29 C
Phnom Penh

ប្រធានាធិបតី​​វៀតណាម​ ធ្វើ​ទស្សនកិច្ច​នៅកម្ពុជា​​​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​លោក ជ្រឿង តឹងសាង ​ប្រធានាធិបតី​វៀតណាម​​បាន​ចូលក្រាប​​បង្គំគាល់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី សម្ដែង​ការ​គួរ​សម​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ផ្សេងៗ​ទៀត​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដំបូង​​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។PHOTO

លោក អៀង សុផាល្លែត អ្នក​នាំពាក្យ​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ទាប់ពី​មេដឹកនាំ​ទាំង​ពីរ​​ជួប​គ្នា​នៅ​ព្រះបរម​រាជវាំង​ថា “លោក សាង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​៥.០០០លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០១៥​ ដូច​ការ​គ្រោង​ទុក​ ហើយ​បាន​អញ្ជើញ​សម្ដេច ហ៊ុន សែន ឲ្យ​​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​ទៅ​កាន់​​ប្រទេស​វៀតណាម​​។ លោក​ [តឹងសាង] បាន​មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​លើ​គណបក្ស​ប្រជា​ជន​កម្ពុជា​យ៉ាង​មុតមាំ​​ថា គណបក្ស​នេះ​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​​ដល់​កម្ពុជា​”។

លោក​ ជ្រឿង តឹងសាង ក៏​បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​​ដែល​បាន​សរសើរ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក កែវ ពិសិដ្ឋ ប្រធាន​ខុទ្ទកាល័យ​របស់​លោក ហេង សំរិន បាន​មាន​ប្រសាសន៍​ថា “ដំណើរ​ទស្សនកិច្ច​របស់​លោក​​ប្រធានាធិបតី​​ និង​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​កាន់​កម្ពុជា ​ផ្ដល់​លទ្ធភាព​បន្ថែម​ទៀត​​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។ សម្ដេច​ [សំរិន​] បាន​សុំ​បន្ត​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​​[លោក​ តឹងសាង] ​បាន​លើក​ឡើង​ថា ដើម្បី​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ​​នឹង​ត្រូវ​ជំរុញ​ឲ្យ​ដល់​ប្រហែល​៥.០០០​លាន​ដុល្លារ”។

សូម​រំឭក​ថា ប្រទេស​វៀតណាម​បាន​លើក​បន្តុប​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​កម្ពុជា​ បន្ទាប់ពី​​ឈ្លាន​ពាន​ចូល​ប្រទេស​នេះ​ និង​បណ្ដេញ​ខ្មែរ​ក្រហម​ចេញ​ពី​អំណាច​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ​៕ សុខុម​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស