35 C
Phnom Penh

សមត្ថកិច្ច​ស្វែងរក​ចាប់អ្នក​នេសាទ​វៀតណាមពីបទ​រំលោភ​និង​ធ្វើ​ឃាត​ក្មេងស្រី​អាយុ​១០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​នៅ​ខេត្ត​ពោធិ៍សាត់​បាន​និយាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​នេសាទ​វៀតណាម​បី​នាក់​ជា​ជន​សង្ស័យ​សំខាន់​ក្នុង​ការ​ចាប់​រំលោភ​និង​ធ្វើ​ឃាត​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​កាលពី​ដើម​ខែ​នេះ​នៅ​ស្រុក​ក្រគរ។ អ្នក​ទាំងបី​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។

កាលពី​ថ្ងៃទី​១៦​ខែ​ធ្នូ ពីរ​ថ្ងៃ​បន្ទាប់ពី​ក្មេង​ស្រី​នេះ​បាត់​ខ្លួន អ្នក​ភូមិ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​សព​របស់​នាង​អណ្តែត​ក្នុង​បឹង​ទន្លេសាប​នៅ​ឃុំអន្សាចំបក់។ បន្ទាប់ពី​ពិនិត្យ​សព​ក្មេង​ស្រី​នេះ​រួច ប៉ូលិស​បាន​កំណត់​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​គេ​រំលោភ​និង​សម្លាប់​ចោល។

ស្នងការ​រង​ខេត្ត​លោក កែវ សុគន្ធា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​របស់​លោក​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​វៀតណាម​បី​នាក់​ជា​ជន​សង្ស័យ ប៉ុន្តែ​មិន​បាន​ប្រាប់​ឈ្មោះ​ពួកគេ​ទេ។

លោក សុគន្ធា បាន​ឲ្យ​ដឹង​ថា “យើង​កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​ដើម្បី​រក​រូបថត​របស់​ជន​សង្ស័យ​ហើយ​ផ្តល់​ទៅ​ខេត្តផ្សេងៗ​ទៀត​នៅ​ក្បែរ ដែល​អាច​ជួយ​ស្វែងរក​និង​ចាប់​ខ្លួន​ពួកគេ”។ លោក​បាន​បន្ថែម​ថា “យើង​មិន​អាច​ប្រាប់​អ្នក​នូវ​សេចក្តី​លម្អិត​ច្រើន​បាន​ទេ​…​ប៉ុន្តែ​យើង​សង្ឃឹម​ថា យើង​នឹង​ចាប់​ខ្លួន​ពួកគេ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ”។

លោក តូ តាំងអេង នាយការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ទាំង​នោះ ដែល​រស់នៅ​ក្នុង​ឃុំ​កំពង់លួង​ដែល​នៅ​ជិត​ខាង ជា​ជនសង្ស័យ​បន្ទាប់ពី​អ្នក​ស្រុក​បាន​និយាយ​ថា ពួកគេ​បាន​បាត់ខ្លួន​គួរ​ឲ្យ​សង្ស័យ។

លោក​បាន​និយាយ​ថា “យោងតាម​ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង រាល់​ថ្ងៃ​អ្នក​នេសាទ​វៀតណាម​ពីរ​បី​នាក់​បាន​មក​រកត្រី​នៅ​ជិត​កន្លែង​កើត​ហេតុ​នេះ។ ប៉ុន្តែ​ក្រោយពី​មាន​ឃាតកម្ម​កើត​ឡើង គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ពួកគេ​នៅ​ទី​នោះ​ទេ”។

លោក តាំងអេង បាន​បន្ថែម​ថា អ្នក​ស្រុក​ឃុំ​កំពង់​លួង​បាន​ក៏​ប្រាប់​ប៉ូលិស​ថា អ្នក​នេសាទ​ទាំង​នោះ​បាន​បាត់​មុខ​ភ្លាម​បន្ទាប់ពី​ក្មេង​ស្រី​នោះ​បាត់​ខ្លួន។ លោក​បាន​និយាយ​ថា “ប្រសិនបើ​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ហេតុអ្វី​ពួកគេ​ព្យាយាម​គេច​ខ្លួន​ពី​ប៉ូលិស?”។

លោក តាំងអេង បាន​និយាយ​ថា មុន​ពេល​ជន​រងគ្រោះ​បាត់​ខ្លួន នាង​បាន​ដើរ​ទៅ​រើស​អុស​ជាមួយ​ជីដូនមួយ​អាយុ​៨​ឆ្នាំ​របស់​នាង​ជិះ​ទូក​ពីរ​ផ្សេង​គ្នា។ ជីដូនមួយ​បាន​ប្រាប់​ប៉ូលិស​ថា ពេល​ពួកគេ​ចេញ​ទៅ​បឹង ក្មេង​ស្រី​ទាំង​ពីរ​បាន​លួច​ត្រី​ពី​សំណាញ់​អ្នក​នេសាទ។ លោក​បាន​និយាយ​ថា “ក្មេង​ស្រី​បាន​និយាយ​ថា អ្នកនេសាទ​នោះ​ខឹង​ណាស់”។ ប៉ូលិស​សង្ស័យ​ថា ការ​លួច​ត្រី​ជា​ដើមហេតុ​កើត​មាន​ឧក្រិដ្ឋកម្ម​នេះ។ យោងតាម​លោក តាំងអេង ឲ្យ​ដឹង​ថា ជីដូនមួយ​នោះ​បាន​មក​ផ្ទះ​មុន​ជនរងគ្រោះ ដែល​បាន​និយាយ​ថា នាង​នឹង​មក​តាម​ក្រោយ ប៉ុន្តែក៏​បាត់​រហូត​តែម្តង៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស