28 C
Phnom Penh

នគរ​បាល​​​​រឹប​​​អូស​​​ឈើ​​​ខុស​​​ច្បាប់ ហើយ​​​សង្ស័យ​​​លើ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​រឹបអូស​ឈើ​ខុស​ច្បាប់​ពេញ​មួយ​រថយន្ត​​កាល​ពី​ថ្ងៃអាទិត្យ​​ ហើយ​កំពុង​ស៊ើប​អង្កេត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែល​​​បាន​​ព្យាយាម​មក​យក​ឈើ្ររបស់ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​រឹប​​​អូស។

លោក ផាត សុផាណា នាយ​នគរបាល​ព្រហ្មទណ្ឌ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​របស់​​​លោក​​បាន​ឃាត់​រថយន្ត​នេះ​នៅ​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​​មួយ​តាម​ផ្លូវ​ជាតិ​លេខ​៧ ក្នុង​ក្រុង​ស្ទឹង​ត្រែង​ដើម្បី​ពិនិត្យ​​រក​អាជ្ញាប័ណ្ណ​ដឹក​ឈើ។​​​

លោក​បាន​​​មាន​ប្រសាសន៍​​​ថា ប៉ុន្តែ​ បន្ទាប់ពី​ឃាត​់រថយន្ត​ ​អ្នក​បើក​បរ​ និង​បុរស​ម្នាក់​​​ទៀត​​ បាន​លោត​ចេញ​ ហើយ​រត់​គេច​ខ្លួន​តែម្តង ដោយ​បន្សល់​ទុក​ឈើ​ប្រភេទ​លេខ​១ និង​លេខ២​ជា​ច្រើន។

លោក សុផាណា បាន​មាន​ប្រសាសន៍​​​ថា “ឥឡូវនេះ​ យើង​បាន​យក​រថយន្ត​និង​ឈើ​ទាំង​នេះ​ទៅ​រក្សា​ទុក​នៅ​ការ​ិយា​​​ល័យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ហើយ​យើង​កំពុង​កសាង​សំណុំរឿង​​ដើម្បី​បញ្ជូន​​​ទៅតុលាការ​”។ លោក​បាន​បន្ថែម​ថា យើង​កំពុង​គណនា​អំពី​បរិមាណ​​​ឈើ​ដែល​រឹបអូស​នេះ។

លោក​បាន​បន្ថែម​ថា “អ្នក​បើក​បរ​ និង​អ្នក​រួម​​​ដំណើរ​​បាន​គេចខ្លួន ប៉ុន្តែ​យើង​ស្គាល់​​អត្ត​សញ្ញាណ​ជន​ទាំង​ពីរ​​​នាក់​​​នេះ​​​ហើយ។ ពួកគេ​មក​ពី​ខេត្ត​ក្រចេះ”។

លោក​ សុផាណា បាន​មាន​ប្រសាសន៍​​​ថា លោក​​​ស្គាល់​អត្តសញ្ញាណ​ជន​ទាំង​ពីរ​​​នាក់​នេះ​ពី​កូន​ចៅ​របស់​​​លោក​ ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា តើ​មន្ត្រី​ទាំង​នេះ​ស្គាល់​​​ឈ្មោះ​ជន​ទាំង​នេះ​ដោយ​វិធី​​​ណា​​​នោះ​​​ឡើយ ពីព្រោះ​ពួកគេ​បាន​រត់​គេចខ្លួន​បាត់​​​ទៅ​​​ហើយ។ លោក​បាន​បដិសេធ​​​មិន​ផ្តល់​ព័ត៌មាន​​​​ទាក់​​​ទង​​​សម្រាប់​​​​​មន្ត្រី​ទាំង​​​នោះ​​​ឡើយ។

នាយ​នគរបាល​រូបនេះលើក​ឡើង​ថា លោក​បាន​​​សង្ស័យ​លោក សំ សារិន នាយ​​​រង​​​ខណ្ឌ​​​រដ្ឋបាល​ព្រៃឈើ​ថាឡា​បរិវ៉ាត់ ​ថាជា​អ្នក​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​នេះ​ ពីព្រោះ​គាត់​​​បាន​ព្យាយាម​មក​យក​ឈើ​ទាំង​នេះ​​ចេញ​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដោយ​​​សំអាង​​​ថាមាន​អាជ្ញា​ប័ណ្ណ​​​​​​។

លោក​បាន​មាន​ប្រសាសន៍​ថា ” លោក បូរិន បាន​មក​កន្លែង​កើត​ហេតុ​ ហើយ​បាន​ប្រាប់​យើង​ថា គាត់​ចង់​យក​ឈើ​ទាំង​នេះ​​ឲ្យ​អ្នក​ដែល​ជា​ម្ចាស់​ឈើ ហើយ​មាន​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​​​ឈើ​ ប៉ុន្តែ​គាត់​មិន​បាន​បង្ហាញ​ឯកសារ​ដល់​យើង​ឡើយ​”។

លោក​បាន​បន្ថែម​ថា ” ប្រសិន​បើ​យើង​រក​ឃើញ​ថា លោក បូរិន ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះមែន យើង​នឹង​ចាត់វិធានការ​តាម​ច្បាប់​”។

បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​​​ដៃ​របស់​លោក បូរិន ដែល​​​បុគ្គលិក​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​បាន​​​ផ្តល់​​​លេខនេះដល់​​​​​អ្នក​យក​​​ព័ត៌មាន​ ​បាន​អះអាង​ថា មិនមែន​ជា​​លោក បូរិន ទេ​។

លោក ហ៊ូ សំអុល អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​​​ហុក​ប្រចាំ​ខេត្ត​នេះ ដែល​មាន​​​វត្តមាន​​​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នោះ​កាលពី​ថ្ងៃ​អាទិត្យ បាន​បញ្ជាក់​ថា លោក បូរិន បាន​ព្យាយាម​មក​យក​ឈើ​នេះ ហើយ​មាន​ទំនាស់​ជាមួយ​នគរ​បាល​នៅ​ពេល​ពួកគេ​មិន​ព្រម​អនុញ្ញាត​ដល់​រូប​គាត់៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស