កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុរសអនាថាអាយុ៣៥ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទមនុស្សឃាតកាលពីខែមេសា លើស្ត្រីជនជាតិហូឡង់ម្នាក់ និងកូនស្រីអាយុ១៩ខែរបស់គាត់នៅក្នុងផ្ទះមួយក្នុងខណ្ឌចំការមន។

ជា ភិន ជនសង្ស័យតែមួយគត់នៅក្នុងករណីធ្វើឃាតលោកស្រី Daphna Beerdsen និងកូនស្រីរបស់គាត់ឈ្មោះ Dana បាននិយាយអំឡុងការបើកសវនាការកាលពីថ្ងៃទី២ ខែធ្នូថា បន្ទាប់ពីផឹកស្រាសអស់កន្លះលីត្រ ខ្លួនបានលួចចូលទៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីលួចកង់មួយគ្រឿង។
ជា ភិន បានរៀបរាប់ថា នៅពេលលោកស្រី Daphna Beerdsen អាយុ៣១ឆ្នាំ បានឃើញខ្លួនក៏ហៅគេឯងឲ្យជួយ ហើយបានយកដងជូតឥដ្ឋមកវាយខ្លួន។
ជា ភិន បាននិយាយអំឡុងពេលបើកសវនាការថា “បន្ទាប់មកយើងបានប្រវាយប្រតប់គ្នា ហើយខ្ញុំបានយកតួណឺវីសចាក់គាត់ជាច្រើនដង”។ ជននេះបានបន្ថែមថា ខ្លួនបានបិទភ្នែក ខណៈពេលចាក់លោកស្រី Daphna Beerdsen ហើយមិនដឹងថា បានធ្វើឲ្យកូនស្រីរបស់គាត់រងរបួសដល់ថ្នាក់ស្លាប់ទេ។ បន្ទាប់មកជននេះបានលួចកុំព្យូទ័រយូដៃម៉ាក Apple មួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង និងប្រាក់ប្រហែល៥០ដុល្លារ រួមទាំងកង់មួយគ្រឿងផងដែរ។
លោកស្រី Daphna Beerdsen ត្រូវបានរកឃើញថា ស្លាប់នៅថ្ងៃទី២៨ ខែមេសា ដោយមានស្នាមចាក់ប្រាំមួយកន្លែង។ កូនស្រីរបស់គាត់ត្រូវបានរកឃើញថា នៅរស់ប៉ុន្តែបានរងរបួសធ្ងន់ត្រង់ក្បាល និងស្នាមចាក់នៅលើដងខ្លួន។ នាងត្រូវបានគេដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យព្យាបាលជំងឺទូទៅមួយក្នុងទីក្រុងបាងកក ជាទីដែលនាងបានស្លាប់ដោយសាររបួស។
កាលពីម្សិលមិញ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ នូ វាសនា បានប្រាប់ទៅកាន់បន្ទប់សវនាការថា ជា ភិន ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពីបទមនុស្សឃាត “ដោយគ្មានស្ថានទម្ងន់ទោស”។
បទមនុស្សឃាតអាចមានទោសជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។ ចៅក្រម វាសនា បានលើកឡើងថា លោកមិនបានផ្ដន្ទាទោស ជា ភិន ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំបំផុតនោះដោយសារបញ្ហាមួយចំនួន។ លោកបានមានប្រសាសន៍ដោយមិនរៀបរាប់ច្រើនថា “ជនអនាថានេះគ្មានការអប់រំទេ។ ហើយរូបគេដឹងកំហុសរបស់ខ្លួនហើយ”។
លោក សេង ស៊ីងហេង មេធាវីរបស់ជនរងគ្រោះបានលើកឡើងថា លោកពេញចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការ។ លោកបានមានប្រសាសន៍ថា “ការផ្ដន្ទាទោសនេះគឺអាចទទួលយកបាន ព្រោះការធ្វើឃាតនេះមានជាប់ពាក់ព័ន្ធជាមួយគ្រឿងស្រវឹង ហើយគ្មានផែនការទុកជាមុនទេ”។
លោក ឡាយ ណូរ៉ា មេធាវីដែលចាត់តាំងដោយតុលាការដើម្បីការពារ ជា ភិន មិនមានវត្តមានទេអំឡុងពេលបើកសវនាការកាលពីម្សិលមិញ ហើយលោកបាននិយាយតាមទូរស័ព្ទថា លោកមិនច្បាស់ទេថា តើកូនក្ដីរបស់លោកនឹងប្ដឹងទាស់ចំពោះសេចក្ដីសម្រេចនេះឬក៏អត់នោះ។
លោកស្រី Daphna Beerdsen ធ្វើការជាអ្នកផ្ដល់ប្រឹក្សានៅអង្គការសហប្រជាជាតិ។ ប្ដីរបស់គាត់ឈ្មោះ Joris Oele ដែលធ្វើការនៅអង្គការ Habitat របស់អង្គការសហប្រជាជាតិបានទៅខេត្តព្រះសីហនុ ដើម្បីបើកសន្និសីទមួយទាក់ទងនឹងការងារនៅពេលហេតុការណ៍នេះបានកើតឡើង។
អំឡុងពេលបើកសវនាការកាលពីថ្ងៃទី២ ខែធ្នូ ជា ភិន បានស្នើឲ្យតុលាការដាក់ទោសខ្លួនឲ្យបានសាកសមពីបទមនុស្សឃាតនេះ។ ជា ភិន បាននិយាយបន្ថែមថា ” ប៉ុន្តែប្រសិនបើអាចទៅរួច ខ្ញុំចង់ឃើញព្រះអាទិត្យម្ដងទៀត”។
នៅម៉ោងប្រហែល១១ព្រឹកម្សិលមិញ ជា ភិន ដែលត្រូវបានដាក់ខ្នោះជាប់ជាមួយអ្នកទោសម្នាក់ទៀត ត្រូវបានបញ្ជូនចេញពីបន្ទប់សវនាការទៅកាន់រថយន្តកំពុងរង់ចាំមួយគ្រឿង ហើយបន្ទាប់មកត្រូវបានដឹកទៅកាន់ពន្ធនាគារព្រៃស។ នៅពេលគេសួរថា តើខ្លួនពេញចិត្តចំពោះសេចក្ដីសម្រេចនេះឬក៏អត់ ជនអនាថានេះបានឱនក្បាលចុះហើយនៅស្ងៀម។ ហើយនៅពេលគេសួរថា តើខ្លួនបានសម្លាប់ជនរងគ្រោះដែរឬទេ ជននេះបាននិយាយតិចៗថា “បាន”៕ ស៊ុយឈាង