កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសបុរសបីនាក់ ដោយមានពីរនាក់ត្រូវផ្ដន្ទាទោសកំបាំងមុខនោះឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តអំពើមនុស្សឃាតដ៏ព្រៃផ្សៃលើស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់កាលពីថ្ងៃទី២ ខែឧសភា នៅក្នុងផ្ទះរបស់គាត់ដែលជារោងចក្រផលិតមួកតូចមួយក្នុងខណ្ឌពោធិ៍សែនជ័យ។
អំឡុងពេលបើកសវនាការកាលពីថ្ងៃច័ន្ទ សយ ហួង អាយុ២៣ឆ្នាំបានសារភាពថា មានជាប់ពាក់ព័ន្ធនៅក្នុងការធ្វើឃាតអ្នកស្រី លី ចាង អាយុ៤៣ឆ្នាំ ដោយឈរយាមផ្លូវនៅខាងក្រៅអគារខណៈស្ត្រីរូបនេះត្រូវគេសម្លាប់ និងបានជួយក្នុងការយកសពស្ត្រីរងគ្រោះទៅបោះចោល។
ប៉ុន្តែ សយ ហួង បាននិយាយថា ចុងចោទចំនួនពីររូបដែលមានឈ្មោះ សយ សុភា អាយុ២១ឆ្នាំ និង យឹម វន្ថា អាយុ៣៨ឆ្នាំ ដែលឥឡូវកំពុងរត់គេចខ្លួន គឺជាអ្នកប្រព្រឹត្តអំពើមនុស្សឃាតនេះ។
សយ ហួង បាននិយាយអំឡុងពេលបើកសវនាការថា “ស្ត្រីឈ្មោះ [លី ចាង] នេះកំពុងបូកបញ្ជីនៅលើតុ ហើយ វន្ថា បានទៅទាញគាត់ទម្លាក់មកលើឥដ្ឋ។ វន្ថា បានខ្ទប់មាត់គាត់ បន្ទាប់មកបានយកដំបងឆក់ឆក់គាត់ រួចយកកន្ត្រៃចាក់គាត់ថែមទៀត។ រីឯឈ្មោះ ភា វិញបានយកឡាមអារបំពង់កររបស់គាត់”។
ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឈុន ហេង បានឲ្យដឹងកាលពីម្សិលមិញថា បុរសទាំងបីនាក់នេះជាប់ទោសពីបទមនុស្សឃាតដោយគិតជាមុនតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រម ឈុន ហេង បានប្រកាសសាលក្រមថា “សយ ហួង អាយុ២៣ឆ្នាំ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ សយ សុភា អាយុ២១ឆ្នាំ និង យឹម វន្ថា អាយុ៣៨ឆ្នាំក៏ជាប់ទោសអស់មួយជីវិតដែរ”។ ចៅក្រម ឈុន ហេង បានបន្ថែមថា លោកបានចេញដីកាចាប់ខ្លួន សយ សុភា និង យឹម វន្ថា ហើយ។
យោងតាមរបាយការណ៍របស់នគរបាលដែលគេអានអំឡុងពេលបើកសវនាការកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ដើម្បីជាការសងសឹក សយ សុភា បានសម្រុកចូលផ្ទះរបស់អ្នកស្រី លី ចាង ក្នុងសង្កាត់ចោមចៅ ត្រឹមតែរយៈពេល៥ម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកស្រីបានបណ្ដេញជននេះចេញពីបទលួចលុយប្រហែល១០៧ដុល្លារពីថតតុនៅក្នុងរោងចក្រដ៏តូចមួយនេះ។
របាយការណ៍នគរបាលបានឲ្យដឹងបន្តថា បន្ទាប់ពីសម្លាប់អ្នកស្រី លី ចាង រួចបុរសទាំងបីនាក់នេះយកបានប្រាក់ប្រហែល៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង។ បើយោងតាមចម្លើយសារភាពរបស់ សយ ហួង បានឲ្យដឹងថា សយ សុភា បានឲ្យកុំព្យូទ័រយួរដៃមកខ្លួន ដើម្បីសងប្រាក់ជំពាក់។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានឲ្យដឹងថា នគរបាលខណ្ឌរបស់លោកកំពុងតាមចាប់ខ្លួនអ្នកដែលសមគំនិតជាមួយ សយ ហួង។ លោកបានប្ដេជ្ញាថា “ខ្ញុំនឹងតាមរករហូតទាល់តែចាប់ខ្លួនពួកគេបាន”៕ ស៊ុយឈាង