កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរសកម្មជនព្រះសង្ឃព្រះនាម កែវ សុមាលី ដែលជាប់ចោទពីបទវាយព្រះសង្ឃមួយអង្គទៀតនៅវត្តនាគវន្ត ក្នុងរាជធានីភ្នំពេញកាលពីខែមុន។
ព្រះតេជគុណ ឡុង ឆេងហ៊ី ដែលជាជនរងគ្រោះ មានសង្ឃដីកាថា ព្រះសង្ឃអង្គនេះបានដាល់ និងទាត់ធាក់ព្រះអង្គកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ជាការអះអាងដែលព្រះតេជគុណ កែវ សុមាលី បដិសេធ។
អ្នកគាំទ្រប្រហែល២០០នាក់របស់ព្រះអង្គ កែវ សុមាលី ដែលតុលាការមិនទាន់ចោទប្រកាន់នៅឡើយ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលសវនាការដើម្បីធ្វើការតវ៉ាទាមទារឲ្យមានការស៊ើបអង្កេត។
ព្រះអង្គបានមានសង្ឃដីកាទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ព្រះរាជអាជ្ញារងមិនទាន់ចោទប្រកាន់អាត្មានៅឡើយទេ ហើយបានបកស្រាយពីការចោទប្រកាន់ថា អាត្មាបានប្រើអំពើហិង្សាលើព្រះតេជគុណ ឡុង ឆេងហ៊ី ហើយអាត្មានិយាយថា អាត្មាមិនបានប្រើអំពើហិង្សាលើព្រះតេជគុណ ឡុង ឆេងហ៊ី ទេ ប៉ុន្តែគឺព្រះអង្គទេដែលប្រើអំពើហិង្សាលើអាត្មា”។
ព្រះរាជអាជ្ញារង ណុប ឈុនឡុង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែក្រឡាបញ្ជីបានបញ្ជាក់ថា ព្រះតេជគុណ កែវ សុមាលី ត្រូវបានសាកសួរ ហើយមានប្រសាសន៍ថា តុលាការក៏នឹងកោះហៅសាក្សីនៅក្នុងសំណុំរឿងនេះដែរ។
សូមបញ្ជាក់ថា ព្រះតេជគុណ កែវ សុមាលី គឺជាសមាជិកនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ជាព្រះសង្ឃមួយក្រុមដែលតែងតែធ្វើការតវ៉ាប្រឆាំងការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាល ហើយបានមានសង្ឃដីកាថា តុលាការតម្រង់គោលដៅមករកព្រះអង្គដោយសារតែសកម្មភាពរបស់ព្រះអង្គ៕ សុខុម