កាលពីម្សិលមិញ នគរបាលបានកំណត់អត្តសញ្ញាណបុរសខ្មែរអាណិកជនអាមេរិក ម្នាក់ថាជាបុគ្គលដែលខ្លួនចាប់បាននៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមអ្នកយកព័ត៌មានដែលចុះទៅយកព័ត៌មានក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានរងការប្រើអំពើហិង្សា និងបាញ់បោះពីសំណាក់អ្នកពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះដែលពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងពាក់ស្លាកលេខនគរបាល។

បែន សុខហ៊ាន
លោក ស៊្រាង ប៊ុណ្ណារ៉ា នាយរងប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដែលបានដឹកនាំកម្លាំងនគរបាលចុះទៅកាន់កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងរថយន្តជាច្រើនគ្រឿងនៅជិតវត្តភ្នំ ក្នុងខណ្ឌដូនពេញ នៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រ បានបញ្ចេញឈ្មោះជនសង្ស័យដែលចាប់ខ្លួនបានថាមានឈ្មោះ មឿន សារ៉ាមិទ្ធ អាយុ៣២ឆ្នាំ ខ្មែររស់នៅសហរដ្ឋអាមេរិក។
លោក ស៊្រាង ប៊ុណ្ណារ៉ា បានមានប្រសាសន៍ថា លោក មឿន សារ៉ាមិទ្ធ មិនជាប់សង្ស័យពីបទបាញ់ប្រហារទៅលើអ្នកកាសែតទេ ប៉ុន្តែស្ថិតក្នុងចំណោមមនុស្សប៉ុន្មាននាក់ដែលបានព្យាយាមបង្ខំឲ្យក្រុមអ្នកកាសែតលុបរូបថត និងវីដេអូចោល។
លោកបានលើកឡើងបន្តថា “ម្នាក់ក្នុងចំណោមជនសង្ស័យផ្សេងៗទៀត បានផ្ទុះអាវុធបីគ្រាប់ ហើយយើងបានចាប់ខ្លួនបុរសម្នាក់ [លោក សារ៉ាមិទ្ធ] ជាជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងពួកគេ ហើយបានបញ្ជូនគាត់ទៅតុលាការនៅព្រឹកនេះ។ គាត់គឺជាជនសង្ស័យម្នាក់ ពីព្រោះគាត់បានទៅរារាំងក្រុមអ្នកកាសែតមិនឲ្យថតរូប។ យើងចាប់ខ្លួនគាត់ដើម្បីធ្វើការសាកសួរជុំវិញការចោទប្រកាន់អំពីការប្រើអំពើហិង្សាដោយចេតនាទៅលើក្រុមអ្នកកាសែត ដើម្បីបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ រួមមានកាមេរ៉ា និងទូរស័ព្ទស្មាតហ្វូន។ យើងមិនដឹងអ្វីលើសពីនេះទេ។ នេះគឺជាការចោទប្រកាន់របស់ក្រុមអ្នកកាសែត។ បើគាត់មិនធ្វើអ្វីខុសទេ យើងនឹងដោះលែងគាត់ ហើយប្រគល់រថយន្តឲ្យវិញ”។
នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈពេលត្រូវបញ្ជូនខ្លួនត្រឡប់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌវិញបន្ទាប់ពីសាកសួររួច លោក មឿន សារ៉ាមិទ្ធ បាននិយាយថា គាត់គ្រាន់តែឈប់នៅកន្លែងកើតហេតុដើម្បីជួយធ្វើការសម្របសម្រួលតែប៉ុណ្ណោះ។
មុនពេលត្រូវនាំចូលរថយន្តនគរបាល គាត់និយាយថា “ពួកគេចោទប្រកាន់ខ្ញុំខុសហើយ ព្រោះខ្ញុំមិនដឹងអីទេ។ ខ្ញុំគ្រាន់តែបើករថយន្តដើរលេងជុំវិញ [ភ្នំពេញ] ប៉ុណ្ណោះ ព្រោះខ្ញុំទើបមកពីបរទេស។ ខ្ញុំទើបតែមកលេង ហើយខ្ញុំឃើញប្រជាជនខ្មែរឈ្លោះគ្នា។ ខ្ញុំស្រឡាញ់ប្រជាជនខ្មែរ ដូច្នេះហើយខ្ញុំក៏ព្យាយាមឃាត់ពួកគេ”។
ព្រះរាជអាជ្ញារង កែវ សុជាតិ អមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គ្មានបទចោទប្រកាន់លើលោក មឿន សារ៉ាមិទ្ធ ទេ ហើយថា គាត់ត្រូវបានឃុំខ្លួនដើម្បីធ្វើការសាកសួរបន្ថែម។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកមានប្រសាសន៍បន្តថា “បន្ទាប់ពីការសាកសួរនៅថ្ងៃនេះ យើងនៅមិនទាន់សម្រេចថា តើត្រូវចោទប្រកាន់ជនសង្ស័យឬយ៉ាងណានៅឡើយទេ”។
យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ពាក្យបណ្ដឹងជុំវិញឧបទ្ទវហេតុកាលពីយប់ថ្ងៃច័ន្ទ ត្រូវបានដាក់ដោយអ្នកកាសែតប្រាំពីរនាក់ រួមមានបីនាក់មកពីបណ្ដាញព័ត៌មានកម្ពុជា (CNC) ម្នាក់មកពីទូរទស្សន៍ហង្សមាស ម្នាក់មកពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងពីរនាក់ទៀតមកពីគេហទំព័រព័ត៌មានតាមអុីនធើណិត។
លោក វ៉ាន សាវ៉េត មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានមានប្រសាសន៍នៅខាងក្រៅតុលាការថា នគរបាលបានដកហូតរថយន្តហុងដាពណ៌ក្រហមមួយគ្រឿងដែលពាក់ស្លាកលេខនគរបាល រថយន្តតូចមួយគ្រឿង និងរថយន្ត Daewoo Tico មួយគ្រឿង។
លោកមានប្រសាសន៍ថា “រថយន្តពីរគ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ហើយមួយគ្រឿងទៀតរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។ ជនសង្ស័យកំពុងត្រូវឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌនៅថ្ងៃនេះ បន្ទាប់ពីការសាកសួររបស់តុលាការនៅពេលព្រឹក”។
លោក ង៉ូវ ឌីណា អ្នកកាន់កាមេរ៉ាថតឲ្យទូរទស្សន៍ហង្សមាស ដែលស្ថិតក្នុងចំណោមអ្នកដែលដាក់ពាក្យប្ដឹងនិយាយថា ខ្លួនបានឃើញលោក មឿន សារ៉ាមិទ្ធ វាយអ្នកយកព័ត៌មាន និងឆក់យកកាមេរ៉ារបស់ពួកគេ ហើយគិតថា គាត់គឺជាអ្នកដែលគេទូរស័ព្ទហៅឲ្យមកជួយអន្តរាគមន៍អ្នកដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។
គាត់បាននិយាយទៀតថា “ខ្ញុំបានឃើញគាត់អង្គុយក្នុងរថយន្តផ្នែកខាងក្រោយជាមួយនារីពីរនាក់ រួមមានទាំង ឱក សុមាវត្តី [តារាចម្រៀង] ផង ហើយបន្ទាប់មកខ្ញុំឃើញគាត់ជាមនុស្សដំបូងគេដែលបង្កបញ្ហាជាមួយក្រុមអ្នកយកព័ត៌មាន ហើយព្យាយាមឆក់យកកាមេរ៉ារបស់យើង។ យើងឃើញបុរសសក់វែងនោះវាយអ្នកយកព័ត៌មាន។ ខ្ញុំបានប្រាប់គាត់ថា យើងជាអ្នកកាសែត ប៉ុន្តែគាត់មិនស្ដាប់ទេ”។
លោក ង៉ូវ ឌីណា បានលើកឡើងថា លោក មឿន សារ៉ាមិទ្ធ មិនមែនជាអ្នកបាញ់ទេ ប៉ុន្តែគាត់ពាក់ព័ន្ធសកម្មនៅក្នុងការប្រវាយប្រតប់គ្នានោះ។ លោកបានបន្តថា “បើគាត់មិននៅខាងក្រុមធ្វើខុសទេ នៅពេលគាត់ឃើញគ្រោះថ្នាក់ ហេតុអ្វីគាត់មកជួយបុរសទាំងនោះ?”។ លោក ស្រា៊ង ប៊ុណ្ណារ៉ា នាយរងប៉ុស្តិ៍សង្កាត់ស្រះចក បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងតាមស្វែងរកមនុស្ស១០នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះដើម្បីមកធ្វើការសាកសួរ៕ សុខុម