កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា រដ្ឋាភិបាលបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីចំនួន៦១០.០០០ដល់អ្នកភូមិចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចាប់ផ្ដើមកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីកាលពីខែមិថុនា ឆ្នាំ២០១២មក ប៉ុន្តែក្រសួងបានលើកឡើងថា និស្សិតស្ម័គ្រចិត្តដែលជាកម្លាំងស្នូលនៃកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីថ្លីនេះនឹងត្រូវរំសាយចោល។
នៅពេលបញ្ចប់កិច្ចប្រជុំរយៈពេល១២ថ្ងៃស្ដីពីបញ្ហាដីធ្លី ដែលរៀបចំឡើងដោយអង្គការ ស្តារកម្ពុជា (Star Kampuchea) ជាអង្គការមិនមែនរដ្ឋាភិបាល លោក ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីត្រូវបានចែកជូនអ្នកភូមិប្រមាណ៤០០.០០០គ្រួសារ ហើយបានគ្របដណ្ដប់លើផ្ទៃដីទំហំ១,២លានហិកតានៅក្នុងខេត្តចំនួន២០។
លោកបានប្រាប់និស្សិត និងអ្នកភូមិជាង២០០នាក់មកពីទូទាំងប្រទេសថា “យើងបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយយើងឃើញថា វិវាទដីធ្លីមានការធ្លាក់ចុះយ៉ាងខ្លាំង”។
ខ្មែរក្រហមបានលុបបំបាត់ការកាន់កាប់អចលនទ្រព្យឯកជនទាំងអស់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយបន្សល់ឲ្យពលរដ្ឋខ្មែររាប់លាននាក់គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី។ កេរ្តិ៍ដំណែលនេះបានធ្វើឲ្យកើតមានវិវាទដីធ្លីយ៉ាងច្រើន ដោយសាររដ្ឋាភិបាលបានយកដីធ្លីជាច្រើនជួលឲ្យក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរុករករ៉ែ ឬក្រុមហ៊ុនកសិកម្មធំៗភាគច្រើន។
លោក ហ៊ុន សែន បានប្រកាសកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកកាលពីឆ្នាំ២០១២ ក្នុងគោលបំណងជួយដោះស្រាយវិវាទមួយចំនួនក្នុងចំណោមវិវាទដីធ្លីទាំងនោះ ហើយបានជ្រើសរើសនិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ ដើម្បីជួយវាស់វែងដីធ្លី។ ទោះបីជាតួលេខចុងក្រោយនេះបានសម្រេចគោលដៅគ្របដណ្ដប់លើផ្ទៃដីទំហំ១,២លានហិកតា ដែលលោកនាយករដ្ឋមន្ត្រីបានកំណត់តាំងពីដំបូងឡើយក្ដី តែវានៅតែមិនទាន់សម្រេចគោលដៅដែលកំណត់លើកក្រោយដោយគ្រប់ដណ្ដប់លើផ្ទៃដី១,៨លានហិកតានៅឡើយទេ។
ទោះបីជានៅមានផ្ទៃដីប្រមាណ៦០០.០០០ហិកតាត្រូវវាស់វែងបន្តក្ដី តែលោក ស សុវណ្ណ បានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលលែងផ្អែកលើនិស្សិតស្ម័គ្រចិត្តទៀតហើយ។
លោកបានមានប្រសាសន៍ទៀតថា “យើងមានផែនការវាស់វែងដីធ្លីទំហំ២លានហិកតាបន្ថែមទៀតនៅឆ្នាំក្រោយ ហើយយើងនឹងមិនប្រើនិស្សិតស្ម័គ្រចិត្តសម្រាប់កម្មវិធីនេះទៀតទេ ព្រោះយើងមានមន្ត្រីជំនាញគ្រប់គ្រាន់ដើម្បី៊ធ្វើរឿងនេះ”។
កម្មវិធីនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សដែលចោទប្រកាន់រដ្ឋាភិបាលថា បានបដិសេធមិនឲ្យស្ថាប័នឯករាជ្យឃ្លាំមើលការអនុវត្តរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សក៏បានលើកឡើងផងដែរថា កម្មវិធីនេះជួយដោះស្រាយវិវាទដីធ្លីបានតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះវាមានចេតនាគេចចេញពីតំបន់ភាគច្រើនដែលកសិករក្រីក្រកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជន៕ ស៊ុយឈាង