27 C
Phnom Penh

នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​​​​ចាប់​​​ផ្តើម​​​​​​សាកសួរ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តា​​​ញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​គេ​​​ហ​​​ទំព័រ​​​នគរបាល​​​ជាតិ​​​​​​ដែល​​​ក៏បាន​​​បង្ហោះ​​​រូបថត​​​​​​បង្ហាញ​​​ពី​​​មុខ​​​មាត់​​​បុរស​​​ប្រាំ​​​នាក់​​​ដែរ​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិលមិញ នាយកដ្ឋាន​​​ជន​​​ភៀសខ្លួន​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ចាប់​​​ផ្តើម​​​សាកសួរ​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តា​​​ញ៉ា​​​​​​១៣នាក់​​​ដែល​​​បាន​​​មកដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​។

យោង​​​តាម​​​គេហ​​​ទំព័រ​​​នេះ​​​បាន​​​ឲ្យ​​​ដឹងទៀត​​​ថា លោក កែម សារិន ប្រធាន​​​នាយកដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​នឹង​​​ធ្វើការ​​​សាកសួរ​​​​​​បុរស​​​មួយ​​​ក្រុម​​​ដែល​​​មាន​​​​​គ្នា​​​១២នាក់​​​និង​​​ស្ត្រី​​​ម្នាក់​​​ ហើយ​​​បញ្ជូន​​​បទ​​​សម្ភាស​​​នោះ​​​ទៅ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ដើម្បី​​​​​ធ្វើការ​​​សម្រេច​​​ថា​​​តើ​​​​​​ត្រូវ​​​ផ្តល់​​​​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ដល់​​​ពួកគេ​​​ ឬ​​​ក៏​​​និរទេស​​​ពួកគេ​​​ទៅ​​​ប្រទេស​​​វៀត​​ណាម​​​វិញ។

គេ​​​ហទំព័រ​​​នេះ​​​បាន​​​ដកស្រង់​​​សម្តី​​​លោក សារិន ដែល​​​បាន​​​លើកឡើង​​​ថា “ការសាកសួរ​​​​​​និង​​​ការ​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​គឺ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​វៀត​​​ណាម​​​ទាំង​​​នេះ​​​មាន​​​លក្ខខណ្ឌ​​​គ្រប់​​​គ្រាន់​​​ដែល​​​ត្រូវ​​​ចាត់​​​ទុក​​​ថា ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ឬ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រកកោន​​ឬយ៉ាង​​​ណា​​​​នោះ”។

ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តា​​​ញ៉ា​​​ទាំង​​​នេះ​​​បាន​​​ភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​កាលពី​​​ពីរ​​​ខែមុន​​​មក​​​កាន់​​​ខេត្ត​​​រតនគិរី​​​​​​ដែល​​​ពួកគេ​​​បាន​​​លាក់ខ្លួន​​​ពី​​​អាជ្ញាធរ​​​ រយៈពេល​​​ជា​​​ច្រើន​​​សប្តាហ៍​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ ហើយ​​​បាន​​​នាំ​​​ពួកគេ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ។

មនុស្ស​​​១៣នាក​​​់ដែល​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគតិច​​​រស់នៅ​​​តំបន់​​​ខ្ពង់រាប​​​ភាគ​​​កណ្តាល​​​នេះ​​​​​​​​​និយាយ​​​ថា ពួកគេ​​​បាន​​​ភៀស​​​ខ្លួន​​​ដោយ​​​មាន​​​ការ​​​ធ្វើ​​​ទុក​​្ខបុក​​​ម្នេញ​​​ផ្នែក​​​សាសនា និង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិលមិញ លោក​​​ សារិន​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​ការ​​​សាក​​​សួរ​​​នេះទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​រសើប​​​។ បើ​​​តាម​​​ច្បាប់​​​កម្ពុជា​​​ មន្ត្រី​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចែក​​​ចាយ​​​ព័ត៌មាន​​​​​​អំពី​​​​​​ករណី​​​ទាំង​​​នេះទេ លុះណាតែ​​​​​​ដំណើរការ​​​បាន​​​បញ្ចប់សិន”។

លោកស្រី វីវៀន តាន មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​ប្រចាំ​តំបន់​​​នៅ​​​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហ​​​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​​​ភៀស​ខ្លួន​បាន​​បង្វែរ​សំណួរ​អំពី​ស្ថានភាព​នៃ​ការ​ដាក់ពាក្យ​សុំ​របស់​ក្រុម​ជនជាតិ​ភាគតិច​ម៉ុង​​​តា​​​ញ៉ា​នេះ​​​ទៅ​នាយក​ដ្ឋាន​ជន​​​ភៀស​ខ្លួន។

ទោះ​ជា​​​យ៉ាង​ណា លោកស្រី​បាន​លើក​​​ឡើង​​​​តាម​អុី​​​ម៉េល​ថា ឧត្ដម​ស្នង​ការ​សហ​​​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​​​ភៀស​ខ្លួន​សង្ឃឹម​ថា ភាគី​ពាក់​ព័ន្ធ​ករណី​នេះ​ទាំង​អស់​ ” នឹង​គោរព​ភាព​ឯក​ជន និង​ភាព​សម្ងាត់​របស់​ក្រុម​នេះ​ ដោយ​​​ចៀស​វាង​ការ​​​បង្ហាញ​មុខ​​​មាត់​​​ពួកគេ​បន្ថែម​ទៀត​”។ លោក​ស្រី​បាន​បន្ថែម​ថា “បញ្ហា​​​នេះ​រួម​មានការ​មិន​បង្ហាញ​មុខមាត់​របស់​ពួកគេ ការ​​ផ្សព្វផ្សាយ​​​ឈ្មោះ​របស់​​​ពួកគេ​ជា​សាធារណៈ ឬ​ការ​ចាត់​វិធាន​ការ​ណាមួយ​​ដែល​អាច​​ប៉ះពាល់​ដល់​ការ​ដាក់​ពាក្យ​សុំ​របស់​ពួក​​​គេ​​​ជាដើម”៕សារុន​​​ (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស