30 C
Phnom Penh

សាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​បាត់​ដំបង​​បាន​ចោទ​ប្រកាន់​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ជាអ្នក​ធ្វើ​ឲ្យ​មេរោគ​អេដស៍​ឆ្លង​រាល​ដាល​ដល់​អ្នក​ភូមិ​ជាច្រើន​នាក់​នៅ​ក្នុង​ឃុំរកានោះ​ ពីបទ​មនុស្ស​ឃាត​ ដែល​អាច​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ ក៏ដូច​ជា​ការ​រំលោភ​ច្បាប់​សុខាភិបាល​ចំនួន​ពីរ​ទៀត​ផង​ដែរ​។

លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​ចាប់​ផ្ដើម​សាកសួរ​លោក យ៉ែម ជ្រិន នៅ​សាលា​ដំបូង​ខេត្ត​កាលពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ចោទ​ប្រកាន់​គាត់​កាលពី​ម្សិល​មិញ​តាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​គ្របដណ្ដប់​លើ​បទ​មនុស្ស​ឃាត​អម​ដោយ​​ទារុណ​កម្ម អំពើ​ព្រៃផ្សៃ ឬ​ចាប់​រំលោភ។

លោក​ ហេង លុយ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ចោទ​ប្រកាន់​គាត់​​ជា​បឋម​ ហើយ​បញ្ជូន​គាត់​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រាប់​ការ​សាកសួរ​បន្ថែម​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” យើង​សង្ស័យ​ថា គាត់​បាន​ធ្វើ​ឲ្យ​មេរោគ​អេដស៍​ឆ្លង​រាល​ដាល​ដល់​អ្នកភូមិ​ ហើយ​យើង​នឹង​បន្ត​ស៊ើបអង្កេត​បន្ត​ទៀត​។ យោង​តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ គាត់​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​”។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក យ៉ែម ជ្រិន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត លោក ហេង លុយ បាន​មាន​ប្រសាសន៍​ថា ” ហេតុ​ផល​នោះ គឺ​ពីព្រោះ​គាត់​គឺ​ជាគ្រូពេទ្យ​ ហេតុដូច្នេះ​គាត់​ដឹង​អំពី​ការ​ឆ្លង​នៃ​មេរោគ​អេដស៍។ កាលពី​ពេល​មុនៗ គាត់​បាន​ព្យាបាល​មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​អ្នក​ជំងឺ​ទាំង​នោះ​បាន​ស្លាប់​អស់​ហើយ”។

លោក​បាន​បដិសេធ​មិន​រៀបរាប់​​ពី​ហេតុ​ផល​របស់​លោក​ ឬក៏​ពន្យល់​ថា​តើ​​លោក យ៉ែម ជ្រិន ​គឺ​ជា​ជន​សង្ស័យ​ដែល​ធ្វើ​ឲ្យ​មេរោគ​អេដស៍​ឆ្លង​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ​ឬយ៉ាង​ណា​ឡើយ​​។

លោក ហេង លុយ បាន​លើក​ឡើង​ថា លោក​ក៏​បាន​ចោទ​ប្រកាន់​លោក យ៉ែម ជ្រិន ពីបទ​បើក​​កន្លែង​ព្យាបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​មាន​បំណង​ចម្លង​មេរោគ​អេដស៍​​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ” យោង​តាម​ចម្លើយ​របស់​គាត់​ យើង​មិន​អាច​សន្និដ្ឋាន​ថា តើ​គាត់​​មាន​បំណង​ឬ​គ្មាន​បំណង​ធ្វើ​រឿង​នេះ​ឡើយ។ ចម្លើយ​របស់​គាត់​ហាក់​បី​ដូច​ជា​លាក់​​ព័ត៌មាន​ជាច្រើន​”។

លោក ជា វណ្ណៈ ប្រធាន​សាលា​ដំបូង​ខេត្ត​បាត់​ដំបង បាន​លើក​ឡើង​ថា ចៅក្រម​ស៊ើបសួរ​ គឹម រ៉ាវី បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​​លោក យែ៉ម ជ្រិន ជា​បណ្ដោះ​អាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​។

លោក សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​ជា​អតីត​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​​​​ចំពោះ​ការ​ចោទ​ប្រកាន់​​ដែល​ដាក់​បន្ទុក​លើ​លោក យ៉ែម ជ្រិន នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គិត​ថា តុលាការ​គូរ​តែ​ចោទ​ប្រកាន់​គាត់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​វិញ​ទើប​ប្រសើរ​។ ដោយ​ចោទ​ប្រកាន់គាត់​​ពីបទ​មនុស្ស​​ឃាត ព្រះ​រាជ​អាជ្ញា​ត្រូវ​តែ​បញ្ជាក់​ថា ​គាត់​ដឹង​ថា ម្ជុល​របស់​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍។ គាត់​​ប្រហែល​ជា​មិន​ដឹង​ថា មេរោគ​អេដស៍​មានជាប់​នៅ​ក្នុង​ម្ជុល​របស់​ខ្លួន​ឡើយ​”។

លោក សេង លុច នាយ​រង​ការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​​ ដែល​ចូល​រួម​ក្នុង​ការ​សាកសួរ​លោក យ៉ែម ជ្រិន បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក យ៉ែម ជ្រិន បាន​សារភាព​ថា ពិត​ជាបាន​​ប្រើ​សឺរ៉ាង​ឡើងវិញ​​ដដែល​​ចាក់​ឲ្យ​អ្នក​ជំងឺ​ជាច្រើន​នាក់​មែន​។

យោង​តាម​លោក សេង លុច បាន​ឲ្យ​ដឹង​ថា លោក យ៉ែម ជ្រិន ក៏​បាន​ប្រាប់​នគរ​បាល​ផង​ដែរ​ថា គាត់​មិន​ដឹង​ទេ​ថា តើ​​អ្នក​ជំងឺ​ណាម្នាក់​ដែល​លោក​ធ្លាប់​ព្យាបាល​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​​។

យោង​តាម​លោក​ ប៊ី បេងសោ ប្រធាន​មណ្ឌល​សុខភាព​ឃុំរកា​ ដែល​លើក​ឡើង​ថា គេ​មិន​អនុញ្ញាត​ឲ្យ​លោក​​ប្រាប់​ពី​តួលេខថ្មីៗ​នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល​១១០​នាក់​​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​​នៅ​មណ្ឌល​សុខភាព​ឃុំរការ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក បេងសោ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ពី​ថ្នាក់​លើ​ឡើយ​”។

យ៉ាង​តិច​មនុស្ស​ចំនួន​៩០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុក​មេរោគ​អេដស៍​បន្ទាប់ពី​ធ្វើ​តេស្ត​ឈាម​ជាលើក​ទី​៣​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាលពី​ថ្ងៃ​សុក្រ នេះ​បើ​យោង​តាម​លោក​ ឌីឌីយេ ហ្វុងតង់នីល (Didier Fontenile) ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ដែល​បដិសេធ​​មិន​និយាយ​​ពី​ការ​ធ្វើ​តេស្ត​ឈាម​បន្ត​ទៀត​កាលពី​ម្សិលមិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​​ទទួល​បន្ទុក​​​​ឆ្លើយ​ឆ្លង​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ឥឡូវ​នេះ ព្រោះ​វា​ជា​បញ្ហា​ស្មុគ​ស្មាញ​ខ្លាំង​ណាស់​។ យើង​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ទាំង​អស់​នៅ​ឡើយ​ទេ​។ សូម​ទៅ​និយាយ​ជាមួយ​លោក មាន ឈីវុន”។

លោក​ មាន ឈីវុន  ប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺអេដស៍ សើស្បែក និង​​​កាម​​​រោគ បាន​លើក​ឡើង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ព្រោះ​លោក​កំពុង​​រវល់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​កម្រង​សំណួរ​ចែក​ជូន​អ្នកភូមិ​ក្នុង​ឃុំរកា ដែល​នឹង​ជួយ​មន្ត្រី​កំណត់​ថា តើ​មេរោគ​អេដស៍​ឆ្លង​រាល​ដាល​តាម​របៀប​ណា​នៅ​ក្នុង​តំបន់​នេះ​៕ ស៊ុយឈាង​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស