40.9 C
Phnom Penh

តុលាការ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាថ្មីម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាថ្មី​ម្តង​ទៀត​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​និង​មន្ត្រី​គណ​បក្ស​ប្រឆាំង​ប្រាំ​នាក់ ដែល​ជាប់​ពន្ធនាគារ​ពីបទ​ចូលរួម​”កុបកម្ម” ជា​ច្រើន​ខែ​ តាំងពី​កើត​មាន​អំពើ​ហិង្សា​ពី​ការ​តវ៉ា​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ក្នុង​ក្រុង​ភ្នំពេញ។cam-photo-front9

នៅ​ដើមខែ​នេះ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​សមាជិក​ប្រាំ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្ហាញ​មុខ​នៅ​តុលាការ សម្រាប់​សវនាការ​ទាក់ទិន​នឹង​កុបកម្ម ដែល​បាន​កើត​ឡើង​ក្នុង​ការ​តវ៉ា​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ។

សមាជិក​ទាំង​ប្រាំ​នាក់ មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង គឺ​លោក មាជ សុវណ្ណារ៉ា ផង​ដែរ ពីមុន​មក​ត្រូវ​បាន​តុលាការ​ក្រុង​និង​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​មេធាវី​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​ថ្មី ដោយ​ពន្យារ​ពេល​សវនាការ​ជំនុំ​ជម្រះ។

សវនាការ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ ប៉ុន្តែ​ចៅក្រម​ជំនុំ​ជម្រះ តាំង ស៊ុនឡាយ បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​សម្រេច​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ជាថ្មី​ទៀត។ ចៅក្រម​រូប​នេះ​បាន​និយាយ​ថា “យើង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចេញ​នៅ​ក្រៅ​ឃុំ​ទេ។ យើង​នឹង​បន្ត​សវនាការ​រឿង​ក្តី​នេះ​ទៀត​នៅ​ថ្ងៃ​ទី​៨​ខែ​មករា”។ ដោយ​មិន​អធិប្បាយ​ច្រើន ចៅក្រម ស៊ុនឡាយ បាន​និយាយ​ថា រឿងក្តី​នេះ “មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ”។

ក្រៅពី​លោក មាជ សុវណ្ណារ៉ា សមាជិក​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ដែល​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ លោក ស៊ុំ ពុទ្ធី និង​សកម្មជន​បក្ស លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន និងលោក កែ ឃីម។

លោក ចាន់ ចេន ដែល​ការពារ​ក្តី​ឲ្យ​លោក សុវណ្ណារ៉ា បាន​និយាយ​ថា តុលាការ​យល់​ថា កូនក្តី​របស់​លោក​មិន​មាន​លក្ខណ​សម្បត្តិ​សម​នឹង​ទទួល​បាន​ការ​នៅ​ក្រៅ​ឃុំ​ទេ។ លោក ចេន បាន​និយាយ​ថា “មូលហេតុ​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចុង​ចោទ​នៅ​ក្រៅ​ឃុំ គឺ​ដោយសារ​អត្តចរិត​របស់​ពួកគេ​មិន​ល្អ។ មាជ សុវណ្ណារ៉ា ចង់​នៅ​ក្រៅ​ឃុំ ពីព្រោះ​គាត់​ចង់​មើល​ម្តាយ​ចាស់​ជរា​របស់​គាត់ ប៉ុន្តែ​តុលាការ​និយាយ​ថា អាកប្បកិរិយា​របស់​គាត់​មិន​ល្អ”។

ទោះជា​យ៉ាង​នេះ​ក្តី លោក ចិន លីដា មេធាវី​របស់​លោក ស៊ុំ ពុទ្ធី និង​លោក កែ ឃីម បាន​និយាយ​ថា តុលាការ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំ​នាក់ ពីព្រោះ​ពួកគេ​នឹង​បន្ត​ធ្វើ​សកម្មភាព​នយោបាយ។

លោក​បាន​និយាយ​ថា “មូលហេតុ​ដែល​តុលាការ​មិន​បាន​ផ្តល់​ការ​នៅ​ក្រៅ​ឃុំ​ដល់​ចុងចោទ គឺ​ពីព្រោះ​ពួកគេ​ឮ​ថា មាជ សុវណ្ណារ៉ា និង ទេព ណារិន បាន​និយាយ​ថា នៅ​ពេល​ពួកគេ​ចេញ​ពី​ពន្ធនាគារ ពួកគេ​នឹង​ចូលរួម​ក្នុង​កិច្ចការ​សង្គម”។

មុន​ពេល​ឈាន​ជើង​ចូល​បន្ទប់​តុលាការ​នៅ​ព្រឹក​នេះ លោក សុវណ្ណារ៉ា បាន​ប្រាប់​អ្នក​កាសែត​ថា លោក​សង​្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​រូបគាត់​ពី​ពន្ធនាគារ​ឥឡូវ​នេះ ដើម្បី​ឲ្យ​ភាព​តានតឹង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​បាន​ធូរស្រាល។

លោក សុវណ្ណារ៉ា បាន​និយាយ​ថា “បញ្ហា​នយោបាយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​នេះ ហើយ​លោក ហ៊ុន សែន នឹង​យក​យុត្តិ​ធម៌​មក​ឲ្យ​យើង ពីព្រោះ​នេះ​ជា​បញ្ហា​នយោបាយ វា​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ”។ លោក​បាន​បន្ថែម​ថា “យើង​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ [ការ​អះអាង​ថា​ជា​កុបកម្ម] គឺ​មិន​ពិត​ទេ ហើយ​នេះ​ជា​រឿង​នយោបាយ”។

“ស្ថានភាព​នយោបាយ​នេះ​ត្រូវ​បញ្ចប់ ហើយ​ដោយ​មាន​វប្បធម៌​សន្ទនា​រវាង​លោក​ ហ៊ុន សែន និង​[ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ] សម រង្ស៊ី អ្នក​ទាំង​ពីរ​នឹង​ពិភាក្សា​រឿង​នេះ​ជាមួយ​គ្នា ហើយ​ខ្ញុំ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ”។

នៅ​ក្រៅ​តុលាការ​ឯណោះ​វិញ ខណៈ​ដែល​សវនាការ​បន្ត សកម្មជន​ប្រហែល​២០០​នាក់​បាន​ជួបជុំ​គ្នា​នៅ​មុខ​តុលាការ​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​នាក់។ បន្ទាប់ពី​ចេញ​សេចក្តី​សម្រេច លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធ​មនុស្ស​លីកាដូ ​ដែល​ស្ថិត​ក្នុង​ចំណោម​សកម្មជន​ទាំង​នោះ​ដែរ បាន​រិះគន់​សេចក្តី​សម្រេច​របស់​តុលាការ។

ខណៈ​ដែល​សកម្មជន​ផ្សេងទៀត​ស្រែក​ប្រឆាំង​នឹង​សេចក្តី​សម្រេច លោក​បាន​និយាយ​ថា “យើង​គិត​ថា តុលាការ​គួរ​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ ពីព្រោះ​ពួកគេ​មាន​លំនៅ​អចិន្ត្រៃយ៍​និង​មាន​ការងារ​ពិត​ប្រាកដ”។ លោក​បាន​និយាយ​ថា “ចំពោះ​លោក មាជ សុវណ្ណារ៉ា ដែល​ហ៊ាន​ដាក់​ប្រាក់​១០​លាន​រៀល​នៅ​តុលាការ​និង​ទុក​លិខិត​ឆ្លងដែន​របស់​គាត់​នៅ​នឹង​តុលាការ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ”។

លោក សំអាត បាន​កត់​សម្គាល់​ថា សមាជិក​បក្ស​ប្រឆាំង​១៣​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ចោទ​ពី​បទ​ចូលរួម​កុបកម្ម​បន្ទាប់ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​លោក​បាន​និយាយ​ថា ប្រាំ​នាក់​ចុង​ក្រោយ​ត្រូវ​គេ​ទុក​ប្រើ​ជា​ឧបករណ៍​ចរចា ក្នុង​ការ​ចរចា​បន្ត​ទាក់ទិន​នឹង​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត។ លោក​បាន​និយាយ​ថា “ប្រហែល​ទាក់ទិន​នឹង​​ការ​ចរចា​រឿង​ច្បាប់​បោះ​ឆ្នោត ដូច្នេះ​មនុស្ស​ទាំង​ប្រាំ​នាក់​នោះ​ជា​ឧបករណ៍​សម្រាប់​ការ​ចរចា”។

កុបកម្ម​ដែល​គេ​ចោទ​ពេល​មាន​ការ​តវ៉ា​ថ្ងៃ​ទី​១៥​ខែ​កក្កដា​នោះ បាន​កើត​ឡើង​ពេល​ដែល​អ្នក​តវ៉ា​និង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ដែល​ល្បីល្បាញ​ខាង​វាយតប់ ហើយ​ដែល​ច្រើន​ខែ​មក​ហើយ​បាន​អនុវត្ត​បម្រាម​រដ្ឋាភិបាល​យ៉ាង​ហិង្សា​លើ​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ បាន​ចាប់​ផ្តើម​វាយ​តប់​គ្នា​តាម​មហាវិថី​នរោត្តម ក្រុង​ភ្នំពេញ។

នោះ​ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​តវ៉ា​បាន​តដៃ​វិញ​ប្រឆាំង​ពួក​សន្តិសុខ ដែល​មាន​ពួកគេ​មួយ​ចំនួន​បាន​ទទួល​រង​ការ​វាយដំ​យ៉ាង​ដំណំ ពេល​ដែល​ពួកគេ​ព្យាយាម​រត់​ចេញ​ពី​កន្លែង​តវ៉ា។

ក្នុង​ការ​តវ៉ា​ជាច្រើន​លើក​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នោះ អ្នក​តវ៉ា​ត្រូវ​រត់​គេច​ប្រផិតប្រភីងចេញ​ពី​ពួក​សន្តិសុខ​ដែល​កាន់​ដំបង និង​លាក់​មុខ​គួរ​ឲ្យ​ញាក់​សាច់​ ព្រោះ​ពួកគេតែងតែ​ពាក់មួក​សុវត្ថិភាព​ខ្មៅ​បាំង​មុខ​ជិត។

សមាជិក​សភា​បក្ស​ប្រឆាំង​ប្រាំពីរ​នាក់ ដែល​បាន​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​ក្នុង​សភា ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ​នៅ​សប្តាហ៍​នោះ បន្ទាប់ពី​តវ៉ា​នៅ​ថ្ងៃទី​១៥​ខែ​កក្កដា ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែងវិញ​ជាមួយ​មន្ត្រីបក្ស​សង្គ្រោះ​ជាតិ​ថ្នាក់​ទាប​ម្នាក់ បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា។

កិច្ច​ព្រមព្រៀង​នោះ ដែល​ចុះហត្ថលេខា​ដោយ​លោក សម រង្ស៊ី និង នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ពហិការ​មិន​ទទួល​អាសនៈ​ទាំង​៥៥​របស់​ខ្លួន​រយៈ​ពេល​១០​ខែ​ក្នុង​សភា​ដែល​មាន​១២៣​អាសនៈ។

លោក សុវណ្ណារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​កាលពី​ខែ​តុលា ចំពេល​មាន​បរាជ័យ​ក្នុង​ការ​ចរចា​ទាក់ទិន​នឹង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​ជា​ចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃទី​២២​ខែ​កក្កដា។

នៅ​មុខ​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ឃុន ណារឿន អាយុ​២៥​ឆ្នាំ ជា​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា ការ​ប្រឹងប្រែង​ជា​បន្ត​របស់​រដ្ឋាភិបាល​ដើម្បី​រាំង​ខ្ទប់​​សកម្មភាព​នយោបាយ​បក្ស​ប្រឆាំង​តាម​រយៈ​តុលាការ ​បញ្ជាក់​​ឲ្យ​ឃើញ​សញ្ញា​នៃ​ទី​បញ្ចប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។

លោក ណារឿន បាន​និយាយ​ថា “ពួក​មេដឹកនាំ​បែប​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​រង​ទុក្ខ​វេទនា​សម្បើម​ណាស់។ យើង​នឹង​មិន​បណ្តោយ​ឲ្យ​ពួកគេ​ដឹកនាំ​ប្រទេស​បែប​នេះ​នៅ​លើក​ក្រោយ​ទៀត​ទេ ហើយ​យើង​នឹង​ប្តូរ​ពួក​មេដឹកនាំ​រដ្ឋាភិបាល​នៅ​អាណត្តិ​ក្រោយ​ជា​មិន​ខាន”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស