34 C
Phnom Penh

បុរស​​​ម្នាក់​​​ស្លាប់​​​ក្នុង​​​គ្រោះថ្នាក់​​​ចរា​​​ចរណ៍​​​រវាង​​​ម៉ូតូ​​​និង​​​​​រថ​​​យន្ត​​​ ហើយ ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​ថា បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​បាន​​​ស្លាប់​កាលពី​រំលង​អធ្រាត្រ​​ឈាន​ចូល​ព្រឹក​ម្សិល​​​មិញ នៅ​ពេល​ម៉ូតូ​របស់​ខ្លួន​ត្រូវរថយន្ត​តូយ៉ូតា​ឡង់​​​គ្រីស័រ ដែល​បើក​បរ​ក្នុង​ល្បឿនយ៉ាង​លឿនបុក ហើយ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បន្ទាប់ពី​អូស​ម៉ូតូ​ក្រោម​រថយន្ត​​​ចម្ងាយ​​​​​​​ប្រហែល​១គីឡូម៉ែត្រ។

យោង​តាម​លោក សេង ចាន់​​​ថន នាយ​រង​នគរ​បាល​ចរាចរ​រាជ​ធានី​​បាន​ឲ្យ​ដឹង​ថា លោក ខឹម ចរិយា ដែល​​​ជា​អ្នក​ខេត្ត​​បាត់​ដំបង​បាន​មកលេង​​​​​​សាច់ញាតិ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានី កំពុង​​ជិះម៉ូតូ​​​របស់​​​ខ្លួន​​​ម៉ាក​ស៊ុយហ្សុ៊យគី វីវ៉ា ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ​១០៥​ស្ថិត​ក្នុង​​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧មករា នៅ​ម៉ោង​ប្រហែល​៣​និង​១០​នាទី​រំលង​​អធ្រាត្រ​ ស្រាប់​តែត្រូវ​​រថយន្ត​ទំនើប​នេះ​បុកនៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​លេខ​២១៤​។

លោក ចាន់ថន​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ដោយ​​​មិន​​​ព្រម​​​ឈប់ អ្នក​បើក​បរ​រថយន្ត​ឡង់​​​គ្រីស័រ​បាន​បង្កើន​ល្បឿន​បើក​រត់​គេច​​ពី​កន្លែង​កើតហេតុ ដោយ​អូស​ម៉ូតូ​ទៅ​ដល់​​​​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជនរងគ្រោះ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត តែ​​​អកុសល​គាត់​បាន​ស្លាប់​ពេល​មក​ដល់​មន្ទីរ​ពេទ្យ”។ លោក​បាន​បន្ថែម​ថា ខឹម ចរិយា ប៉ះ​​​ទង្គិច​​​​​​ក្បាល​​​​​ធ្ងន់​ធ្ងរ​។

លោក​ សែម គន្ធា នាយ​រង​នគរ​បាល​​​ចរាចរ​រាជ​ធានី​ម្នាក់​ទៀត​ដែល​បាន​ដឹក​នា​ំ​ស៊ើប​អង្កេត​​​​ករណី​នេះ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​ស្វែង​រក​ចាប់​ខ្លួន​​អ្នក​បើក​បរ​​​រូប​​​នេះ​​​នៅឡើយ។

លោក គន្ធា បាន​មាន​ប្រសាសន៍​ថា ” កម្លាំង​របស់​យើង​កំពុង​ប្រឹង​ប្រែង​យ៉ាងខ្លាំង​​​​ដើម្បី​ស្វែង​រក​​​ចាប់​​​ខ្លួន​​​​អ្នក​បើក​បរ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប៉ុន្តែ​គិត​មក​ត្រឹម​​​​ល្ងាច​នេះ ​យើង​មិន​​ទាន់​ចាប់​ខ្លួន​ជន​​​ណា​ម្នាក់​នៅ​ឡើយ​ទេ”។

លោក​បាន​បន្ថែម​ថា ​ទាំង​រថយន្ត​​​និង​​​ម៉ូតូ​​​កំពុងត្រូវ​​​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​ចរាចរ​រាជ​ធានី​។ ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​គេ​​​ហ​​​ទំព័រ​របស់​នគរ​បាល​ជាតិ​កាលពី​ម្សិលមិញ បាន​ធ្វើ​ការ​​អះ​​​អាង​​​ខុស​​​ៗ​គ្នា​អំពី​ករណី​បុក​ហើយ​រត់​នេះ។

យោង​តាម​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា បុរស​ទី២​​​ជិះ​ម៉ូតូ​ជាមួយ​ ខឹម ចរិយា នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ហើយ​​​​នៅ​រស់​នៅ​​ឡើយ​ ដោយ​រង​​​របួស​ធ្ងន់ធ្ងរ​។ព័ត៌មាននេះ​​​​ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា  អ្នក​បើក​បរ​រថយន្ត​ឡង់​​​គ្រីស័រ​បាន​អូស​ម៉ូតូ​ចម្ងាយ​៣គីឡូម៉ែត្រ មិន​មែន​១គីឡូម៉ែត្រ​ទេ។

រូប​ថត​ដែល​អម​​​ជាមួយ​​​​ព័ត៌មាន​នោះ​បង្ហាញ​ថា រថយន្ត​ទំនើប​ពណ៌​ស​នេះ​បាន​ឈប់​នៅ​តាម​ផ្លូវ​ងងឹត​ ​ កាង​រថយន្ត​​​ផ្នែក​​​ខាង​មុខ​​​កំពិត​​​​យ៉ាង​ខ្លាំង​ ហើយ​បែក​ភ្លើង​ហ្វា​ខាង​ឆ្វេង​។ ម៉ូតូ​នៅ​ជាប់​ក្រោម​សាក់ស៊ី​​​រថយន្ត​​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស