41.3 C
Phnom Penh

មនុស្ស​ប្រាំ​នាក់​ត្រូវ​ចាប់​ខ្លួន​ពីបទ​ប៉ុនប៉ង​ជួញដូរ​ក្មេង​ស្រី​ទៅ​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារអនីតិជន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​បី​នាក់​និង​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ ពីបទ​ប៉ុនប៉ង​បញ្ជូន​ក្មេង​ស្រី​បួន​នាក់​ទៅ​ប្រទេស​ចិន កាត់​តាម​ប្រទេស​ថៃ ដោយ​ប្រើ​ឯកសារ​ធ្វើ​ដំណើរ​ក្លែងក្លាយ។

លោក កែវ ធា បាន​ឲ្យ​ដឹង​ថា ក្រុមនេះ​មាន​គម្រោង​នាំ​ស្ត្រី​ទាំង​នោះ​ទៅ​ក្រុង​ប៉ោយប៉ែត កន្លែង​ដែល​ពួកគេ​នឹង​ជួប​ឈ្មួញ​កណ្តាល​ដែល​នឹង​ដឹក​ពួកគេ​ទៅ​ក្រុង​បាងកក ហើយ​ឲ្យ​ពួកគេ​ជិះ​យន្តហោះ​ទៅ​ប្រទេស​ចិន។

លោក​បាន​និយាយ​ទៀត​ថា “យើង​បាន​ចាប់​មនុស្ស​ប្រាំ​នាក់​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​មាន​កាន់​លិខិត​ឆ្លងដែន​ចំនួន​ប្រាំមួយ និង​ជួល​រថយន្ត​មួយ​គ្រឿង​តម្លៃ​៩០​ដុល្លារ ដើម្បី​ដឹក​ស្ត្រី​បួន​នាក់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉ោយប៉ែត”។ លោក​គិត​ថា ​ជនសង្ស័យ​ទំនង​មាន​ផែនការ​ប្រើ​ផ្លូវ​ពង្វាង​ទៅ​ប្រទេស​ចិន ដោយសារ​មាន​ការ​ចាប់​ខ្លួន​ស្រដៀង​គ្នា​ជា​បន្តបន្ទាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ពេល​ថ្មីៗ​នេះ។

លោក​បាន​ឲ្យ​ដឹង​ថា “យើង​ដកហូត​បាន​លិខិត​ឆ្លងដែន​ចំនួន​ប្រាំមួយ​មាន​ទិដ្ឋាការ​ចិន ទាំង​លិខិត​ឆ្លងដែន ទាំង​ទិដ្ឋាការ គឺ​សុទ្ធតែ​ក្លែងក្លាយទំាងអស់។ យើង​បាន​ចោទ​ពួកគេ​ពី​បទ​ប៉ុនប៉ង​ជួញដូរ​ឆ្លងដែន និង​ផ្តល់​ឯកសារ​ក្លែងក្លាយ”។

លោក កែវ ធា បាន​និយាយ​ថា ប៉ូលិស​កំពុង​សាកសួរ​ជន​សង្ស័យ​នៅ​ឡើយ​កាលពី​យប់​មិញ បន្ទាប់ពី​ការ​ចាប់​ខ្លួន​ពួកគេ​នៅ​ពេល​ថ្ងៃ​ត្រង់។

របាយការណ៍​ប៉ូលិស​ឲ្យ​ដឹង​ថា មនុស្ស​ប្រាំពីរ​នាក់ មាន​ក្មេង​ស្រី​បួន​នាក់​ អ្នក​បើក​តាក់ស៊ី​ម្នាក់ ម៉ូតូឌុប​ម្នាក់ និង​កម្មករ​រោងចក្រ​ម្នាក់ ត្រូវ​បាន​នគរបាល​សាកសួរ ហើយ​ដោះលែងវិញ។

ជនសង្ស័យ​ប្រាំ​នាក់​ជា​ជនជាតិ​ចិន​មាន​ឈ្មោះ Xie Teo Sheng អាយុ​៥០​ឆ្នាំ Hu De Hua អាយុ​៣៥​ឆ្នាំ​និង Zhou Yanping អាយុ​៤១​ឆ្នាំ ហើយ​និង​ជនជាតិ​ខ្មែរ​ឈ្មោះ​ លីវ ហ៊ន អាយុ​៥៣​ឆ្នាំ និង វង់ យីតា អាយុ​៤៨​ឆ្នាំ។

របាយការណ៍​ឲ្យ​ដឹង​ថា “ឥឡូវ​នេះ ការិយាល័យ[ប្រឆាំង​ការ​ជួញដូរ​មនុស្ស]​កំពុង​សាកសួរ​ពួកគេ​និងកសាង​សំណុំ​រឿង​ដើម្បី​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។ ក្មេង​ស្រី​បួន​នាក់​ត្រូវ​បាន​គេ​អប់រំ និង​បញ្ជូន​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ”។

ទាំង​ប្រទេស​កម្ពុជា​ ទាំង​ប្រទេស​ចិន បាន​កត់​សម្គាល់​ឃើញ​កំណើន​អត្រា​ធ្វើ​ដំណើរ​របស់​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន ហើយពួកគេទទួលរងគ្រោះ ឬ​​ត្រូវ​គេ​ធ្វើបាប។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក កាលពី​ថ្ងៃ​អង្គារ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​នឹង​ត្រូវ​គេ​បញ្ជូន​ពី​ប្រទេស​ចិន​មកប្រទេសខ្មែរវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស