កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលលើកលែងការចោទប្រកាន់ពីការធ្វើកុបកម្មលើសកម្មជនគណបក្សប្រឆាំងមួយក្រុម ដែលគ្រោងបន្តបើកសវនាការជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍ ពីបទជាប់ពាក់ព័ន្ធក្នុងការតវ៉ាប្រឆាំងនឹងការបិទទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដែលបានប្រែក្លាយជាហិង្សា។
សកម្មជនទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទដឹកនាំ ឬចូលរួមក្នុងកុបកម្ម បន្ទាប់ពីការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យ ដែលក្នុងនោះយ៉ាងហោចណាស់សន្តិសុខខណ្ឌដូនពេញពីរនាក់ត្រូវបានវាយដំធ្ងន់ធ្ងរ។
យោងតាមព័ត៌មានមួយចំនួន និងរូបភាពវីដេអូនៅកន្លែងកើតហេតុ ហើយបានដាក់បង្ហោះតាមប្រព័ន្ធអុីនធើណិតបានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានធ្វើការតបតបន្ទាប់ពីក្រុមសន្តិសុខបានព្យាយាមបំបែកការជួបជុំគ្នាដោយប្រើកម្លាំងតែប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Phelim Kine នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅការចោទប្រកាន់ពីការធ្វើកុបកម្មនេះថា គ្មានមូលដ្ឋាន។
អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមសន្តិសុខត្រូវបានបញ្ជាឲ្យធ្វើការឆ្លើយតបដ៏ហិង្សាពីសំណាក់ក្រុមអ្នកតវ៉ាជាលេសដើម្បីធ្វើការចាប់ខ្លួន។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា “ប្រទេសផ្ដល់ជំនួយដល់ប្រទេសកម្ពុជាត្រូវប្រាប់រដ្ឋាភិបាលថា ការប្រើប្រាស់កម្លាំងសន្តិសុខ និងប្រព័ន្ធតុលាការក្នុងការធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំងនោះ មិនអាចទទួលយកបានទេ”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងពីចំនួនសកម្មជន ដែលគ្រោងនឹងចូលរួមសវនាការជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍ថា មានចំនួន១១នាក់។
ប៉ុន្តែលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីដែលទទួលបន្ទុករឿងក្ដីនេះបានបដិសេធមិនផ្ដល់តួលេខជាក់លាក់ឡើយ។
លោក ចាន់ ចេន មេធាវីតំណាងសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងនោះបានមានប្រសាសន៍ថា លោកមិនដឹងពីទំហំពិតប្រាកដនៃក្រុមនេះទេ ប៉ុន្តែលោកបានបន្ថែមថា បច្ចុប្បន្ននេះ ចុងចោទបួននាក់ក្នុងចំណោមចុងចោទទាំងនោះស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន៕ សារុន