កាលពីម្សិលមិញ ក្រុមអ្នកភូមិជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរីដែលបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានពីបទដុតផ្ទះរបស់ពួកគាត់នៅលើដីដែលអះអាងសិទ្ធិកាន់កាប់ដោយក្រុមហ៊ុនចម្ការកៅស៊ូនោះ បានប្តេជ្ញាទាមទារសិទ្ធិកាន់កាប់ដីរបស់ពួកគាត់វិញ បើទោះជាមានការគំរាមចាប់ខ្លួនក៏ដោយ។
នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល តំណាងអ្នកភូមិបួននាក់បានលើកឡើងថា នគរបាល កងរាជអាវុធហត្ថនិងទាហានប្រហែល១០០នាក់បានដុតផ្ទះរបស់ពួកគាត់នៅក្នុងស្រុកកែវសីមាកាលពីព្រឹកថ្ងៃច័ន្ទ ហើយបានឈរយាមខណៈដែលកម្មករក្រុមហ៊ុនចម្ការកៅស៊ូ Benh Phoeuk ១ បានប្រើត្រាក់ទ័រឈូសរានដីស្រែចម្ការរបស់ពួកគាត់។
អាជ្ញាធរបានចោទប្រកាន់ជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសារពីបទតាំងទីលំនៅលើដីដែលត្រូវបានលក់ស្របច្បាប់ឲ្យក្រុមហ៊ុនចម្ការកៅស៊ូនេះ ប៉ុន្តែក្រុមអ្នកភូមិលើកឡើងថា ពួកគាត់បានធ្វើស្រែចម្ការក្នុងតំបន់នេះច្រើនជំនាន់មកហើយ។
ពួកគាត់មិនអាចនិយាយថា តើដីទំហំប៉ុន្មានពិតប្រាកដដែលមានវិវាទឡើយ ប៉ុន្តែបានអះអាងថា អ្នកភូមិសរុប២១១គ្រួសារបានបាត់បង់ដីយ៉ាងហោចណាស់៥ហិកតាក្នុងមួយគ្រួសារៗទៅលើក្រុមហ៊ុនចម្ការកៅស៊ូនេះចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្តើមរានដីក្នុងតំបន់នេះកាលពីថ្ងៃទី៤ខែធ្នូមក។ អ្នកភូមិម្នាក់ឈ្មោះ ប្រប់ សុខា ដែលបានធ្វើដំណើរមករាជធានីភ្នំពេញនិយាយថា “ខ្ញុំឈឺចាប់ណាស់ នៅពេលខ្ញុំឃើញអាជ្ញាធរចាក់សាំងដុតផ្ទះរបស់ខ្ញុំ”។
តំណាងអ្នកភូមិបួននាក់ដែលបានមករាជធានីភ្នំពេញលើកឡើងថា ពួកគាត់ក៏ត្រូវបានគំរាមចាប់ខ្លួនផងដែរកាលពីថ្ងៃច័ន្ទដោយបុរសមួយក្រុមស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់ ប្រសិនបើពួកគាត់បន្តធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូនេះ។
ទោះជាយ៉ាងណា លោក យ៉ាន ម៉ៅ បាននិយាយថា លោកមិនខ្លាចឡើយ។ លោកបាននិយាយថា “ខ្ញុំនឹងត្រឡប់ទៅផ្ទះនៅថ្ងៃស្អែកដើម្បីតាំងទីលំនៅលើដីរបស់ខ្ញុំវិញ បើទោះជាអាជ្ញាធរចង់រារាំងយើងមិនឲ្យសាងសង់ផ្ទះឡើងវិញក៏ដោយ។ ខ្ញុំសុខចិត្តស្លាប់លើដីរបស់ខ្ញុំ ពីព្រោះដីនេះគឺជាដីដូនតារបស់ខ្ញុំ”។
ក្រុមអ្នកភូមិលើកឡើងថា ពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិឯកជន ឬប័ណ្ណកម្មសិទ្ធិរួមចំពោះដីនេះឡើយ ប៉ុន្តែថា អាជ្ញាធរមូលដ្ឋានបានកត់ត្រាពីដីរបស់ពួកគាត់នៅក្នុងសៀវភៅគ្រួសារដែលចេញដោយរដ្ឋាភិបាល។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានបញ្ជាក់ថា មន្ត្រីប្រហែល១០០នាក់ត្រូវបានបញ្ជូនទៅរុះផ្ទះរបស់ក្រុមអ្នកភូមិ ប៉ុន្តែបានបដិសេធថា ពួកគេមិនបានដុតទេ។ លោកបានមានប្រសាសន៍ថា “យើងគ្រាន់តែរុះផ្ទះប៉ុណ្ណោះ ពីព្រោះផ្ទះទាំងនេះត្រូវបានសាងសង់លើដីរបស់ក្រុមហ៊ុន។ យើងមិនអាចអនុញ្ញាតឲ្យពួកគាត់កាន់កាប់ដីនេះបានទេ ពីព្រោះវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន”។
លោក ប៊ុនធឿន ក៏បានបដិសេធផងដែរថា អាជ្ញាធរមិនបានគំរាមចាប់ខ្លួនអ្នកភូមិឡើយ។ លោកបានបដិសេធមិនផ្តល់ព័ត៌មានទាក់ទងសម្រាប់ម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូ
ដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា ខ្លួនកំពុងស៊ើបអង្កេតករណីនេះ៕សារុន