27 C
Phnom Penh

រដ្ឋ​​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​​​ថៃ​ សូម​ទោស​ចំពោះ​ការ​បាញ់​​​​សម្លាប់ពលរដ្ឋខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​បាន​សូម​អភ័យ​ទោស​​ចំពោះ​ការ​បាញ់​សម្លាប់ស្ត្រី​ខ្មែរ​អាយុ​៥៥​ឆ្នាំ​ម្នាក់ដែល​កំពុង​រក​​​​​​​​​​ស្បៀង​​​អាហារនៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្ដរមានជ័យ​ជាប់​ប្រទេស​ថៃ កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ។generals

ទាហាន​ថៃ​ បាន​បាញ់​អ្នកស្រី​ ផាន ចែម ចំក្បាល​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ នៅ​ខាង​ព្រំដែន​ថៃ​ ខណៈ​គាត់​កំពុង​ដើរ​រក​​​មើម​​ក្តួច និង​ផ្សិតព្រៃ​ជាមួយ​កូនស្រី​ពីរ​នាក់​របស់​គាត់​។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​បាញ់​ប្រហារ​​​​នេះ ក្រសួង​ការ​បរទេស​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​រាជ​ធានី​ភ្នំពេញ ដើម្បី​​​ថ្កោល​ទោស​ “ទង្វើ​ឃោឃៅ​​​” របស់​ទាហាន​​​ទាំង​​​នោះ​។

ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​រួម​​​​​​​មួយ​​​កាលពី​ម្សិលមិញ ក្រោយ​ពី​ជំនួប​​​រយៈពេល​​​មួយ​​​ម៉ោង​​​​របស់​គណៈ​​​កម្មាធិការ​​​​​ព្រំដែន​​ទូទៅ ដើម្បី​បង្កើនកិច្ច​សហប្រតិបត្តិការ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​ លោក ប្រាវិត វង្សសុវណ្ណ រដ្ឋមន្ត្រី​​​​ក្រសួង​​​ការ​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ​​​ប្រទេសថៃ​ បាន​សុំ​អភ័យ​ទោស​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​។

នាយឧត្ដម​សេនីយ៍ ប្រាវិត វង្សសុវណ្ណ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា “ថៃ​​គ្មាន​បំណង​បាញ់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ប៉ុន្តែ​មាន​ការ​យល់​ច្រឡំ ហើយ​យើង​​ចាំបាច់​ត្រូវ​រួម​គ្នា​​​ដោះ​​​ស្រាយ​បញ្ហា​ទាំង​នេះ​។ សម្រាប់​បញ្ហា​នេះ​ ប្រទេស​ថៃ ​បាន​សូម​​​​អភ័យ​ទោស និង​​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​រួច​ហើយ”។

លោក ជិន ចក់ ​​ប្ដី​របស់​អ្នកស្រី​ ផាន ចែម ​បាននិយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​ថៃ​​ បាន​​ឲ្យ​ប្រាក់​គាត់​ពីរ​​​លាន​រៀល​ ឬ​ប្រហែល​៥០០​ដុល្លារ​។ លោក​បាន​លើក​ឡើង​ថា “សំណង​នេះ​មិន​គ្រប់គ្រាន់​​​​ទេ​​​សម្រាប់​ជីវិត​របស់​ប្រពន្ធ​ខ្ញុំ”។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ការ​ពារ​សមភាគី​របស់​លោក​នៅ​ក្នុង​​​ជំនួបនេះ ដោយ​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ​កំពុង​ព្យាយាម​កាត់​បន្ថយ​​ចំនួន​នៃ​ការ​បាញ់​​​​ប្រហារតាម​បណ្ដោយ​ព្រំដែន​។ លោក​មាន​ប្រសាសន៍ទៀត​ថា “វា​មិន​កើត​ឡើង​រាល់​ថ្ងៃ​ទេ ហើយ​យើង​បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះ​​​ថ្នាក់ទាំង​​​នេះ”។

លោក ស្រី ណារ៉េន មន្ត្រី​សម្រប​សម្រួលនៅ​អង្គការ​​​សិទ្ធិ​​​មនុស្ស​អាដហុក​​ ប្រចាំ​ខេត្ត​ឧត្ដរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា ទាហាន​​ថៃ​ បាន​​​​​​​សម្លាប់​​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រាំបី​នាក់​នៅ​តាម​បណ្ដោយ​ព្រំដែន​​​ខេត្ត​​​នេះ​​​​​​ក្នុង​​​​ឆ្នាំ​នេះ។

ទោះ​ជា​យ៉ាង​ណា​ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​​​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋខ្មែរ​សរុបចំនួន​ប្រាំ​នាក់​ត្រូវ​បាន​បាញ់​​​​ទាហាន​​​ថៃ ​​​បាញ់ស្លាប់ក្នុង​ឆ្នាំ២០១៤។

កាលពី​ម្សិលមិញ​លោក​ ទៀ បាញ់ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា កម្ពុជា​ និង​ថៃ ​កំពុង​ស្រាវជ្រាវ​រក​បំណែក​​​យន្ត​ហោះ​​គ្មាន​មនុស្ស​បើកមួយ​គ្រឿង ដែល​បាន​ធ្លាក់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។​ លោក​​​​​​បាន​​​មានប្រសាសន៍​បន្ត​ថា “យើង​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រមូល​បំណែក​ទាំង​អស់​នោះយកមក​​​ពិនិត្យ។ យើង​មិនទាន់​បាន​រក​ឃើញ​​​​​​ថា​​​វា​​​​​​​​មាន​​​ប្រភពជាក់​លាក់​​ និង​​​ផលិត​​​នៅ​​​ឯណា​​​នៅ​ឡើយ​ទេ​”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស