជាយ៉ាងណាយើងគិតថា វានឹងមានការប្រសើរឡើង ប្រសិនបើការពិគ្រោះយោបល់ និងវេទិកាបែបនេះត្រូវបានធ្វើឡើងអំឡុងដំណើរការនៃការធ្វើសេចក្ដីព្រាងថវិកានោះ”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Chris Meuller)