ក្រុមមេធាវីការពារក្តីតំណាងឲ្យ នួន ជា និយាយថា ខ្លួនបានរកឃើញសាក្សីមិនដែលបានសម្ភាសម្នាក់ឈ្មោះ រស់ ញឹម ជាលេខាភូមិភាគពាយព្យដ៏មានអំណាចនៃរបបកម្ពុជា ប្រជាធិបតេយ្យដែលត្រូវបានបណ្តេញចេញពីជួរបក្សនៅក្នុងឆ្នាំ១៩៧៨។
ក្រុមមេធាវីនេះនិយាយថា សាក្សីដ៏អាថ៌កំបាំងដែលត្រូវបានលាតត្រដាងនៅក្នុងឯកសារដែលមានការពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ដែលតុលាការបានបញ្ចេញកាលពីសប្ដាហ៍មុន ទំនងជាដឹងច្បាស់ពីរចនាសម្ព័ន្ធបញ្ជាការរបស់ភូមិភាគពាយ័ព្យ និងយោធារបស់ខ្លួន ហើយមាន “អ្នកគាំទ្រ” នៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន។
សាក្សីរូបនេះបានអះអាងថា ខ្លួនប្រមូលបានអាវុធរហូតដល់ទៅ ២០.០០០ ដើមពីទាហានរបស់លោក លន់ នល់ នៅក្នុងឆ្នាំ១៩៧៥ ហើយបានលាក់វាទុកនៅក្នុងឃ្លាំងមួយ និងបានប្រើប្រាស់វាដើម្បីដឹកនាំទាហានមួយក្រុមមានគ្នា ២.០០០ នាក់ក្រោកឡើងបះបោរប្រឆាំងខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៨ ដោយរួបរួមកម្លាំងជាមួយក្រុមតស៊ូផ្សេងៗទៀត ដែលប្រយុទ្ធជាមួយ ប៉ុល ពត និង នួន ជា។
មេធាវីរបស់ នួន ជា កំពុងស្វះស្វែងព្យាយាមឲ្យកោះហៅ និងសាកសួរបុរសរូបនេះជាផ្នែកនៃដំណើរការប្ដឹងទាស់។ ទោះបីជាពួកគេគូសបញ្ជាក់ថា ការអះអាងជាក់លាក់របស់សាក្សីអាថ៌កំបាំងរូបនេះអាចនាំឲ្យមានការសួរសំណួរសំខាន់ៗស្ដីអំពីសច្ចភាពនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់ និងប្រហែលជាអាច “មានការបំផ្លើសតិចតួចក្តី ក៏វាជាសក្ខីកម្មដែលគេបាន ស្វះស្វែងរកយ៉ាងខ្លាំងនៅក្នុងសវនាការនៅពេលដែលខ្លួនដឹងពីវត្តមានគាត់”៕ សុខុម