កាលពីម្សិលមិញ មន្ត្រីមួយរូបបានលើកឡើងថា មកទល់ពេលនេះ អ្នកភូមិជាង១៦០នាក់ហើយត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបង ដែលជាហេតុធ្វើឲ្យមន្ត្រីសុខាភិបាល និងអ្នកជំនាញអន្តរជាតិ ដែលកំពុងធ្វើការស្ទង់មតិដើម្បីកំណត់ថា តើមេរោគអេដស៍ឆ្លងរាលដាលតាមរបៀបណានោះ។

លោក សឿម ឈុំ ជំទប់ឃុំរកា នៅក្នុងស្រុកសង្កែ បានលើកឡើងថា ភូមិចំនួនបីនៅក្នុងឃុំនេះបានរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនេះ ដែលមន្ត្រីបានបន្ទោសលើលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលព្យាបាលអ្នកភូមិក្នុងតំបន់នេះដោយយកតម្លៃថោក។
លោក សឿម ឈុំ បានមានប្រសាសន៍ថា “នៅក្នុងភូមិរកាមានអ្នកភូមិចំនួន១៤៤នាក់ ដែលត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍។ ហើយនៅក្នុងភូមិអំបែងថ្ងែ មានមនុស្សជាង២០នាក់ត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍ ហើយនៅក្នុងភូមិតាហែន១ ក្មេងចំនួនពីរនាក់ដែលមានអាយុ៦ឆ្នាំ និង៧ឆ្នាំ ក៏ត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍ដែរ”។
លោក សឿម ឈុំ ដែលកំពុងប្រមូលហត្ថលេខា និងស្នាមមេដៃពីអ្នកភូមិដែលធ្វើតេស្តឈាមរកឃើញមានផ្ទុកមេរោគអេដស៍ បានលើកឡើងថា អ្នកភូមិប្រហែល១៦០នាក់នេះត្រូវបានធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំផង និងនៅមន្ទីរពេទ្យបង្អែកខេត្តផង។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា មេរោគអេដស៍បានឆ្លងរាលដាលនេះ ដោយសារការព្យាបាលរបស់លោក យ៉ែម ជ្រិន ព្រោះថា ជនរងគ្រោះស្ទើរតែទាំងអស់សុទ្ធតែគាត់ជាអ្នកព្យាបាលឲ្យ”។
កាលពីថ្ងៃច័ន្ទ សាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់លោក យ៉ែម ជ្រិន ពីបទមនុស្សឃាតដែលអាចជាប់ពន្ធនាគារអស់មួយជីវិត ហើយបានបញ្ជូនគាត់ទៅឃុំឃាំងបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានលើកឡើងថា បទចោទលើលោក យ៉ែម ជ្រិន កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។ លោកបានមានប្រសាសន៍ដោយបដិសេធមិនរៀបរាប់ច្រើនថា “យើងបានចោទប្រកាន់គាត់ ព្រោះយើងមានភ័ស្តុតាងមួយចំនួន”។
ការស្ទង់មតិអ្នកភូមិដែលដឹកនាំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគរបស់ក្រសួងសុខាភិបាលកំពុងមានដំណើរការនៅក្នុងឃុំរកា ដើម្បីកំណត់ថាតើមេរោគអេដស៍នេះឆ្លងរាលដាលតាមរបៀបណា។
យោងតាមលោក ប៊ី បេងសោ ប្រធានមណ្ឌលសុខភាពឃុំរកាបានឲ្យដឹងថា អ្នកភូមិជាង១.៥០០នាក់ត្រូវបានធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃុំរកា ចាប់តាំងពីការធ្វើតេស្តឈាមលើកដំបូងបានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែធ្នូមក។
កាលពីថ្ងៃអង្គារ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានចេញសេចក្ដីប្រកាសមួយប្រាប់ប្រព័ន្ធផ្សព្វផ្សាយកុំឲ្យផ្សាយឈ្មោះអ្នកភូមិដែលឆ្លងមេរោគអេដស៍ បើពុំដូច្នោះទេ នឹងត្រូវប្រឈមការពិន័យឬក៏ត្រូវជាប់ពន្ធនាគារ៕ ស៊ុយឈាង