34.8 C
Phnom Penh

ស្ពានអ្នកលឿងនឹង​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ពេលចូល​ឆ្នាំ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ពាន​អ្នក​លឿង​​ដែល​នឹង​តភ្ជាប់​ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​តភ្ជាប់​គ្នា​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​​នឹង​ត្រូវ​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ចូល​ឆ្នាំ​ខ្មែរ ក្នុង​ខែ​មេសា​។

បច្ចុប្បន្ន ​​អ្នក​ដំណើរ​ដែល​​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​ខេត្ត​ទាំង​ពីរ​តាម​ផ្លូវ​ជាតិ​លេខ​១​ត្រូវ​ឆ្លង​សាឡាង​កាត់​ទន្លេ​មេគង្គ។

លោក ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្ដាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​សាង​សង់​ស្ពាន​អ្នកលឿង​ដែល​គេ​​រង់ចំា​ជាយូរ​មក​ហើយ​នេះ​នឹង​បញ្ចប់​នៅ​​ខែ​ក្រោយ​។

លោក​ ផៃ ប៊ុនឈឿន បាន​មាន​ប្រសាសន៍​ថា “ស្ពាន​អ្នក​លឿង​ត្រូវ​បាន​​តភ្ជាប់​កាលពី​ថ្ងៃ​ទី២២ ខែ​ធ្នូ។ ហើយ​ឥឡូវ​នេះ ​ស្ពាន​នេះ​ត្រូវ​​បាន​សាង​សង់​រួច​រាល់​​​៩៥ភាគរយ​ហើយ​”។​ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា “ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​រួច​រាល់​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៥ ហើយ​សម្ដេច​នាយករដ្ឋមន្ត្រី [ហ៊ុន សែន​] នឹង​ទៅ​សម្ពោធ​មុន​ចូល​ឆ្នាំ​ខ្មែរ​”។

លោក ផៃ ប៊ុនឈឿន បាន​លើក​ឡើង​ទៀត​ថា “នៅ​ពេល​ស្ពាន​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ សាឡាង​អ្នក​លឿង​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិការ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​យក​ទៅ​កន្លែង​ផ្សេង​​ដែល​អាច​មាន​ប្រយោជន៍​ជាង​នេះ​”។

លោកស្រី​ អ៊ូច សុខន អនុប្រធាន​គ្រប់គ្រង​សាឡាង​អ្នកលឿង​បាន​លើក​ឡើង​ថា គាត់​សន្និដ្ឋានថា សាឡាង​នេះ​នឹង​ត្រូវ​យក​ទៅ​​ប្រើ​ប្រាស់​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​​ថា​មិន​ទាន់​មាន​សេចក្ដី​សម្រេច​​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ប្រជុំ​​គ្នា​អំពី​ផែន​ការ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​សាឡាង​ទាំង​​នេះ​”។

លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​សាឡាង​ទាំង​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដំបូង​ឡើយ​ យើង​មាន​ផែន​ការ​បញ្ជូន​សាឡាង​ទាំង​​នេះ​ទៅ​កាន់​ផែ​ល្វាឯម [ក្បែរ​រាជ​ធានីភ្នំពេញ] ប៉ុន្តែ​វា​ហាក់ដូច​ជា​មិន​​អាច​រក​ប្រាក់​ចំណេញ​បានទេ ហេតុដូច្នេះ​ ប្រសិន​បើ​មាន​ក្រុម​ហ៊ុន​ឯកជន​ណា​ចង់​ជួល​​សាឡាង​ទាំង​នេះ​ យើង​នឹង​ជួល​ឲ្យ”។

ស្ពាន​អ្នកលឿង​កំពុង​ត្រូវ​បាន​សាងសង់​ក្រោម​ជំនួយ​ទឹកប្រាក់​ប្រមាណ​១១៨លាន​ដុល្លារ​ ពី​រដ្ឋាភិបាល​ជប៉ុន​ ដែល​ក៏​ផ្ដល់​មូលនិធិ​សម្រាប់​ការ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ១​ឡើង​វិញ​ផង​ដែរ​​នោះ​។ ​ដំបូង​ឡើយ​គេ​គ្រោង​សាងសង់​​ស្ពាន​នេះ​ឲ្យ​ចប់​នៅ​ត្រឹម​ឆ្នាំ​២០១២៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស