31 C
Phnom Penh

កម្លាំង​រាជអាវុធហត្ថ​ចាប់​ឈើ​ខុស​ច្បាប់ តែ​មិន​ចាប់​ទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​រាជ​អាវុធ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ចាប់​បាន​ឈើ​កាប់​ដោយ​ខុស​ច្បាប់​មួយ​ឡាន​ទាំង​ព្រឹក​ព្រលឹមកាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​ចាប់​ខ្លួន​ទាហាន​ពីរ​នាក់ ដែល​បាន​ចេញ​មុខ​​ចង់​បានឈើទាំងនោះ​ទៅវិញ ដោយ​សូកប៉ាន់នោះទេ។

លោក ទិត្យ វណ្ណៈ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​រាជ​អាវុធហត្ថ​ខេត្ត បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ប្រទះ​ឃើញ​រថយន្ត​នោះ​បើក​តាម​ផ្លូវ​ជាតិ​លេខ​៤​កាត់​តាម​ស្រុក​ឱរ៉ាល់​នៅ​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ។

លោក​បានបន្ត​ថា “យើង​បាន​ឃាត់​ឡាន​នោះ​ដើម្បី​ពិនិត្យ ហើយ​បាន​រកឃើញ​ឈើ​ប្រណីត។ អ្នក​បើក​ឡាន​និង​មនុស្ស​ពីរ​អ្នក​ផ្សេងទៀត ម្នាក់​ស្លៀក​ស៊ីវិល​និង​ម្នាក់​ទៀត​ស្លៀក​ឯកសណ្ឋន​យោធា បាន​គេច​ខ្លួន”។

លោក វណ្ណៈ បាន​និយាយ​ថា មន្ត្រី​យោធា​មកពី​យោធ​ភូមិភាគ​៣​នៃ​កង​កម្លាំង​ខេមរ​ភូមិន្ទ អនុសេនីយ៍​ឯក វ៉ាន់ វណ្ណៈ និង​វរសេនីយ៍​ឯក យឿង សារីន បន្ទាប់​មក​បាន​ជិះ​រថយន្ត​តូយ៉ូតា​ កាម៉ារី មក​ដល់​សង្ឃឹម​ថា​នឹង​យក​ឈើ​ពីទី​នោះ។

លោក ទិត្យ វណ្ណៈ បាន​និយាយ​ថា “មន្ត្រី​យោធា​ទាំង​ពីរ​នាក់​មក​ជាមួយ​ទាហាន​ប្រាំមួយ​នាក់​ផ្សេងទៀត​មាន​ទាំង​កាំភ្លើង​ផង ហើយ​បាន​ប្រាប់​យើង​ថា ឈើ​នេះ​ជា​របស់​មេ​ពួកគេ និង​សុំ​យក​វិញ ប៉ុន្តែ​យើង​មិន​អនុញ្ញាត ពីព្រោះ​យើងទទួល​បញ្ជា​ពី​មេ​កង​រាជ​អាវុធហត្ថ​ខេត្ត”។

ទោះជា​យ៉ាងនេះ​ក្តី ក្រៅតែ​ពី​មិន​ចោទ​មន្ត្រី​យោធា​ទាំង​នោះ​ពី​បទ​រួម​គំនិត​គ្នា​កាប់​ឈើ​ខុស​ច្បាប់ លោក ទិត្យ វណ្ណៈ បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ឲ្យ​ពួកគេ​ទៅ​វិញ លើ​ហេតុផល​ថា ពួកគេ​មិន​មែន​ជា​ម្ចាស់​ឈើ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​ឲ្យ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពីព្រោះ​ពួកគេ​មិន​បាន​ពាក់ព័ន្ធ​នឹង​ឈើ​នេះ​ទេ”។

ទាក់ទង​បាន​តាម​ទូរស័ព្ទ អនុសេនីយ៍​ឯក វណ្ណៈ បាន​ទទួល​ស្គាល់​ថា គាត់​បាន​ទៅ​យក​ឈើ​ឲ្យ​មេ​របស់​គាត់​មែន តែ​លោក​មិន​ព្រម​ប្រាប់​ឈ្មោះ​មេ​របស់់​លោក​ទេ។

គាត់​បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា យើង​ខុស ពីព្រោះ​យើង​មិនមាន​លិខិត​អនុញ្ញាត​ដឹក​ឈើ។ យើង​គ្រាន់តែ​ចង់​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ដោយ​បង់​ប្រាក់​មួយ​ចំនួន​ឲ្យ​ពួកគេ ដើម្បី​យក​ឈើ​ចេញ ប៉ុន្តែ​ពួកគេ​មិន​ព្រម”។

វរសេនីយ៍​ឯក យឿង សារីន បាន​និយាយ​ថា គាត់​គ្រាន់តែ​មក​ជាមួយ​អនុសេនីយ៍​ឯក វណ្ណៈ ហើយ​មិន​បាន​ដឹង​អ្វី​អំពី​រឿង​ឈើ​នេះ​ទេ។

លោក ឈុត វ៉ាន់នី មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ សាទប ក្នុង​ស្រុក​ឱរ៉ាល់ បាន​និយាយ​ថា ឈើ​ចាប់​បាន​នេះ​មាន​ឈើ​ប្រណិត​លេខ​១​ចំនួន​៩៨​ដុំ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស