មន្ត្រីមួយរូបបានឲ្យដឹងថា ក្រុមការងារដឹកនាំដោយរដ្ឋាភិបាល ដែលមានភារកិច្ចត្រូវកំណត់ពីប្រភពដែលធ្វើឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបង បានចាប់ផ្ដើមការស្ទង់មតិរបស់ខ្លួនកាលពីម្សិលមិញ ក្នុងគោលបំណងកំណត់ថា តើមេរោគអេដស៍នេះឆ្លងរាលដាលតាមរបៀបណា។
ពលរដ្ឋជាង១០០នាក់ ដែលរួមមានដូចជា ក្មេងៗ អ្នកភូមិវ័យចំណាស់ៗ និងព្រះសង្ឃចំនួនពីរអង្គត្រូវបានធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំក្នុងស្រុកសង្កែ កាលពីថ្ងៃព្រហស្បតិ៍ ដោយរកឃើញថា មានឆ្លងមេរោគអេដស៍។ ហើយមនុស្សយ៉ាងតិចចំនួន៩០នាក់ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគអេដស៍បន្ទាប់ពីត្រូវបានធ្វើតេស្តឈាមជាលើកទី៣កាលពីថ្ងៃសុក្រ នៅវិទ្យាស្ថានបា៉ស្ទ័រក្នុងរាជធានីភ្នំពេញ។ មន្ត្រីសុខាភិបាលដែលគេទាក់ទងនៅក្នុងសប្ដាហ៍នេះ បានបដិសេធមិនប្រាប់ពីតួលេខថ្មីៗឡើយ។
កាលពីថ្ងៃច័ន្ទ សាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់លោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណប្រចាំភូមិ ដែលអ្នកភូមិបានបន្ទោសថា ជាអ្នកធ្វើឲ្យមេរោគអេដស៍ឆ្លងរាលដាលនោះពីបទមនុស្សឃាត អមដោយទារុណកម្ម អំពើព្រៃផ្សៃ ឬចាប់រំលោភ។ លោក យ៉ែម ជ្រិន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តនៅឡើយ។
កាលពីម្សិលមិញ លោក ម៉ាសាមិ ហ្វូជីតាក់ (Masami Fujita) ប្រធានក្រុមការងារទទួលបន្ទុកមេរោគអេដស៍នៅអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលកំពុងជួយរដ្ឋាភិបាលនៅក្នុងការស៊ើបអង្កេតរបស់ខ្លួនលើការឆ្លងរាលដាលនៃមេរោគអេដស៍នេះ បានលើកឡើងថា ការស្ទង់មតិលើកត្តាដែលអាចធ្វើឲ្យមេរោគអេដស៍ឆ្លងរាលដាល កំពុងមានដំណើរការហើយ។
លោក ហ្វូជីតាក់ បានមានប្រសាសន៍ថា ” ការប្រមូលទិន្នន័យបានចាប់ផ្ដើមនៅថ្ងៃនេះ យើងសង្ឃឹមថា នឹងអាចបញ្ចប់ការសិក្សានេះនៅពីរបីថ្ងៃខាងមុខនេះ។ យើងកំពុងតែសិក្សាស្វែងរកគ្រប់កត្តាហានិភ័យអាចទៅរួចទាំងអស់ដែលធ្វើឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នៅទីនេះ”។ លោកបានបន្ថែមថា ការស្ទង់មតិគឺផ្ដោតលើកត្តាចំនួនបី ដែលមេរោគអេដស៍អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដូចជា ការរួមភេទ តាមរយៈឈាម និងពីម្ដាយទៅកូន។
លោក ហ្វូជីតាក់ បានលើកឡើងទៀតថា ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិ ក្រុមការងារដែលកំពុងស៊ើបអង្កេតលើការឆ្លងរាលដាលនៃមេរោគអេដស៍នេះ និងដែលដឹកនាំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ហើយមានការចូលរួមពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក UNAIDS និង Unicef នោះ ប្រហែលជាត្រូវធ្វើការសិក្សាតាមដានមួយ។
លោកបានមានប្រសាសន៍ថា “ដោយផ្អែកលើលទ្ធផល យើងអាចឈានដល់ការសន្និដ្ឋានមួយ ឬអាចឈានទៅរកការសម្រួចសំណួរសម្រាប់ការស្ទង់មតិមួយផ្សេងទៀត”។
ចាប់តាំងពីការធ្វើតេស្តឈាមរកមេរោគអេដស៍ជាលើកដំបូងបានចាប់ផ្ដើមកាលពីថ្ងៃទី៨ ខែធ្នូមក អ្នកភូមិនៅឃុំរកាត្រូវបានគេប្រាប់ថា ពួកគាត់ត្រូវទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីបើកថ្នាំពន្យារជីវិត។
លោក អ៊ុំ សុភាព នាយកប្រតិបត្តិអង្គការ Khana ដែលឧបត្ថម្ភគាំទ្រអង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ និងដែលជាអង្គការមិនមែនរដ្ឋាភិបាលធំបំផុតនៅក្នុងប្រទេសកម្ពុជា ធ្វើការផ្នែកប្រយុទ្ធប្រឆាំងជំងឺអេដស៍បានឲ្យដឹងថា អង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ ជាអង្គការមិនមែររដ្ឋាភិបាលក្នុងស្រុកបានចេញថ្លៃធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឲ្យអ្នកភូមិដែលឆ្លងមេរោគអេដស៍។ ប៉ុន្តែមូលនិធិរបស់អង្គការនេះនឹងអស់នៅដំណាច់ខែនេះ។
លោក សុភាព បានមានប្រសាសន៍ទាក់ទិននឹងអ្នកផ្ដល់ហិរញ្ញវត្ថុថា “តាមលក្ខណៈបច្ចេកទេស ពួកគេនឹងបញ្ចប់ការផ្ដល់មូលនិធិនៅក្នុងខែធ្នូនេះ។ ប៉ុន្តែសម្រាប់អង្គការព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍ យើងនឹងព្យាយាមជួយ ហេតុដូច្នេះវានឹងគ្មានបញ្ហាផ្នែកហិរញ្ញវត្ថុឡើយ។
លោកវេជ្ជបណ្ឌិត ហ្វូជីតាក់ បានលើកឡើងទៀតថា ជម្រើសមួយផ្សេងទៀតនោះ គឺនឹងមានការបង្កើតកន្លែងផ្ដល់ថ្នាំពន្យារជីវិតនៅឃុំរកាតែម្ដង។ លោកបានមានប្រសាសន៍ថា ” មានជម្រើសមួយផ្សេងទៀតដែលអាជ្ញាធរមូលដ្ឋានកំពុងគិត។ ប៉ុន្តែកន្លែងនេះតម្រូវឲ្យមានមន្ទីរពិសោធន៍[មួយ] និងអ្នកជំនាញដែលមានបទពិសោធន៍ និងក្រុមជួយគាំទ្រ ហើយកត្តាផ្សេងៗត្រូវតែយកមកពិចារណា”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Consiglio)