34 C
Phnom Penh

អ្នកកាសែត​ត្រូវ​គេ​ដណ្តើមយកកាមេរ៉ានិង​បាញ់​ពេល​ចុះយក​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍មួយកន្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​កាសែត​មួយ​ក្រុម​ដែល​សម្រុក​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​រថយន្ត​ក្នុង​ខណ្ឌ​ដូនពេញ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ​បាន​និយាយ​ថា ពួកគេ​ទទួល​រង​ការ​វាយ​ដំនិង​បាញ់​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​នោះ ហើយ​បាន​កញ្ឆក់យកកាមេរ៉ា​វីដេអូ និង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ខ្លួន។​​​​​​​​​

មេ​ប៉ុស្តិ៍​សង្កាត់​ស្រះចក លោក កាន់ វណ្ណៈ បាន​និយាយ​ថា រថយន្ត​ហុងដា​ SUV​ មួយ​គ្រឿង​បាន​បុក​រថយន្ត​បី​គ្រឿង​ទៀត​ជិត​វត្ត​ភ្នំ​នៅ​មុន​ម៉ោង​១​យប់​។ អ្នក​កាសែត​មកពី​ស្ថានីយ​ទូរទស្សន៍ ហង្សមាស TV3 និង ស៊ីធីអិន រួម​ទាំង​អ្នក​កាសែត​ CEN ម្នាក់ បាន​មក​ដល់​ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ។

លោក វណ្ណៈ បាន​និយាយ​ថា “អ្នក​កាសែត​មួយ​ក្រុម​បាន​មក​យក​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅជិត​វត្តភ្នំ ហើយ​មាន​ការ​ប្រវាយ​ប្រតប់​ជាមួយ​អ្នក​បើកឡាន ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ថត​រូប”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “បុរស​ម្នាក់​បាន​បើក​ឡាន​បុក​ឡាន​បី​គ្រឿង​ផ្សេងទៀត ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​អំពី​ហេតុការណ៍​ទាំងមូល​ទេ ពីព្រោះ​នៅពេល​នោះ ខ្ញុំ​មិន​បាន​នៅ​កន្លែង​កើត​ហេតុ​ទេ។ ខ្ញុំ​មិន​ចង់និយាយ​ច្រើន​អំពី​ករណី​នោះ​ទេ”។

លោក ង៉ូវ ឌីណា ជា​អ្្នកថតរូបវីដេអូរបស់​ទូរទស្សន៍​ហង្ស​មាស ដែល​បាន​ទៅ​យក​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​និយាយ​ថា អ្នក​កាសែតត្រូវ​បាន​គេ​រករឿង​ពេល​ពួកគេ​ទៅ​ដល់​កន្លែង​កើត​ហេតុ ដែល​នៅ​ទីនោះ​មានមនុស្ស​ប្រហែល​១០​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​។

លោក ឌីណា បាន​និយាយ​ថា “ម្ចាស់​ឡាន​ទាំង​នោះ​មិន​ចង់​ឲ្យ​យើង​ថត​ទេ ដូច្នេះ​យើង​បាន​ប្រាប់​ពួកគេ​ថា យើង​ថត​តែ​ឡាន​ និង​មិន​ថត​មុខ​របស់​ពួកគេ​ទេ។ ប៉ុន្តែ​បន្ទាប់ពី​យើង​បាន​ថត​ហើយ ពួកគេ​ឃាត់​យើង​មិន​ឲ្យ​ចាកចេញ ហើយ​ព្យាយាម​កញ្ឆក់​ម៉ាស៊ីនថត​និង​លុប​រូបថត​របស់​យើង”។

លោក ឌីណា បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​ប្រាប់​អ្នក​ទាំងនោះ​ថា គាត់​ចាំបាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​និពន្ធនាយក​របស់​គាត់​សិន​មុន​នឹង​លុប​អ្វី​មួយ​ពី​ម៉ាស៊ីន​ថត ប៉ុន្តែ​រំពេច​នោះ ​គេ​កញ្ឆក់​ម៉ាស៊ីន​ថត​ពី​ដៃគាត់​។

លោក​បាន​និយាយ​ថា “បន្ទាប់ពី​ពួកគេ​បាន​កញ្ឆក់​យក​ម៉ាស៊ីន​ថត​និង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​យើង យើង​បាន​ខំ​រត់​តាម​ពួកគេ​ដើម្បី​យក​របស់​យើង​មកវិញ។ ភ្លាម​នោះ បុរស​ម្នាក់​បាន​បាញ់​សំដៅ​យើង​បី​គ្រាប់។ សំណាង​ល្អ គ្មាន​នរណា​ម្នាក់​បាន​រង​របួស​ទេ”។

លោក ឌីណា បាន​និយាយ​ថា ប៉ូលិស​បាន​ឃាត់​បុរស​ម្នាក់​ក្នុង​ក្រុម​នោះ ប៉ុន្តែ​គាត់​មិន​ប្រាកដ​ថា បុរស​នោះ​ជា​អ្នក​បាញ់​ឬយ៉ាងណាទេ។

លោក វណ្ណៈ មេប៉ុស្តិ៍​សង្កាត់ បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​បាន​ចាប់​បុរស​ម្នាក់​មក​សាកសួរ ប៉ុន្តែ​មិន​បាន​ប្រាប់​ឈ្មោះ​ទេ។ គាត់​ក៏​មិន​និយាយ​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ដែល​រត់​ចេញ​ពី​កន្លែង​កើតហេតុ​ជាមួយ​នឹង​ម៉ាស៊ីនថត​របស់​អ្នក​កាសែត ឬ​អំពី​រថយន្ត​ដែល​ពួកគេ​បាន​ទុកចោល​ដែរ។

លោក ឌីណា បាន​ឲ្យដឹង​ថា ក្រុម​អ្នកយក​ព័ត៌មាន​បាន​ប្តឹង​ទៅ​ប៉ូលិស​សង្កាត់ មួយ​ម៉ោង​បន្ទាប់ពី​មានការ​វាយ​ប្រហារ​នោះ។ គាត់​បាន​និយាយ​ថា “យើង​មិន​ចង់​ប្រឈម​នឹង​ពួកគេ​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​ទាមទារ​ឲ្យ​សង​ម៉ាស៊ីនថត​របស់​យើង​វិញប៉ុណ្ណោះ”។

ក្លឹប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​នេះ ដោយ​បាន​លើកឡើង​ថា ឧប្បត្តិហេតុ​នេះ​ធ្វើ​ឲ្យ​មាន”ការ​បារម្ភ​ចំពោះ​សេរីភាព​និង​សុវត្ថិភាព​របស់​អ្នក​កាសែត”។

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា “ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ថា អ្នក​កាសែត​បួន​នាក់​បាន​ទទួល​រង​ការ​គំរាម និងការ​យាយី​ជា​ពាក្យ​សម្តី​ធ្ងន់ៗ និង​ការ​បាញ់​ពី​មនុស្ស​មួយ​ក្រុម”។ ក្លឹប​អ្នក​កាសែត​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​នេះ​និង​ចាត់​វិធានការណ៍​ច្បាប់​លើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នក​យក​ព័ត៌មាន។

ទោះជា​យ៉ាង​នេះក្តី លោក អេង សោភា នាយ​ការិយាល័យ​ប៉ូលិសព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងបាន​និយាយ​ថា ការ​បាញ់​បោះ​នេះ​ជា​ករណី​តូចតាច ដែល​អាច​ដោះស្រាយ​បាន​នៅ​ត្រឹម​ថ្នាក់​សង្កាត់។

លោក​បាន​និយាយ​ថា “វា​ជាករណី​តូចតាច​ទេ ​ដូច្នេះ​យើង​ទុក​ឲ្យ​សង្កាត់​ ឬ​ខណ្ឌ​[ស៊ើប​អង្កេត] សិន។ ប្រសិនបើ​មន្ត្រី​ថ្នាក់​ក្រោម​មិន​អាច​ដោះស្រាយ​បាន អ្នក​ទាំង​នោះ​អាចប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​នឹង​ជូន​ដំណឹង​យើង ហើយ​យើង​នឹង​ដោះស្រាយ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស