មុនពិធីកាលពីម្សិលមិញនៅមូលដ្ឋានទ័ពអាកាសក្នុងរាជធានីភ្នំពេញ ដើម្បីស្វាគមន៍កងរក្សាសន្តិភាពជិត២០០នាក់ ដែលត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីយប់ថ្ងៃពុធ បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេលប្រហែល១ឆ្នាំនៅក្នុងប្រទេសលីបង់ មេបញ្ជាការអង្គភាពដែលបញ្ជូនកងរក្សាសន្តិភាពទៅបំពេញបេសកកម្មនេះបានរៀបរាប់ថា ប្រទេសលីបង់ជាប៉ុស្តិ៍ “ដ៏ល្អបំផុតមួយ”។
ដោយកងរក្សាសន្តិភាពកម្ពុជាបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសមួយចំនួន រួួមមានដូចជា ប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងប្រទេសស៊ូដង់ខាងត្បូងនោះ វរសេនីយ៍ឯក ម៉ម នាង អាយុ៥៣ឆ្នាំជាមេបញ្ជាការគ្រប់គ្រងទាហានចំនួន១៨៤នាក់នៅក្នុងកងពលវិស្វកម្មលេខ៦២១ បានលើកឡើងថា ប្រទេសលីបង់គឺជាប៉ុស្តិ៍ដែលស្រួលជាងប្រទេសដទៃទៀត។
វរសេនីយ៍ឯក ម៉ម នាង បានមានប្រសាសន៍ថា “ខ្ញុំគិតថា ប្រទេសលីបង់គឺជាប្រទេសដ៏ល្អបំផុតសម្រាប់បេសកកម្ម។ អាកាសធាតុល្អ ឬឯពលរដ្ឋក៏ល្អដែរ។ វាដូចនៅអឺរ៉ុបអ៊ីចឹង ហើយខុសគ្នាឆ្ងាយពីតំបន់មជ្ឈិមបូពា៌ និងតំបន់អាហ្វ្រិក”។
ប្រទេសលីបង់មានព្រំដែនជាប់ប្រទេសស៊ីរីនៅភាគខាងជើង និងភាគខាងកើត ហើយជាប់ប្រទេសអុីស្រាអែលនៅភាគខាងត្បូង។
វរសេនីយ៍ឯក ម៉ម នាង បានលើកឡើងទៀតថា អង្គភាពរបស់លោកគឺមានមូលដ្ឋាននៅក្នុងភាគអាគ្នេយ៍នៃស្រុក Marjeyoun។
វរសេនីយ៍ឯក ម៉ម នាង ដែលធ្លាប់ចូលរួមនៅក្នុងបេសកកម្មរក្សាសន្តិភាពចំនួនពីរលើករួចមកហើយដោយមួយៗលើកមានរយៈពេល១ឆ្នាំ នៅក្នុងប្រទេសលីបង់ និងប្រទេសស៊ូដង់ បានលើកឡើងថា ភារកិច្ចចម្បងចំនួនពីររបស់អង្គភាពលោក គឺការសាងសង់ និងដោះមីន។
ប៉ុន្តែដោយសារតែមិនសូវសម្បូរមីនដោះ លោកបានលើកឡើងថា អង្គភាពរបស់លោកផ្ដោតសំខាន់លើការបោះបង្គោលព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអុីស្រាអែល ហើយជួយក្នុងគម្រោងសាងសង់សម្រាប់ពលរដ្ឋ។
លោកបានមានប្រសាសន៍ថា “យើងបានផ្ដល់ជំនួយដល់អ្នកភូមិមូលដ្ឋាន ដោយជួយស្ថាបនាផ្លូវ និងជួនកាលសម្អាតទន្លេដើម្បីជួយឲ្យទឹកអាចហូរបាន។ ខ្ញុំគិតថា វាមិនមែនជាការងារដែលស្មុគ្រស្មាញខ្លាំងឡើយ”។
វរសេនីយ៍ឯក ម៉ម នាង បានលើកឡើងទៀតថា នៅពេលមានការប្រយុទ្ធគ្នារវាងកងកម្លាំងអុីស្រាអែល និងក្រុមជីអាដ (jihad) អំឡុងបេសកកម្មរបស់ពួកគាត់ កងកម្លាំងរក្សាសន្តិភាពរបស់លោកមិនដែលរងការបាញ់ប្រហារណាមួយឡើយ។ លោកបានមានប្រសាសន៍បន្ថែមថា “តួនាទីរបស់យើងគឺគ្រាន់តែរក្សាសន្តិភាពប៉ុណ្ណោះ”។
អនុសេនីយ៍ទោ សំ សារុំ អាយុ៣០ឆ្នាំ ដែលបានចូលរួមនៅក្នុងកងកម្លាំងការពាររបស់កងរក្សាសន្តិភាពដែលទទួលខុសត្រូវផ្នែកសន្តិសុខ បានលើកឡើងថា អង្គភាពរបស់លោកក៏ជួយបោះបង្គោលព្រំដែនរវាងប្រទេសលីបង់ និងស៊ីរីផងដែរ។
ថ្វីបើសង្គ្រាមស៊ីវិលដែលកំពុងតែបន្តក្នុងពេលបច្ចុប្បន្នធ្វើឲ្យប្រទេសស៊ីរីខ្ទេចខ្ទីក៏ដោយ តែលោក សារុំ បានលើកឡើងថា ពួកគាត់មិនដែលជួបប្រទះជនភៀសខ្លួន ឬអ្នកប្រយុទ្ធដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមណាម្នាក់ឡើយ។ លោកបាននិយាយថា “វាមិនគ្រោះថ្នាក់ទេ”។
កងរក្សាសន្តិភាពចំនួន១៨៤នាក់ផ្សេងទៀត បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសលីបង់កាលពីថ្ងៃអង្គារ ដើម្បីជំនួសកងរក្សាសន្តិភាពដែលទើបត្រឡប់មកវិញទាំងនេះ៕ ស៊ុយឈាង