ក្រុមហ៊ុនភ័ស្តុភារ Toll Group របស់ប្រទេសអូស្ត្រាលី បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានលក់ភាគហ៊ុនទាំង៥៥ភាគរយរបស់ខ្លួននៅក្នុងគម្រោងផ្លូវដែកនៅកម្ពុជា ឲ្យទៅក្រុមហ៊ុន Royal Group ដែលជាដៃគូវិនិយោគរួមគ្នារបស់ខ្លួនក្នុងចំនួនទឹកប្រាក់មិនបង្ហើបឲ្យដឹង ដោយលើកហេតុផលថា មិនសូវចំណេញ និងគ្មានការរីកចម្រើន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួួយ លោក ប្រាយអ៊ែន គ្រូហ្គើ (Brian Kruger) នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Toll Group បានមានប្រសាសន៍ថា ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង នឹងគ្រប់គ្រងជាម្ចាស់ភាគហ៊ុន១០០ភាគរយលើសម្បទានផ្លូវដែករបស់ក្រុមហ៊ុន Toll Royal Railway បន្ទាប់ពីការវិនិយោគរួមគ្នានេះមិនសមបំណងដូចការ
រំពឹងទុក។
លោកមានប្រសាសន៍ទៀតថា ” ការសម្រេចដកការចាប់អារម្មណ៍របស់យើងលើសម្បទាននេះមិនមែនជារឿងតូចតាចទេ ប៉ុន្តែវាជាការសម្រេចចិត្តច្បាស់លាស់ បន្ទាប់ពីការវិនិយោគរួមគ្នានេះផ្ដល់ចំណូលតិចជាងការរំពឹងទុកក្នុងមួយរយៈពេលមកនេះ”។
លោកមានប្រសាសន៍ទៀតថា ការអាក់ខានការស្ដារផ្លូវដែកក្រោមគម្រោងមួយដែលមានទំហំទឹកប្រាក់១៤៣លានដុល្លារដឹកនាំដោយធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើឲ្យការវិនិយោគរួមគ្នានេះមិនផ្ដល់ប្រាក់ចំណេញ។
លោកបានលើកឡើងបន្តថា ” បន្ថែមពីលើនេះ ការមិនរីកចម្រើនទៅមុខ និងការពន្យារពេលការងារស្ដារផ្លូវដែកដោយក្រុមហ៊ុនម៉ៅការពីខាងក្រៅក្នុងរយៈពេល២ឆ្នាំមកនេះដូចដែលយើងបានមើលឃើញស្រាប់ ក៏បានធ្វើឲ្យប្រតិបត្តិការមានប្រសិទ្ធភាពជួបការលំបាកផងដែរ ហើយនោះគឺការផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុន Toll”។
ធនាគារ ADB បានបា៉ន់ស្មានថា គម្រោងផ្លូវដែកក្នុងឆ្នាំ២០០៦នេះនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួតប្រជែងជាងមុនតាមរយៈការសម្រាលការដឹកជញ្ជូនទំនិញនៅទូទាំងប្រទេស។
នៅក្នុងឆ្នាំ២០០៩ រដ្ឋាភិបាល និងក្រុមហ៊ុន Toll Royal Railway បានចុះកិច្ចព្រមព្រៀងសម្បទានមួយមានរយៈពេល៣០ឆ្នាំ ដែលក្នុងនោះក្រុមហ៊ុនវិនិយោគរួមគ្នាឯកជននេះត្រូវបន្តទទួលខុសត្រូវចំពោះប្រតិបត្តិការ និងការថែទំាផ្លូវដែក។
ប៉ុន្តែបច្ចុប្បន្នមានតែផ្លូវដែកមួយខ្សែប្រវែង២៥៦គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការ ចំណែកឯគម្រោងអភិវឌ្ឍផ្លូវដែកប្រវែង៣៣៥គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែត កំពុងនៅគាំងទ្រឹងដោយសារខ្វះមូលនិធិ។
ធនាគារ ADB បានទទួលស្គាល់នៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះថា ការធ្វើផែនការខ្វះការប្រុងប្រយ័ត្ន និងការអនុវត្តគម្រោងនេះមិនបានល្អ បានបណ្ដាលឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបោះបង់ដីធ្លីរបស់ខ្លួនដើម្បីបើកផ្លូវសម្រាប់គម្រោងផ្លូវដែកនេះ មានជីវភាពកាន់តែយ៉ាប់យឺនជាងមុនពេលគម្រោងនេះចាប់ផ្ដើមទៅទៀត។
ពេលទាក់ទងកាលពីម្សិលមិញ លោក ចន ហ្គាយរី (John Guiry) ប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Toll Roya Railway បានមានប្រសាសន៍ថា ផ្លូវដែកនេះនឹងបន្តធ្វើប្រតិបត្តិការធម្មតា ទោះបីជាក្រុមហ៊ុន Toll Group លែងមានភាគហ៊ុននៅក្នុងការវិនិយោគរួមគ្នានេះក្ដី។
លោកមានប្រសាសន៍ថា ” នឹងមិនខុសគ្នាអ្វីទាំងអស់ អាជីវកម្មនៅតែដំណើរការធម្មតា។ ក្រុមហ៊ុន Toll នឹងផ្ដល់យោបល់ និងការតម្រង់ទិសដល់ក្រុមហ៊ុន Royal Group ដោយផ្ដល់[ជំនាញ] ភ័ស្តុភារ និងសម្ភារឃ្លាំង”។
លោកបានមានប្រសាសន៍ទៀតថា ចំណាត់ការរបស់ក្រុមហ៊ុន Toll Group ធ្វើឡើងស្របពេលក្រុមហ៊ុននេះពិនិត្យផ្ទៀងផ្ទាត់ និងដកគម្រោងវិនិយោគដែលមិនសូវផ្ដល់ផលចំណេញរបស់ខ្លួនចេញ។ លោកបានបន្តថា ” និយាយដោយស្មោះត្រង់ទៅ ខ្ញុំគិតថា ក្រុមហ៊ុន Toll ចង់ដកខ្លួនចេញពីវា។ ហើយពួកគេកំពុងសម្លឹងមើលមកយើង ហើយនិយាយថា វានឹងមិនសម្រេចបានដូចអ្វីដែលយើងគិតទេ ដូច្នេះហេតុអ្វីយើងត្រូវការវា?”។
លោក ម៉ាក ហានណា (Mark Hanna) ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុម Royal Group មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ៕ សុខុម