កម្លាំងរាជអាវុធក្នុងខេត្តកំពង់ស្ពឺចាប់បានឈើកាប់ដោយខុសច្បាប់មួយឡានទាំងព្រឹកព្រលឹមកាលពីថ្ងៃពុធ ប៉ុន្តែមិនចាប់ខ្លួនទាហានពីរនាក់ ដែលបានចេញមុខចង់បានឈើទាំងនោះទៅវិញ ដោយសូកប៉ាន់នោះទេ។
លោក ទិត្យ វណ្ណៈ នាយការិយាល័យព្រហ្មទណ្ឌរាជអាវុធហត្ថខេត្ត បាននិយាយថា មន្ត្រីរបស់លោកបានប្រទះឃើញរថយន្តនោះបើកតាមផ្លូវជាតិលេខ៤កាត់តាមស្រុកឱរ៉ាល់នៅម៉ោង១២និង១០នាទីរំលងអធ្រាត្រ។
លោកបានបន្តថា “យើងបានឃាត់ឡាននោះដើម្បីពិនិត្យ ហើយបានរកឃើញឈើប្រណីត។ អ្នកបើកឡាននិងមនុស្សពីរអ្នកផ្សេងទៀត ម្នាក់ស្លៀកស៊ីវិលនិងម្នាក់ទៀតស្លៀកឯកសណ្ឋនយោធា បានគេចខ្លួន”។
លោក វណ្ណៈ បាននិយាយថា មន្ត្រីយោធាមកពីយោធភូមិភាគ៣នៃកងកម្លាំងខេមរភូមិន្ទ អនុសេនីយ៍ឯក វ៉ាន់ វណ្ណៈ និងវរសេនីយ៍ឯក យឿង សារីន បន្ទាប់មកបានជិះរថយន្តតូយ៉ូតា កាម៉ារី មកដល់សង្ឃឹមថានឹងយកឈើពីទីនោះ។
លោក ទិត្យ វណ្ណៈ បាននិយាយថា “មន្ត្រីយោធាទាំងពីរនាក់មកជាមួយទាហានប្រាំមួយនាក់ផ្សេងទៀតមានទាំងកាំភ្លើងផង ហើយបានប្រាប់យើងថា ឈើនេះជារបស់មេពួកគេ និងសុំយកវិញ ប៉ុន្តែយើងមិនអនុញ្ញាត ពីព្រោះយើងទទួលបញ្ជាពីមេកងរាជអាវុធហត្ថខេត្ត”។
ទោះជាយ៉ាងនេះក្តី ក្រៅតែពីមិនចោទមន្ត្រីយោធាទាំងនោះពីបទរួមគំនិតគ្នាកាប់ឈើខុសច្បាប់ លោក ទិត្យ វណ្ណៈ បាននិយាយថា មន្ត្រីរបស់លោកបានឲ្យពួកគេទៅវិញ លើហេតុផលថា ពួកគេមិនមែនជាម្ចាស់ឈើ។ លោកបានឲ្យដឹងទៀតថា “យើងឲ្យអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញ ពីព្រោះពួកគេមិនបានពាក់ព័ន្ធនឹងឈើនេះទេ”។
ទាក់ទងបានតាមទូរស័ព្ទ អនុសេនីយ៍ឯក វណ្ណៈ បានទទួលស្គាល់ថា គាត់បានទៅយកឈើឲ្យមេរបស់គាត់មែន តែលោកមិនព្រមប្រាប់ឈ្មោះមេរបស់់លោកទេ។
គាត់បាននិយាយថា “ខ្ញុំដឹងថា យើងខុស ពីព្រោះយើងមិនមានលិខិតអនុញ្ញាតដឹកឈើ។ យើងគ្រាន់តែចង់សម្របសម្រួលជាមួយអាជ្ញាធរដោយបង់ប្រាក់មួយចំនួនឲ្យពួកគេ ដើម្បីយកឈើចេញ ប៉ុន្តែពួកគេមិនព្រម”។
វរសេនីយ៍ឯក យឿង សារីន បាននិយាយថា គាត់គ្រាន់តែមកជាមួយអនុសេនីយ៍ឯក វណ្ណៈ ហើយមិនបានដឹងអ្វីអំពីរឿងឈើនេះទេ។
លោក ឈុត វ៉ាន់នី មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ សាទប ក្នុងស្រុកឱរ៉ាល់ បាននិយាយថា ឈើចាប់បាននេះមានឈើប្រណិតលេខ១ចំនួន៩៨ដុំ៕មានិត