29 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បី​​​នាក់​​​ពី​​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​អ្នក​​​នេ​​​សាទ​​​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ សាលាដំបូង​​​ខេត្ត​​​សៀម​​​រាប​​​​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បីនាក់​​​ពី​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​ ផលិត​​​​​​និង​​​ប្រើ​​​ប្រាស់​​​ឯក​​​សារ​​​ក្លែង​​​ក្លាយ​​​​​​ដែល​​​តាម​​​ចោទ​​​ពី​​​បទ​​​​​​ក្លែង​​​ជា​​​បុគ្គលិក​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​​​​ដើម្បី​​​គំរាម​​​ទារ​​​ប្រាក់​​​ពី​​​អ្នក​​​នេសាទ​​​មូលដ្ឋាន​​​បាន​​​ជាង​​​៤០០ដុល្លារ​​​​​​នៅ​​​ក្នុង​​​សង្កាត់​​​ចុង​​​ឃ្នៀស​​​ ក្រុង​​​សៀម​​​រាប។

លោក ចៅ ម៉ៅវីរៈ ស្នងការ​​​រង​​​នគរបាល​​​ខេត្ត​​​​​​ទទួលបន្ទុក​​​អន្តោ​​​ប្រវេស​​​ន៍​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា បុរស​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ថ្ងៃអាទិត្យ​​​នៅ​​​មាត់​​​បឹង​​​ទន្លេសាប​​​ កន្លែង​​​ដែល​​​ពួក​​​គេ​​​បាន​​​ចត​​​ទូក​​​របស់​​​ខ្លួន​​។​ លោក ម៉ៅវីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ថ្ងៃសុក្រ និង​​​ថ្ងៃសៅរ៍ ​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បី​​​នាក់​​​បាន​​​ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋាន​​​ដូច​​​បុគ្គលិក​​​អង្គ​​​ការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល​​​អ៊ីចឹង​​​​​​​​​មក​​​គំរាម​​​ទារ​​​ប្រាក់​​​ចំនួន​​​​​​៤២៥ដុល្លារ​​​ពី​​​អ្នកនេសាទ​​​ខ្មែរ​​​របស់​​​យើង​​​​​​”។លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​ទាំងនេះ​​​មិន​​​បាន​​​ធ្វើអ្វី​​​ខុស​​​​​​ច្បាប់​​​ឡើយ។

លោក ម៉ៅវីរៈ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​ប្រើ​​​ប័ណ្ណ​​​សម្គាល់​​​ខ្លួន​​​ក្លែង​​​ក្លាយ​​​ដែល​​​បាន​​​បង្ហាញ​​​​​​អត្ត​​​សញ្ញាណ​​​ថា ជា​​​បុគ្គលិក​​​​​​អង្គការ​​​ការ​​​ពារ​​​បរិស្ថាន និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ ហើយ​​​បាន​​​ប្រាប់​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ឲ្យ​​​បង់​​​លុយ​​​ឲ្យ​​​ពួកគេ​​​ដើម្បី​​​ចៀស​​​វាង​​​​​ការ​​​ចាប់​​​ប្រគល់​​​ឲ្យ​​​​​អាជ្ញាធរ។ លោក ម៉ៅវីរៈ បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ច្បាស់​​​ថា តើ​​​អង្គការ​​​នេះ​​​ជា​​​អង្គការ​​​ពិតប្រាកដ​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ។

មិន​​​មាន​​​នរណា​​​ម្នាក់​​​លើ​​​ក​​​ទូរស័ព្ទ​​​​​​ដែល​​​ហៅ​​​ទៅ​​​កាន់​​​លេខ​​​​​​ក្នុង​​​បញ្ជី​​​របស់​​​អង្គការ​​​មិនមែន​​រដ្ឋាភិបាល​​​នេះ​​​នៅ​​​ក្នុង​​​ឯកសារ​​​ក្លែង​​​សម្រាប់​​​ការិយាល័យ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ការ​​​​​​ហៅ​​​ទៅកាន់​​​លេខ​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​ Yellow Pages សម្រាប់​​​ការិ​​​យា​​​ល័យ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ឡើយ ដោយ​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​​​​ស្វ័យ​​​ប្រវត្តិ​​​ថា មិន​​​មាន​​​ក្នុង​​​ប្រព័ន្ធ​​​យើង​​​ខ្ញុំ​​​ទេ។

លោក កើត វណ្ណារ៉េត​​​ ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អេង ផាង អាយុ​​៥៨ឆ្នាំ​​​ ត្រាន ទុងវៀត​​ អាយុ​​​៤៨ឆ្នាំ និង​​ ឡេ​​​ ដុងឡយ អាយុ​​​២៨ឆ្នាំ​​​​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​ ប្រើ​​​ប្រាស់​​​ ហើយ​​​ផលិត​​​ឯកសារ​​​ក្លែង​​​ក្លាយ។ លោក​​​បាន​​​បន្ថែម​​​ថា “​​​ពួកគេ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ហើយ​​” ដើម្បី​​​ធ្វើការ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​។

លោក ឯម ម៉ាន ចៅសង្កាត់​​​ចុង​​​ឃ្នៀស បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ​​​ ផាង បាន​​​គំរាម​​​ទារ​​​ប្រាក់​​​ពី​​​អ្នក​​​នេសាទ​​​នៅ​​​ក្នុង​​​សង្កាត់​​​នេះ​​​ពីមុន​​​មក​​​។ លោក​​​បាន​​មាន​​​ប្រសាសន៍​​​ថា “អេង ផាង ជា​​​ជន​​ជាតិ​​​វៀត​​​ណាម​​​រូប​​​នេះ​​​ គាត់​​​ស្គាល់​​​នគរ​​​ច្រើន​​​ដើម្បី​​​ការ​​​ពារ​​​គាត់​​​នៅ​​​ពេល​​​គាត់​​​គំរាម​​​ទារ​​​ប្រាក់​​​ជា​​​ច្រើន​​​លើក​​​ក្នុង​​​ពេល​​​កន្លង​​​មក”។ លោក ព្រិន​​​ សាវិន ​​​នាយ​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស