បន្ទាប់ពីត្រូវក្រុមតំណាងរាស្ត្រចោទសួរនៅឯរដ្ឋសភាកាលពីម្សិលមិញ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានយល់ព្រមបង្កើនថវិការបបអាហារប្រចាំថ្ងៃសម្រាប់អ្នកជាប់ឃុំនៅមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងធ្វើការកែលម្អចំណុចផ្សេងៗទៀត ប៉ុន្តែភាគច្រើនមិនបានផ្ដល់សេចក្ដីលម្អិតច្បាស់លាស់ទេ។
លោក វង សូត្រ ត្រូវបានលោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសង្គមកិច្ចនៃរដ្ឋសភា កោះហៅឲ្យឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការនេះ ក្រោយពីមានសេចក្ដីរាយការណ៍អំពីការស្លាប់បុរសម្នាក់ក្នុងពេលថ្មីៗនេះ ដែលស្ថិតក្រោមការមើលថែទាំរបស់មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលគ្រប់គ្រងដោយរដ្ឋ និងដែលគេស្គាល់ច្បាស់ថា មណ្ឌលឃុំឃាំងព្រៃស្ពឺនេះ។ តំណាងរាស្ត្រចំនួន១៤រូបបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន៥រូបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរ។
ពេលចេញពីកិច្ចប្រជុំដែលមានរយៈពេលពីរម៉ោងកន្លះនេះវិញ លោកស្រី កែ សុវណ្ណារតន៍ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោករដ្ឋមន្ត្រីបានយល់ព្រមដំឡើងប្រាក់របបប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់អ្នកជាប់ឃុំម្នាក់ៗ ដែលបច្ចុប្បន្នមានចំនួនត្រឹមតែ១.៥០០រៀលប៉ុណ្ណោះ។
លោកស្រីបានមានប្រសាសន៍ថា “លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកនឹងកែប្រែអនុក្រឹត្យ ពីព្រោះអនុក្រឹត្យពីឆ្នាំ២០០៦នោះ គឺផ្ដល់របបតែ១.៥០០រៀលប៉ុណ្ណោះ។ ឯកឧត្ដមបានមានប្រសាសន៍ថា លោកនឹងកែប្រែអនុក្រឹត្យនោះ ហើយដំឡើងវាដល់៤.០០០រៀល”។
ថវិការបបអាហារនៅមណ្ឌលព្រៃស្ពឺ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាធំៗចំនួនបួន ដែលលោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងបានគូសបញ្ជាក់បន្ទាប់ពីចុះទៅពិនិត្យផ្ទាល់ដល់មណ្ឌលនេះកាលពីថ្ងៃទី១១ ខែធ្នូ។ បញ្ហាផ្សេងៗទៀត គឺកង្វះអនាម័យ កង្វះបុគ្គលិក និងការគ្មានបុគ្គលិកពេទ្យ។
លោកស្រី កែ សុវណ្ណារតន៍ បានមានប្រសាសន៍ថា លោករដ្ឋមន្ត្រីក៏ត្រូវបានស្នើសុំឲ្យជួយគាំទ្រដល់បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាទាំងនេះផងដែរ។ លោកស្រីថ្លែងថា ” យើងបានស្នើសុំឲ្យឯកឧត្ដមកែលម្អមណ្ឌលព្រៃស្ពឺ និងមណ្ឌលផ្សេងៗទៀតដូចមណ្ឌលនេះដែរ រួមមានការគ្រប់គ្រង ការព្យាបាលអ្នកជំងឺ និងការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាចំពោះអ្នកមានជំងឺផ្លូវចិត្ត ជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន”។
លោក វង សូត្រ បានបញ្ជាក់ថា លោកនឹងត្រៀមអនុក្រឹត្យមួយដើម្បីដំឡើងថវិកាអាហារសម្រាប់អ្នកជាប់ឃុំ ហើយបានមានប្រសាសន៍ថា លោកបានចាប់ផ្ដើមការងារលើអនុក្រឹត្យមួយទៀតរួចហើយ ដែលនឹងធ្វើឲ្យមានកំណែទម្រង់ធំទូលាយ ប៉ុន្តែមិនផ្ដល់សេចក្ដីលម្អិតទេ។
បណ្ដាអង្គការសិទ្ធិមនុស្សបានតវ៉ារាប់ឆ្នាំមកហើយចំពោះមណ្ឌលព្រៃស្ពឺ ដែលរដ្ឋាភិបាលប្រើប្រាស់សម្រាប់ឃុំឃាំងជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនដែលនគរបាលប្រមូលចាប់នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ជាញឹកញាប់ការប្រមូលចាប់ធ្វើឡើងនៅមុនព្រឹត្តិការណ៍ដែលគេរំពឹងថា នឹងទាក់ទាញចំនួនភ្ញៀវទេសចរ និងគណៈប្រតិភូបរទេសមកកាន់រាជធានីភ្នំពេញបានច្រើន។
អង្គការទាំងនេះនិយាយថា ការឃុំខ្លួនទាំងនោះគឺមិនស្របច្បាប់ទេ ហើយដោយលើកឡើងពីបទសម្ភាសជាមួយអតីតអ្នកជាប់ឃុំនៅទីនោះ បានចោទប្រកាន់បុគ្គលិកនៅមណ្ឌលនេះថា បានវាយដំ និងបំពានផ្លូវភេទពួកគេ។
មណ្ឌលនេះទទួលបានការចាប់អារម្មណ៍ខ្លាំងជាថ្មីម្ដងទៀតនៅដើមខែនេះ នៅពេលអង្គការសិទ្ធិមនុស្សនានាបានលាតត្រដាងថា បុរសអនាថាម្នាក់បានស្លាប់នៅទីនោះកាលពីចុងខែវិច្ឆិកា។ ដោយលើកឡើងពីការសន្ទនារបស់ពួកគេជាមួយសន្តិសុខម្នាក់នៅមណ្ឌលព្រៃស្ពឺ និងអ្នកផ្សេងៗទៀត ពួកគេនិយាយថា បុរសម្នាក់នោះមានជំងឺច្បាស់ណាស់នៅពេលគាត់ទៅដល់ទីនោះប៉ុន្មានសប្ដាហ៍មុននេះ ប៉ុន្តែមិនត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលរហូតដល់គាត់ស្លាប់។
នៅពេលក្រុមអ្នកយកព័ត៌មានសាកសួរអំពីករណីនេះកាលពីម្សិលមិញ លោក វង សូត្រ បានមានប្រសាសន៍ថា បុគ្គលិកនៅទីនោះបានធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះបុរសដែលកើតជំងឺអេដស៍ម្នាក់នោះ។
លោកបានមានប្រសាសន៍ថា “បើគាត់មានជំងឺបែបនេះ ហើយក្រុមគ្រូពេទ្យនិយាយថា ពួកគេមិនអាចព្យាបាលគាត់បាន ហើយគាត់បានស្លាប់បន្ទាប់ពីយើងបញ្ជូនគាត់ទៅមន្ទីរពេទ្យនោះ យើងមិនអាចចោទប្រកាន់មណ្ឌលនេះថា មានការធ្វេសប្រហែស និងគ្មានការគោរពសិទ្ធិមនុស្សបានឡើយ។ ពិតណាស់បើពួកគេបានព្យាយាមព្យាបាលគាត់ មានន័យថា សិទ្ធិមនុស្សរបស់គាត់ត្រូវបានគោរព”។
ក្រុមមន្ត្រីបានអះអាងថា បុរសអនាថាដែលមានឈ្មោះ សូ ធា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងភ្នំពេញអំឡុងពេលគាត់ស្នាក់នៅមណ្ឌលចន្លោះពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែដដែល។ តែទោះជាយ៉ាងណា ការកត់ត្រាចំនួនអ្នកជំងឺប្រចាំថ្ងៃរបស់មន្ទីរពេទ្យនេះគ្មានឈ្មោះរបស់គាត់ទេ៕ សុខុម