ប័ណ្ណសារ

​​​បុរស​​​ខ្មែរ​​​អាណិក​​​ជន​​​អាមេរិក ​​​ត្រូវបានបញ្ចេញ​​​ឈ្មោះ​​​​​​​​​ក្នុង​​​ករណី​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ ​​​​​ក្រុមអ្នក​​​កាសែត

By

December 24, 2014

កាល​​​ពី​​​ម្សិល​​​មិញ នគរ​​​បាល​​​​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​​​​​​​​​​​បុរស​​​ខ្មែរ​​​អាណិក​​​ជន​​​អាមេរិក ម្នាក់ថា​​​ជា​​​​​​បុគ្គល​​​ដែល​​​​​​ខ្លួន​​​ចាប់​​​បាននៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ដែល​​​ចុះ​​​ទៅ​​​យក​​​ព័ត៌​​​មាន​​​​​​​​​​ក្នុង​​​ហេតុ​​​ការណ៍គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មួយ បាន​​​រង​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​បាញ់​​​​​​បោះ​​​ពីសំណាក់​​​អ្នក​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​គ្រោះ​​​ថ្នាក់នោះ​​​ដែល​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​រថ​​​យន្ត​​​មួយ​​​​គ្រឿង​​​ពាក់​​​ស្លាក​​​លេខ​​​នគរបាល។

​​​លោក មឿន សារ៉ាមិទ្ធ ដែលជា​​​​​​ខ្មែរ​​​រស់​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិកត្រូវបានតុលាការសាកសួរពាក់ព័ន្ធករណី​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើក្រុមអ្នក​​​កាសែត។​ បែន​ សុខហ៊ាន

លោក ស៊្រាង ប៊ុណ្ណារ៉ា នាយរង​​​ប៉ុស្តិ៍​​​​នគរ​​​បាល​​​សង្កាត់​​​ស្រះ​​​ចក ដែល​​​បាន​​​ដឹក​​​នាំ​​​កម្លាំង​​​នគរ​​​បាល​​​​​​ចុះ​​​ទៅ​​​កាន់​​​កន្លែង​​​កើតហេតុ​​​​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​រថ​​​យន្ត​​​ជា​​​ច្រើន​​​គ្រឿង​​​​​​នៅ​​​ជិត​​​វត្ត​​ភ្នំ​​​ ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ នៅ​​​វេលា​​​ម៉ោង​​​​​​ប្រហែល​​​១រំលង​​អធ្រាត្រ​​ បាន​​​​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ដែល​​​ចាប់​​​ខ្លួន​​​បាន​​​ថា​​​មាន​​​ឈ្មោះ​​​ មឿន សារ៉ាមិទ្ធ អាយុ​​​៣២​​​ឆ្នាំ​​​ ​​​ខ្មែរ​​​រស់​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក។

លោក​​ ស៊្រាង ប៊ុណ្ណារ៉ា ​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក មឿន សារ៉ាមិទ្ធ ​​​មិន​​​ជាប់​​​សង្ស័យពី​​​បទ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​អ្ន​​​កកាសែត​​​ទេ ប៉ុន្តែ​​​​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​​​មនុស្ស​​​ប៉ុន្មាន​​​នាក់ដែល​​​​​​​​បាន​​​ព្យាយាម​​​​​​​​បង្ខំ​​​ឲ្យ​​​​​​ក្រុម​​​អ្នកកាសែត​​​​​​លុប​​​រូប​​​ថត និង​​​វីដេអូ​​​ចោល។

លោក​​​បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ថា “ម្នាក់​​​ក្នុង​​​ចំណោម​​​​​​ជន​​​សង្ស័យ​​​ផ្សេងៗ​​​ទៀត​​​ ​​​បាន​​​​​ផ្ទុះ​​​អាវុធ​​​បី​​​គ្រាប់ ហើយ​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​​​​បុរស​​​ម្នាក់​​​ [លោក សារ៉ាមិទ្ធ] ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​ជាប់​​​ពាក់ព័ន្ធ​​​​​​នឹង​​​ពួកគេ ហើយ​​​បាន​​​បញ្ជូន​​​​​​គាត់​​​ទៅ​​​តុលាការ​​​នៅ​​​ព្រឹក​​​នេះ​​​។ គាត់​​​គឺ​​​ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ ពីព្រោះ​​​គាត់​​​បាន​​​ទៅ​​​រារាំង​​​ក្រុម​​​អ្នក​​​កាសែត​​​មិន​​​ឲ្យ​​​ថតរូប។ យើង​​​ចាប់​​​ខ្លួន​​​គាត់​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ទៅ​​​លើ​​​ក្រុម​​​​​​អ្នក​​​កាសែត​​​ ដើម្បី​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ពួកគេ​​​ រួម​​​មាន​​​​​​កាមេរ៉ា និង​​​ទូរស័ព្ទ​​​ស្មាតហ្វូន។​​​ យើង​​​មិន​​​ដឹង​​​អ្វី​​​​​​លើ​​​ស​​​ពី​​​នេះ​​​ទេ​​​។ នេះ​​​គឺជា​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​ក្រុម​​​អ្នក​​​កាសែត។ បើ​​​គាត់​​​មិន​​​ធ្វើ​​​អ្វី​​ខុស​​​ទេ យើង​​​នឹង​​​ដោះលែង​​​គាត់ ហើយ​​​ប្រគល់​​​រថយន្ត​​​ឲ្យ​​​វិញ”។

នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាលពី​​​ម្សិលមិញ ខណៈ​​​ពេលត្រូវ​​​​​​​​​បញ្ជូន​​​ខ្លួន​​​ត្រឡប់​​​ទៅ​​​កាន់​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​វិញ​​​​​​​​​បន្ទាប់ពីសាកសួរ​​​​​​រួច​​​ លោក​​​ មឿន សារ៉ាមិទ្ធ បាន​​​និយាយ​​​ថា គាត់​​​គ្រាន់​​​តែ​​​ឈប់​​​​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ដើម្បី​​​ជួយ​​​ធ្វើ​​​ការ​​​សម្រប​​​សម្រួល​​​តែ​​​ប៉ុណ្ណោះ។

មុន​​​ពេល​​​​​​ត្រូវ​​​នាំ​​​ចូល​​​រថយន្ត​​​នគរ​​​បាល គាត់​​​និយាយ​​​ថា “ពួកគេ​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ខុសហើយ ព្រោះ​​​ខ្ញុំ​​​មិន​​​ដឹង​​​អី​​​ទេ។ ខ្ញុំ​​​គ្រាន់​​​តែ​​​បើក​​​រថយន្ត​​​ដើរ​​​លេង​​​ជុំវិញ [ភ្នំពេញ] ប៉ុណ្ណោះ ព្រោះ​​​ខ្ញុំ​​​ទើប​​​មក​​​ពី​​​បរទេស​​​។ ខ្ញុំ​​​ទើប​​​តែ​​​មក​​​លេង​​​ ហើយ​​​ខ្ញុំ​​ឃើញ​​​ប្រជាជន​​​ខ្មែរ​​​ឈ្លោះ​​​គ្នា។ ខ្ញុំ​​​​​​ស្រឡាញ់​​​​​ប្រជា​​​ជន​​​ខ្មែរ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​ក៏​​​ព្យាយាម​​​ឃាត់​​​ពួកគេ​​​”។

ព្រះរាជអាជ្ញារង​​​ កែវ សុជាតិ អម​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ ​​​បា​​ន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​បទ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក​​​ មឿន សារ៉ាមិទ្ធ ទេ​​​ ហើយ​​​ថា គាត់​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​បន្ថែម។ មុន​​​ពេល​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទៀត លោក​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា “បន្ទាប់ពី​​​ការ​​​សាកសួរ​​​នៅ​​​ថ្ងៃ​​​នេះ យើង​​​នៅ​​​មិន​​​​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ជនសង្ស័យ​​​ឬយ៉ាង​​​ណា​​​នៅ​​​ឡើយ​​​ទេ”។

យោង​​​តាម​​​របាយការណ៍​​​របស់​​​នគរ​​​បាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពាក្យ​​​បណ្ដឹង​​​​​​ជុំវិញ​​​ឧបទ្ទវហេតុ​​​​​​កាលពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ ត្រូវ​​​បាន​​​ដាក់​​​ដោយ​​​អ្នក​​​កាសែត​​​ប្រាំពីរ​​​នាក់ រួម​​​មាន​​​បី​​​នាក់​​​​​​មកពី​​​បណ្ដាញ​​​ព័ត៌មាន​​​កម្ពុជា (CNC) ម្នាក់​​​មកពី​​​ទូរទស្សន៍​​​ហង្សមាស ម្នាក់​​​មកពី​​​ទូរទស្សន៍​​​ប៉ុស្តិ៍​​​លេខ​​​៣ និង​​​ពីរ​នាក់​​​ទៀត​​​មកពី​​​គេហទំព័រ​​​ព័ត៌មាន​​​តាម​​​​​​អុីនធើណិត​​​។

លោក វ៉ាន សាវ៉េត មន្ត្រី​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​​​ដូនពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​ថា នគរ​​​បាល​​​បាន​​​​​​ដក​​​ហូត​​​រថយន្ត​​​ហុងដាពណ៌​​​ក្រហម​​​មួយ​​​គ្រឿង​​​ដែល​​​ពាក់​​​ស្លាក​​​លេខ​​​នគរបាល​​​ រថយន្ត​​​តូច​​​មួយ​​​គ្រឿង និង​​​រថយន្ត​​​ Daewoo Tico មួយ​​​គ្រឿង​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ពីរ​​​គ្រឿង​​​រក្សា​​​ទុក​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​ស្រះចក ហើយ​​​មួយ​​​គ្រឿង​​​ទៀត​​​​​​រក្សា​​​ទុក​​​​​នៅ​​​អធិការដ្ឋាន​​​​​​នគរ​​​បាល​​​ខណ្ឌ​​​។ ជនសង្ស័យ​​​កំពុង​​​​​​ត្រូវ​​​ឃុំខ្លួន​​​នៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់ពី​​​​​​ការ​​​សាកសួរ​​​របស់​​​តុលាការ​​​នៅ​​​ពេល​​​ព្រឹក”។

លោក ង៉ូវ ឌីណា អ្នក​​​កាន់​​​កាមេរ៉ា​​​ថត​​​ឲ្យ​​​ទូរទស្សន៍​​​ហង្សមាស​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​និយាយ​​​ថា ខ្លួន​​​បាន​​​ឃើញ​​​លោក មឿន សារ៉ាមិទ្ធ វាយ​​​អ្នក​​​យក​​​ព័ត៌​​​​​​​មាន និង​​​ឆក់​​​យក​​​កាមេរ៉ា​​​របស់​​​ពួកគេ​​​ ហើយ​​​គិត​​​ថា ​​​គាត់​​​គឺ​​​ជា​​​អ្នក​​ដែល​​​គេ​​​ទូរស័ព្ទ​​​ហៅ​​​​​​ឲ្យ​​​មក​​​ជួយ​​​អន្តរាគមន៍​​​អ្នក​​​ដែល​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ។

គាត់​​​បាន​​​និយាយទៀត​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​គាត់​​​​​​អង្គុយ​​​ក្នុង​​​រថយន្ត​​​ផ្នែក​​​ខាង​​​ក្រោយ​​​ជាមួយ​​​នារី​​​ពីរ​​​នាក់ រួម​​​មាន​​​ទាំង​​​ ឱក សុមាវត្តី [តារាចម្រៀង​​​] ផង​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​ឃើញ​​​​​​គាត់​​​ជា​​​មនុស្ស​​​ដំបូង​​​គេ​​​ដែល​​​បង្ក​​​បញ្ហា​​​ជាមួយ​​​ក្រុម​​​អ្នក​​​យកព័ត៌មាន​​​ ហើយ​​​ព្យាយាម​​​ឆក់​​​យក​​​កាមេរ៉ា​​​របស់​​​យើង​​​។ យើង​​​ឃើញ​​​បុរស​​​សក់​​​វែង​​​នោះ​​​វាយ​​​អ្នក​​​យកព័ត៌មាន​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា យើង​​​ជា​​អ្នក​​​កាសែត​​​ ប៉ុន្តែ​​​គាត់​​​មិន​​​ស្ដាប់​​​​​​ទេ”។

លោក ង៉ូវ ឌីណា បាន​​​លើក​​​ឡើង​​​ថា លោក​​​ មឿន សារ៉ាមិទ្ធ ​​​មិន​​​មែន​​​ជាអ្នក​​​បាញ់​​​ទេ ប៉ុន្តែ​​​គាត់​​​​​​ពាក់​​​ព័ន្ធ​​​សកម្ម​​​នៅ​​​ក្នុង​​​ការ​​​ប្រវាយ​​​ប្រតប់គ្នា​​​នោះ​​​។ លោក​​​បាន​​​បន្ត​​​ថា “បើ​​​គាត់​​​​​​មិន​​​​​​នៅ​​​ខាង​​​ក្រុម​​​ធ្វើ​​​ខុស​​​ទេ​​​ នៅ​​​ពេល​​​គាត់​​​ឃើញ​​​គ្រោះ​​​ថ្នាក់​​​ ហេតុអ្វី​​​គាត់​​​មក​​​ជួយ​​​បុរស​​​ទាំង​​​នោះ​​​?”។ ​​​​​​​​​​​​​​​​​​​​​​​​ លោក​​​ ស្រា៊ង ប៊ុណ្ណារ៉ា នាយ​​​រង​​​ប៉ុស្តិ៍សង្កាត់​​​ស្រះចក បាន​​​មាន​​​ប្រសាសន៍​​​ថា សមត្ថកិច្ច​​​កំពុង​​​តាម​​​ស្វែង​​​រក​​​មនុស្ស​​​១០​​​នាក់​​​ទៀត ដែល​​​ជាប់ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​ដើម្បី​​​មក​​​ធ្វើ​​​ការ​​​សាកសួរ​​​៕ សុខុម​​​​​​​​​