29 C
Phnom Penh

អតីត​ដៃគូ​មហា​សេដ្ឋី​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​ឃាតកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​ថៃ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា អតីត​ភរិយា​មិន​ផ្លូវការ​របស់​មហា​សេដ្ឋី​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​រំលោភ​និង​ធ្វើ​ឃាត​ភរិយា​និង​កូន​ស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ស៊ុន ចាន់ថុល កាលពី​ឆ្នាំ​២០១០។

អ្នកនាំពាក្យ​ប៉ូលិស​ថៃ ប្រាវុត ថាវ៉នសិរី បាន​និយាយ​ថា យោងតាម​អាំងទែប៉ូល​ឲ្យ​ដឹង​ថា អ្នក​ស្រី ឡាយ ហួង អាយុ​៤៩​ឆ្នាំ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ដោយសារ​ឧក្រិដ្ឋកម្ម​ខែ​តុលា​ឆ្នាំ​២០១២ ពីបទ​”មាន​ផែនការ​ក្នុង​ការ​ចាប់​រំលោភ​និង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​ចេតនា” កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ។

លោក​បាន​បន្ថែម​ថា “យើង​កំពុង​រង់ចាំ​បញ្ជូន​គាត់​ត្រឡប់​ទៅ​ព្រំដែន​កម្ពុជា​វិញ។ គាត់​ស្ថិត​នៅ​ក្នុង​ការិយាល័យ​អន្តោប្រវេសន៍”។

ការិយាល័យ​អាំងទែប៉ូល​របស់​ប្រទេស​កម្ពុជា រួមទាំង​មន្ត្រី​ប៉ូលិស​ព្រំដែន​កម្ពុជា​ផ្សេងទៀត​បាន​និយាយ​ថា ពួកគេ​មិន​អាច​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន ឬ​ថា​មិន​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ពី​អាជ្ញាធរ​ថៃ​ទេ។

លោក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​នគរបាល​យុត​្តិធម៌​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា មិន​មាន​ការ​ទាក់ទង​ផ្លូវការ​រវាង​អាជ្ញាធរ​ថៃ​និង​កម្ពុជា​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​នេះ​ទេ។ ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​និយាយ​ថា “ខាង​ថៃ​មិន​បាន​អីុម៉េល​ឯកសារ​ណាមួយ​មក​ការិយាល័យ​របស់​ខ្ញុំ​នៅ​ឡើយ​ទេ។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​តែ​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ”។

លោក លឹម សុខារស្មី នាយក​ស្តីទី​ការិយាល័យ​នគរបាល​អន្តរជាតិ អាំងទែប៉ូល នៅ​កម្ពុជា​បាន​និយាយ​ថា ឈ្មោះ​អ្នក​ស្រី ហួង ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត​របស់​អាំងទែប៉ូល​កាលពី​ខែ​មិថុនា។

អ្នក​ស្រី ហួង អះអាង​ថា អ្នកស្រី​បាន​រៀបការ​និង​មាន​កូនស្រី​ជាមួយ​លោក ខូវ ផល្លាបុត្រ ជា​អ្នក​ជំនួញ​ធំ​ខាង​សំណង់ និង​ជា​មហា​សេដ្ឋី​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​ក្នុង​លិខិត​ជា​បន្តបន្ទាប់​ដែល​ចុះ​ផ្សាយ​ក្នុង​កាសែត​ភាសា​ខ្មែរ​និង​អង់គ្លេស​កាលពី​ដើម​ឆ្នាំ​នេះ លោក ផល្លាបុត្រ បាន​និយាយ​ថា អ្នក​ស្រី ហួង គ្រាន់តែ​ជា​ស្រី​កំណាន់​របស់​លោក និង​បាន​បដិសេធ​ថា​មិន​មាន​កូន​ជាមួយ​នាង​ទេ។

យោងតាម​អាំងទែប៉ូល​បាន​ឲ្យ​ដឹង​ថា ការ​ផ្តន្ទាទោស​អ្នក​ស្រី​ ហួង ក្នុង​រឿង​ក្តី​ដ៏​ធំ​ ពាក់ព័ន្ធ​នឹង​មនុស្ស​មួយ​ចំនួន​ក្នុង​គ្រួសារ​លោក ខូវ ដែល​មាន​មុខ​ជំនួញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​អចលន​ទ្រព្យ សំណង់ និង​កសិកម្ម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​​កាលពី​ខែ​តុលា​ឆ្នាំ​២០១២។

បន្ទាប់ពី​មាន​ការ​កាត់​ក្តី លោក​ស្រី ខូវ សេង ចិន្តា អាយុ​៥០​ឆ្នាំ ជា​ភរិយា​របស់​លោក ខូវ ជឺលី ដែល​ជា​មេគ្រួសារ​មាន​អាយុ​ប្រហែល​៩០​ឆ្នាំ ត្រូវ​បាន​តុលាការ​ក្រុង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ ទាំង​សាលាឧទ្ធរណ៍ ទាំង​តុលាការ​កំពូល​បាន​តម្កល់​សេចក្តី​សម្រេច​នេះ។

ទោះជា​មាន​ភ័ស្តុតាង​ទាក់ទង​មិន​គ្រប់គ្រាន់​ និង​ការ​ពឹង​ផ្អែក​លើ​សាក្សី​ដែល​ផ្តល់​សាក្ខីកម្ម​មិន​ស៊ីសង្វាក់​គ្នា​ក៏​ដោយ ក៏​តុលាការ​បាន​រក​ឃើញ​ពិរុទ្ធភាព​អ្នក​រួម​គំនិត​បី​នាក់​ជាមួយ​អ្នកស្រី សេង ចន្តា ដោយ​សម្រេច​ដាក់​ទោស​ពួកគេ​ពី​១៨​ឆ្នាំ​ដល់​២០​ឆ្នាំ​ម្នាក់ៗ។

យោងតាម​តុលាការ​ក្រុង​ឲ្យ​ដឹង​ថា អ្នក​ស្រី សេង ចន្តា បាន​រួម​គំនិត​ជាមួយ ច័ន្ទ សុខា ជា​អ្នក​បម្រើ​ម្នាក់​នៅ​ពេល​នោះ ដើម្បី​ជួល នាង ស៊ីណាត ជា​អ្នក​បម្រើ​ដែល​ធ្វើការ​ឲ្យ​លោក ចាន់ថុល ដើម្បី​ធានា​ឲ្យ​បាន​ចូល​ទៅ​ក្នុង​វីឡា​នៅ​ភ្នំពេញ​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ​នៅ​យប់​គ្រោង​ធ្វើ​ឃាតកម្ម​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១០។

ចុងចោទ​ទី៤​ឈ្មោះ សុខ ឡាក់ ត្រូវ​គេ​រក​ឃើញ​ពិរុទ្ធភាព​មាន​គម្រោង​ទម្លាយ​ចូល​ផ្ទះ​នោះ ហើយ​បន្ទាប់មក​ចាប់​រំលោភ​និង​ធ្វើឃាត​ភរិយា​របស់​លោក​រដ្ឋមន្ត្រី គឺ​លោក​ស្រី ស៊ុន សុត្ថា និង​កូន​ស្រី​អាយុ​៩​ឆ្នាំ។

ក៏ប៉ុន្តែ​នៅ​យប់​ការ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​នោះ គ្មាន​ជន​សង្ស័យ​ណាម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​វីឡា​របស់​លោក​ ចាន់ថុល ឡើយ ហើយ​ក៏​មិន​មាន​គ្រោះថ្នាក់​កើតឡើង​ចំពោះ​ភរិយា ឬ​កូនស្រី​របស់​លោក​ដែរ។ ភ័ស្តុតាង​ជាក់ស្តែង​នៃ​ឧក្រិដ្ឋកម្ម​គ្រោងទុក​នេះ​ គឺ​បង្អួច ចំហ​បន្តិច​ដោយ​ចេតនា​របស់​អ្នក​បម្រើ​ម្នាក់ ប៉ុន្តែ​បាន​បិទ​វិញ​ដោយ​លោកស្រី សុត្ថា ហើយ​ធ្វើ​ឲ្យ​គម្រោង​នេះ​មិន​បាន​សម្រេច​ទៅ​វិញ។

តួនាទី​របស់​អ្នកស្រី ហួង ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ថ្មីៗ​ក្នុង​គម្រោង​ឃាតកម្ម​នេះ​ មិន​ដែល​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ទេ ហើយ​លោក កែវ មុនី ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​នេះ បាន​បដិសេធ​មិន​អធិប្បាយ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​ពុធ។

លោក ស៊ុន ចាន់ថុល ដែល​បាន​ឡើង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​មុន បាន​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ដែល​តម្កល់​សាលក្រម​ពិរុទ្ធភាព​នៅ​ខែ​តុលា​ឆ្នាំ២០១២។

ឆ្លើយតប​នឹង​ការ​អះអាង​ថា​រឿងក្តី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​នោះ លោក ចាន់ថុល បាន​និយាយ​នៅ​ពេល​នោះ​ថា “ខ្ញុំ​សូម​និយាយ​ថា ស៊ុន ចាន់ថុល និង​គ្រួសារ​របស់​ ស៊ុន ចាន់ថុល មិន​ចង់​បាន​សូម្បី​មួយ​សេន​ពី​ឧកញ៉ា ខូវ ជឺលី”​ទេ។

ប៉ុន្តែ​អ្នកស្រី សេង ចន្តា នៅ​ថ្ងៃ​ដដែល​នោះ បាន​និយាយ​ថា ការ​ផ្តន្ទាទោស​អ្នកស្រី​ពី​បទ​រៀបចំ​គម្រោង​ធ្វើឃាត លោកស្រី សុត្ថា (ដែល​ជា​កូន​ស្រី​របស់​លោក ខូវ ជឺលី) និង​កូន​ស្រី​របស់​គាត់ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។

អ្នក​ស្រី សេង ចន្តា បាន​និយាយ​នៅក្រៅ​បន្ទប់​តុលាការ​ថា “ពួកគេ​បាន​ចោទ​ខ្ញុំ​ថា​ចង់​សម្លាប់ ស៊ុន សុត្ថា ពីព្រោះ​ខ្ញុំ​ខ្លាច​ ស៊ុន សុត្ថា នឹង​ទទួល​មរតក​ទ្រព្យ​សម្បត្តិ​របស់​ប្តី​ខ្ញុំ”។   “ប៉ុន្តែ​ខុស​ស្រឡះ ពីព្រោះ​ប្តី​របស់​ខ្ញុំ​មាន​កូន​១២​នាក់។ បើ​ខ្ញុំ​សម្លាប់​មួយ នៅ​មាន​១១​នាក់​ទៀត។ អ៊ីចឹង តើ​ខ្ញុំ​ត្រូវ​សម្លាប់​ពួកគេ​ទាំង​អស់​ឬ?”

អ្នក​ស្រី ហួង មិន​ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​សំណុំ​រឿង​ដំបូង​ចោទ​លោក​ស្រី សេង ចិន្តា ទេ ប៉ុន្តែ​ស្ថិត​ក្នុង​ចំណោម​សាច់​ញាតិ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្នុង​បណ្តឹង​ព្រហ្មទណ្ឌ​បន្ទាប់​មក​ទៀត។

កាលពី​ខែ​កុម្ភៈ​និង​ខែ​មីនា​ឆ្នាំ​នេះ អ្នក​ស្រី ហួង និង​លោក ផល្លាបុត្រ បាន​សរសេរ​លិខិត​យ៉ាង​វែង​ចុះ​ផ្សាយ​ជាសាធារណៈ ចោទគ្នា​ទៅវិញ​ទៅ​មក​ថា​មិន​ស្មោះ​និង​ការ​បំភាន់។

ក្នុង​លិខិត​ទី​១​របស់​លោក លោក ផល្លាបុត្រ បាន​សំុអភ័យ​ទោស​ចំពោះ​ការ​អះអាង​ពី​មុន​ ​ដែល​ថា​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី ហួង និង​អ្នកស្រី សេង ចន្តា គឺប្រឌិត​ឡើង។​ លោក​បាន​សរសេរ​ថា “សម្តី​ដែល​ក្នុង​នោះ ខ្ញុំ​បាន​ចោទ​ឯកឧត្តម ស៊ុន ចាន់ថុល និង​លោក​ជំទាវ ស៊ុន សុត្ថា ថា​បាន​បង្កើត​រឿង​នេះ​ក្នុង​បំណង​ចោទ សេង ចន្តា និង ឡាយ ហួង ដើម្បី​កាន់កាប់​ទ្រព្យ​គ្រួសារ​ ខូវ ជឺលី នោះ គឺ​ជា​ការ​យល់​ច្រឡំ និង​ខុស​ទាំង​ស្រុង”។ “ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​បាន​ការពារ សេង ចន្តា និង ឡាយ ហួង ដែល​បាន​រួម​គំនិត​គ្នា និង​មាន​ផែនការ​រំលោភ​សម្លាប់​បង​ស្រី ស៊ុន សុត្ថា និង​ក្មួយ​ស្រី​របស់​ខ្ញុំ”។

ជា​ការ​ឆ្លើយតប អ្នកស្រី ហួង ដែល​និយាយ​ថា អ្នកស្រី​បាន​រស់នៅ​ជាមួយ​លោក ផល្លាបុត្រ រវាង​ឆ្នាំ​២០០៤​ដល់​ឆ្នាំ២០១២ និង​បាន​សហការ​ជាមួយ​គាត់​លើ​ការ​រកស៊ី​មួយ​ចំនួន​នោះ បាន​និយាយ​ថា អតីត​ដៃគូ​របស់​អ្នកស្រី បាន​ភូតកុហក។

អ្នកស្រី ហួង​ បាន​សរសេរ​កាលពី​ខែ​មីនា​ថា “[លោក ផល្លាបុត្រ] និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ឃោរឃៅ​និង​ចោទ​ខ្ញុំ​ថា​បាន​ព្យាយាម​បំផ្លាញ​គ្រួសារ​របស់​គាត់ ប៉ុន្តែ​វាមិន​ពិត​ទេ”។ អ្នកស្រី​បាន​សរសេរ​ថា “គាត់​បាន​និយាយ​ថា ខ្ញុំ​ជា​ស្រី​កំណាន់​របស់​គាត់ និង​ជា​មនុស្ស​លោភលន់ ដែល​ព្យាយាម​ប្លន់​ទ្រព្យ​សម្បត្តិ និង​ជា​មេគំនិត​ឃាតកម្ម។ រឿង​នេះ​មិន​ពិត​ទេ ខ្ញុំ​ឈឺ​ចាប់​ណាស់”៕ មានិត​ (រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន ផាន់ អាណា និង ឃី សុវុឌ្ឍី)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស