27 C
Phnom Penh

អាជ្ញាធរ​អប្សរា​វាយ​បក​ទៅ​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អាជ្ញាធរ​អប្សរា​បាន​រិះគន់​​ខ្លាំង​ៗ​ចំពោះ​ការ​អះអាង​របស់​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ដែល​លើក​ឡើង​ថា ខ្លួន​បាន​កិប​កេង​ប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​ ដោយ​ចោទ​ប្រកាន់​លោក​​​ថា ព្យាយាម​ “សង​សឹក​” ដោយ​សារ​លោក​ធ្លាប់​ចាញ់​ក្ដី​ក្ដាំ​ក្នុងពេល​កន្លង​មក​។

លោក សុន ឆ័យ និង​លោក ជាម យៀប ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​​ បាន​ជួប​ជាមួយ​លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​នេះ​មិន​រាយការណ៍​​អស់​ និង​ផ្ដល់​ទិន្នន័យ​មិន​ពិត​ពាក់​ព័ន្ធ​នឹង​ការ​លក់​សំបុត្រ​។

យោង​តាម​លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា លោក ប៊ុន ណារិទ្ធ បាន​ប្រាប់​លោក​អំឡុង​​ជំនួប​នោះ​ថា ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​២លាន​នាក់ បានទិញ​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គ​នៅ​ឆ្នាំ​នេះ​ “ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ប្រមាណ​៥លាន​នាក់​ដែល​មក​ទស្សនា​នៅ​កម្ពុជា​”។

តំណាង​រាស្ត្រ​រូប​នេះ​បាន​ច្រាន​ចោល​​ការ​​លើក​ឡើង​ថា មាន​ភ្ញៀវ​ទេសចរ​តែ​៤០​ភាគ​រយ​ដែល​បាន​ចូល​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ ហើយ​ក៏​បាន​ចំអក​ការ​អះអាង​ដែល​លើក​ឡើង​ថា ៦៧​ភាគរយ​​នៃ​ទេសចរណ៍​ទាំង​នោះ​ទិញ​សំបុត្រ​ចូល​ទស្សនា​​មួយ​ថ្ងៃ ដែល​មាន​​តម្លៃ​ថោក​ផង​ដែរ​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ជំនួប​នោះ​ថា “ខ្ញុំ​បាន​ប្រាប់​ពួកគេ​ដោយ​ត្រង់​ចំ​មុខ​ថា យើង​មិន​អាច​ទទួល​​បាន​ទេ​​ ហើយ​យើង​ត្រូវ​ការ​ការ​ស៊ើប​អង្កេត​​ច្បាស់​លាស់​ជាង​នេះ​”។

កាលពី​ម្សិលមិញ អាជ្ញាធរ​អប្សរា​​បាន​វាយ​បក​ទៅ​លោក​ សុន ឆ័យ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ ដោយ​ចោទ​ប្រកាន់​​ថា លោក​ចង​កំហឹង​​ដោយ​សារ​វិវាទ​ដីធ្លី​មួយ​ដែល​លោក​បាន​ចាញ់​កាលពី​ឆ្នាំ​២០០០​ ដែល​នៅ​ពេល​នោះ​លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​លក់​ដី​មួយ​កន្លែង​​ដែល​មាន​ទំហំ​៣១.០០០​ម៉ែត្រ​ក្រឡា​ឲ្យ​ទៅ​អាជ្ញាធរ​អប្សរា​។

ដី​នោះ​​ស្ថិត​នៅ​ចន្លោះ​ក្រុង​សៀមរាប និង​ឧទ្យាន​បុរាណ​អង្គរ​ ហើយ​លោក សុន ឆ័យ និង​ប្រជា​ពលរដ្ឋបី​គ្រួសារ​ទៀត​បានព្យាយាម​ច្រាន​ចោល​​កញ្ចប់​សំណង​​សម្រាប់​ពួកគាត់​។

សេចក្ដី​ថ្លែងការណ៍​របស់​អាជ្ញាធរ​អប្សរា​មាន​ខ្លឹមសារ​ដូច្នេះ​ថា “បន្ទាប់ពី​ជំនួប​ផ្លូវ​ការ​នេះ ឯកឧត្ដម សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​និយាយ​តាម​​រយៈ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន ដោយ​និយាយ​កុហក​អំពី​ការ​អនុវត្ត​ការ​ងារ​របស់​អាជ្ញាធរ​អប្សរា​ប្រាប់​ដល់​​សាធារណមតិ​។ ហេតុ​ផល​មួយ [សម្រាប់​ការ​អះអាង​ទាំង​នោះ​] គឺ​មាន​បំណង​កេង​ចំណេញ​នយោបាយ​ ហើយ​ហេតុ​ផល​មួយ​ទៀត​គឺ​មាន​បំណង​សង​សឹក​អាជ្ញាធរ​អប្សរា ពីព្រោះ​គាត់​ធ្លាប់​ចាញ់​ក្ដី​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​នៅ​ក្រុង​វប្បធម៌ និង​ទេសចរណ៍​នៃ​ខេត្ត​សៀមរាប​”។

សេចក្ដី​ថ្លែង​ការណ៍​របស់​អាជ្ញាធរ​អប្សរា​បាន​លើក​ឡើង​បន្ត​​ថា ការ​អះអាង​របស់​លោក សុន ឆ័យ ថា មាន​ភ្ញៀវទេសចរ​៥លាន​នាក់​មក​ទស្សនា​នៅ​កម្ពុជា គឺ​ជា​ការ​បំប៉ោង​តួលេខ​ ហើយ​បាន​បន្ត​ការ​ពារ​តួលេខ​នៃ​ការ​លក់​សំបុត្រ​របស់​ខ្លួន ដោយ​បក​ស្រាយ​ថា តួលេខ​ផ្លូវ​ការ​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​ពិនិត្យ​ផ្ទៀង​ផ្ទាត់។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​​ពន្យល់​ថា “អាជ្ញាធរ​អប្សរា​សូម​បដិសេធ​ដាច់​អហង្ការ​ចំពោះ​​ការ​អត្ថាធិប្បាយ​​មិន​ត្រឹម​ត្រូវ​របស់​ឯកឧត្ដម សុន ឆ័យ ហើយ​យើង​សូម​បញ្ជាក់​ការ​ពិត​​ដែល​តួលេខ​ប៉ាន់​ប្រមាណ​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ភ្ញៀវទេសចរ​អន្តរជាតិ​​តែ​៤,៥​លាន​នាក់​ប៉ុណ្ណោះ នឹង​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤។ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​១.៦៤៣.៦៥៧​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូល​ទស្សនា​ឧទ្យាន​អង្គរវត្ត​ក្នុង​រយៈ​ពេល​១០​ខែ​ដើមឆ្នាំ​២០១៤ ដោយ​ការ​លក់​សំបុត្រ​ពី​តួលេខ​ភ្ញៀវ​ទេសចរ​ដូច​បាន​រៀបរាប់​ពី​ខាង​លើ​ បាន​ចំនួន​​៤៣​.៣៨៧.៥០០​ដុល្លារ​។ តួលេខ​នេះ​ គឺ​ជា​តួលេខ​ជាក់​ស្ដែង​ដែល​ត្រូវ​បាន​ពិនិត្យ​​ផ្ទៀង​ផ្ទាត់ និង​បញ្ជាក់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ដែល​ជា​ស្ថាប័ន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការ​ចំណាយ​ និង​ចំណូល​របស់​ជាតិ​”។

​អាជ្ញាធរ​អប្សរា​ជា​អ្នក​គ្រប់គ្រង​ឧទ្យាន​បុរាណ​អង្គរ ចំណែក​ឯ​ក្រុម​ហ៊ុន​សូគីម៉ិច ដែល​ជាក្រុម​ហ៊ុន​ឯកជន ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រមូល​ការ​លក់​សំបុត្រ​។ ក្រុម​ហ៊ុន​នេះ​កាត់​យក​ពី​ប្រាក់​ចំណូល​មុន​ពេល​បញ្ជូន​ចំណូល​​ដែល​នៅ​សេសសល់​ឲ្យ​ទៅ​​រតនាគារ​ជាតិ​។

សេចក្ដី​ថ្លែង​ការណ៍​ក៏​​បាន​លើក​ឡើង​ដែរ​ថា​ ការ​ជួល​ដី​រយៈ​ពេល​២៦​ឆ្នាំ ក្នុង​តម្លៃ​៩លាន​ដុល្លារ​​នៅ​ក្រុង​វប្បធម៌ និង​ទេសចរណ៍​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ផ្សេងៗ រួម​មាន​ទាំង​ក្រុម​ហ៊ុន​សុខា អូតែល​ របស់​​លោក សុខ គង់ ម្ចាស់​ក្រុម​ហ៊ុន​សូគីម៉ិច​ផងនោះ​​​មិន​មែន​ជា​រឿង​​ខុស​ច្បាប់​ទេ។

សេចក្ដី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា ការ​អះអាង​របស់​លោក សុន ឆ័យ គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើង​ដើម្បី​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​យល់​ខុស​លើ​អាជ្ញាធរ​អប្សរា ព្រម​ទាំង​រដ្ឋាភិបាល​ប៉ុណ្ណោះ​​”។

ចំណែក​ឯ​លោក សុន ឆ័យ ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​៕ សុខុម​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស