28 C
Phnom Penh

អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​សរសើរ​ចៅហ្វាយ​ថ្មី​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ថ្លែង​ជា​សាធារណៈ​ជាលើក​ដំបូង​ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ជា​យូរ​មក​ហើយ​​បាន​ប្រាប់​អ្នក​ភូមិ​​អំឡុង​ពិធី​ជួប​សំណេះ​សំណាល​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​កាលពី​ចុង​សប្ដាហ៍​ថា លោក​បាន​លើក​សរសើរ​​អ្នក​នយោបាយ​រូប​នេះ [លោក​ កឹម សុខា​]​ និង​ចែក​រំលែក​មតិ​យោបល់​គ្នា​អស់រយៈ​ពេល​ជាយូរ​មក​ហើយ​។

លោក ឡៅ ម៉ុងហៃ បាន​ធ្វើ​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ជិត​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​តែង​តែ​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​កាសែត​ក្នុង​ស្រុក និង​កាសែត​បរទេស​​មុន​​ពេល​​លោក​​ត្រូវ​បាន​ជ្រើស​រើស​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក កឹម សុខា កាលពី​ដើម​ខែ​នេះ។

នៅ​ក្នុង​វីដេអូខ្លីប​មួយ​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កឹម សុខា កាលពី​យប់​ថ្ងៃ​ច័ន្ទ លោក ឡៅ ម៉ុងហៃ បាន​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​អំឡុង​វេទិកា​សាធារណៈ​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​សៅរ៍​ថា លោក​​និង​លោក កឹម សុខា មាន​ប្រវត្តិ​នយោបាយ​ដូច​គ្នា​។

លោក ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​ទៅ​លើ​មេដឹកនាំ​ក្រុម​តស៊ូ​មួយ​​ក្នុង​ចំណោម​ក្រុម​តស៊ូ​ចំនួន​បី ដែល​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ក្រុង​​ភ្នំពេញ​​អំឡុង​សង្គ្រាម​ស៊ីវិល​​ទសវត្សរ៍​ឆ្នាំ​១៩៨០​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០​ថា ” លោក​ កឹម សុខា និង​​ខ្ញុំ​ធ្លាប់​មាន​​ចៅហ្វាយ​នាយ​តែ​មួយ​ គឺ​សម្ដេច​ សឺន សាន”។

លោក​បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​ការ​លេច​ខ្លួន​​ឡើង​របស់​លោក កឹម សុខា ជា​មេដឹកនាំ​នយោបាយ​មួយ​រូប​ថា “ខ្ញុំ​ចាប់​ផ្ដើម​​ចាប់​អារម្មណ៍​លើ​គាត់​ខ្លាំង​នៅ​ពេល​គាត់​ក្លាយ​​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​មួយ។ នៅ​ពេល​នោះ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា គាត់​គឺ​ជា​មេដឹកនាំ​ថ្មី​សម្រាប់​កម្ពុជា​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ហេតុ​ដូច្នេះ​ខ្ញុំ​គាំទ្រ​គាត់​សម្រាប់​ប្រយោជន៍​ជាតិ”។

លោក ឡៅ ម៉ុងហៃ បាន​ប្រាប់​អ្នក​ចូល​រួម​មុន​ពេល​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​មក​ចូល​រួម​ក្នុង​ចលនា​ប្រឆាំង​ថា ” រហូត​មកទល់​ពេល​នេះ ​គ្មាន​អ្វី​ដែល​ផ្ទុយ​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ឡើយ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” ខ្ញុំ​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​។ នៅ​ពេល​ពលរដ្ឋ​មាន​កម្លាំង​ជាង​មុន​ មាន​គំនិតថ្មី​ៗ​ សកម្មជាង​មុន និង​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​សិទ្ធិ​របស់ខ្លួន​ ពួកគាត់​អាច​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ហើយ​មាន​ភាព​សកម្ម​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម”។

នៅ​​ពេល​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា លោក កឹម សុខា នៅ​មិន​ទាន់​ពន្យល់​នៅ​ឡើយ​ទេ​ថា តើ​ជំនួយ​ផ្នែក​នយោបាយ​អ្វី​ដែល​​មេដឹកនាំ​រូប​នេះ​​ចង់​បាន​សម្រាប់​ខ្លួន​។

លោក​ ឡៅ​ ម៉ុងហៃ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ” យើង​នៅ​មិន​​ទាន់​ជជែក​គ្នា​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ការ​យល់​ឃើញ​ និង​បទ​ពិសោធន៍​របស់​ខ្ញុំ និយាយ​ឲ្យ​ត្រង់​ទៅ​ខ្ញុំ​ចង់​ឃើញ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ប្រសើរ​ឡើង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​លើ​។ ហេតុដូច្នេះ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ប្រើ​ចំណេះ​ដឹង​របស់​ខ្ញុំ​​ផ្នែក​វប្បធម៌ បញ្ហា​សង្គម សេដ្ឋកិច្ច បញ្ហា​នយោបាយ​ និង​ប្រវត្តិសាស្ត្រ​​ដើម្បី​​ជួយ​គាត់​”។

លោក ហ៊ីង សុខសាន្ត អគ្គលេខាធិការរង​រដ្ឋសភា​ និង​ជា​មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​ ឡៅ ម៉ុងហៃ គឺ​ជា​ទីប្រឹក្សា​មួយ​រូប​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ហើយ​នឹង​ទទួល​បាន​ប្រាក់​ខែ​ស្មើ​​រដ្ឋមន្ត្រី​ដែរ​។

យោង​តាម​អនុក្រឹត្យ​ចុះ​ខែ​តុលា ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​​ទទួល​បាន​ប្រាក់​ខែ​គោល​​ចំនួន​២,១លាន​រៀល [ប្រហែល​៥២៥​ដុល្លារ]៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស