លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា សកម្មជនប្រឆាំងការបណ្ដេញចេញចំនួន១០នាក់ ដែលត្រូវតុលាការកាត់ឲ្យជាប់ទោស និងដែលកំពុងធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ មានស្ថានភាពសុខភាពខ្សោយអំឡុងពេលលោកស្រីចុះទៅសួរសុខទុក្ខពួកគេកាលពីរសៀលម្សិលមិញ។
សកម្មជនប្រាំពីរនាក់ក្នុងចំណោមសកម្មជនទាំង១០នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ឲ្យជាប់ទោសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ពីបទធ្វើការតវ៉ាប្រឆាំងការជន់លិចជាញឹកញាប់នៅក្នុងតំបន់បឹងកក់ ដែលពួកគេរស់នៅ ដោយសារគ្មានប្រព័ន្ធលូគ្រប់គ្រាន់។
សកម្មជនបីនាក់ទៀតត្រូវបានសាលាដំបូងកាត់ឲ្យជាប់ទោសនៅថ្ងៃបន្ទាប់ពីបទធ្វើការតវ៉ាប្រឆាំងការបណ្ដេញសកម្មជនទាំងប្រាំពីរនាក់នេះចេញ។ សកម្មជនទាំង១០នាក់នេះ បានធ្វើកូដកម្មបង្អត់អាហារចាប់តាំងពីថ្ងៃទី១៣ ខែធ្នូមកម្លេ៉ះ។ លោកស្រី មូរ សុខហួរ បានចុះទៅសួរសុខទុក្ខស្ត្រីទាំងនោះ បូករួមសកម្មជនជាប់ពន្ធនាគារថ្មីៗប្រាំបីនាក់ទៀត រួមជាមួយលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីពិនិត្យមើលស្ថានភាព។
លោកស្រីបានមានប្រសាសន៍អំពីស្ត្រីទាំង១០នាក់ ដែលរស់ដោយសារតែទឹក និងទឹកសណ្ដែក បានមានប្រសាសន៍ថា ” យើងមានការព្រួយបារម្ភចំពោះសុខភាពរបស់ពួកគាត់។ បើពួកគាត់បន្តធ្វើកូដកម្មបង្អត់អាហារតទៅទៀត ពួកគាត់នឹងឈឺ។ ពួកគាត់កាន់តែខ្សោយទៅៗ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា អ្នកធ្វើកូដកម្មបង្អត់អាហារម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីរសៀលម្សិលមិញ ដោយសារតែចង្វាក់បេះដូងលោតយឺត ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញនៅពីរបីម៉ោងក្រោយមក៕ សុខុម