33 C
Phnom Penh

តុលាការ​​​កំពូល​​​សម្រេច​​​​​​តម្កល់​​​សាល​​​ដីកា​​​ផ្តន្ទាទោស​​​លោក ឈូក​​​ បណ្ឌិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ តុលាការ​​​កំពូល​​​បាន​​​តម្កល់​​​សាល​​​ដីកា​​​ផ្ដន្ទាទោស​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​លោក ឈូក​​​ បណ្ឌិត​​​ អតីត​​​អភិបាល​​​ក្រុង​​​បាវិត ដែល​​​ពេល​​​នេះ​​​​​​កំពុង​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ និង​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​កំបាំង​​​មុខ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ខែ ពី​​​បទ​​​បាញ់​​ប្រហារ​​​កម្មការិនី​​​រោង​​​ចក្រ​​​បី​​​នាក់អំឡុង​​​​​​​​​ការ​​​តវ៉ា​​​មួួ​​យ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១២​​​។cam-photo-bundith

កម្មការិនី​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​ចូល​​​ស្ដាប់​​​សវនាការ​​​​​​ក្នុង​​​តុលាការ​​​កំពូល​​​​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​សុំ​​​ឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក ឈូក​​​ បណ្ឌិត​​​ ធ្ងន់​​​ធ្ងរ និង​​​សុំ​​​ដំឡើង​​​ប្រាក់​​​សំណង​​​សរុប​​​បញ្ចូល​​​គ្នា​​​ពី​​​ចំនួន​​​៩.៥០០​​​ដុល្លារ​​​ដែល​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ សម្រេច​​​បង្គាប់​​​​​ឲ្យ​​​លោក ឈូក​​​ បណ្ឌិត ​​​បង់​​​ឲ្យ​​​ពួក​​​គេ​​​ ឲ្យ​​​ដល់​​​ចំនួន​​​សរុប​​​១៤០.០០០​​​ដុល្លារ​​​។

កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​មុន សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​របស់​​​សាលា​​​ដំបូង​​​ដែល​​​បាន​​​រក​​​ឃើញ​​​ថា  លោក ឈូក​​​ បណ្ឌិត ដែល​​​ពេល​​​នោះ​​​មាន​​​ឋានៈ​​​ជា​​​អភិបាល​​​ក្រុង​​​បាវិត បាន​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​មួយ​​​កន្លែង​​​​​​ក្នុង​​​ក្រុង​​​នេះ បណ្តាល​​​ឲ្យ​​​ស្ត្រី​​​បី​​​នាក់​​​នេះ​​​រង​​​របួស​​​។

ចៅក្រម តាំង ស៊ុន​​​ឡាយ នៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​បក​​​ស្រាយ​​​អំពី​​​សេចក្តី​​​សម្រេច​​​រក្សា​​​ទោស​​​ស្រាល​​​នេះ​​​ថា ការ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​កម្មការិនី​​​​​​ទាំង​​​នោះ​​​ គឺ​​​ជា​​​ឧបទ្ទវហេតុ​​​។ ចៅ​​​​​​ក្រម​​​រូប​​​នេះ​​​មាន​​​ប្រសាសន៍​​ទៀត​​​ថា “តុលាការ​​​យល់​​​ថា ឈូក​​​ បណ្ឌិត​​​ គ្មាន​​​បំណង​​​បាញ់​​​កម្មការិនី​​​ទាំង​​​បី​​​នាក់​​​ទេ ពីព្រោះ​​​​​​គាត់​​​មិន​​​ស្គាល់​​​កម្មការិនី​​​ទាំង​​​នោះ​​​ឡើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម ច័ន្ទ​​​ រង្សី នៅ​​​តុលាការ​​​កំពូល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​កំពូល​​​បាន​​​យល់​​​ស្រប​​​តាម​​​។ “សាលដីកា​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ត្រូវ​​​បាន​​​តម្កល់​​​”។លោក​​​​​បាន​​​បន្ថែម​​​ថា សំណើ​​​របស់​​​ជន​​​រង​​​គ្រោះ​​​សុំ​​​សំណង​​​បន្ថែម​​​ ដើម្បី​​​ចេញ​​​ថ្លៃ​​​​​​ការ​​​បន្ត​​​ព្យាបាល​​​របួស​​​របស់​​​ពួកគេ ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​។​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា “តុលាការ​​​យល់​​​ថា ជន​​​រង​​​គ្រោះ​​​កំពុង​​​ទាម​​​ទារ​​​សំណង​​​សម្រាប់​​​អនាគត​​​ ប៉ុន្តែ តុលាការ​​​មិន​​​អាច​​​ពិចារណា​​​​​​ការ​​​ទាម​​​ទារ​​​រឿង​​​នេះ​​​បាន​​​ទេ​​​​​​”។

ពីរ​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នោះ  លោក ឈូក​​​ បណ្ឌិត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​កម្មការិនី​​​ទាំង​​​បី​​​នាក់​​​ “ដោយ​​​អចេតនា”។ ប៉ុន្តែ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១២​​​ តុលាការ​​​បាន​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​លើ​​​អតីត​​​អភិបាល​​​ក្រុង​​​រូប​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​បក​​​ស្រាយ​​​​​​ ហើយ​​​ងាក​​​ទៅ​​​ចោទ​​​ប្រកាន់​​​លោក ស ចន្ថា មន្ត្រី​​​នគរ​​បាល​​​ក្រុង​​​បាវិត ពី​​​បទ​​​បាញ់​​​ប្រហារ​​​​​​ជំនួស​​​វិញ​​​។

ចំ​​​ពេល​​​​​​សាធារណជន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​ និង​​​អះ​​​អាង​​​ថា  លោក ឈូក​​​ បណ្ឌិត​​​ ត្រូវ​​​បាន​​​ការ​​​ពារ​​​ដោយ​​​ក្រុម​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ នៅ​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៣ លោក អង្គ វង្សវឌ្ឍនា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ បាន​​​បង្គាប់​​​ឲ្យ​​​សាលា​​​ឧទ្ធរណ៍​​​បើក​​​ការ​​​សើុប​​​អង្កេត​​​សំណុំ​​​រឿង​​​នេះ​​​ឡើង​​​​​​វិញ។

ពេល​​​នោះ​​​សវនាការ​​​ជា​​​ថ្មី​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​រក​​​ឃើញ​​​ថា លោក ឈូក​​​​​​ បណ្ឌិត​​​ ជាប់​​​ពិរុទ្ធភាព​​​ពី​​​បទ​​​បាញ​​​់ប្រហារ​​​ស្ត្រី​​​ទាំង​​​នេះ​​​ដោយ​​​អចេតនា​​​ ហើយ​​​បាន​​​​​​ច្រាន​​​ចោល​​​បទ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​លើ​​​លោក ស ចន្ថា​​​ ​​​​​​មន្ត្រី​​​នគ​​​របាល​​​ ដោយ​​​ផ្តន្ទាទោស​​​លោក​​​ពី​​​បទ​​​រក្សា​​​ទុក​​​និង​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​ជំនួស​​​​​​វិញ​​​។

ចៅក្រម ច័ន្ទ រង្សី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្ទាទោស​​​លោក ស ចន្ថា​​​​​​ថា ក៏​​​ត្រូវ​​​បាន​​​តម្កល់​​​ដែរ​​​។

លោក ស៊ុន ប៉ុណ្ណារិទ្ធ មេធាវី​​​ការ​​​ពារ​​​លោក ឈូក​​​ បណ្ឌិត​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពីតុលាការ​​​កំពូល​​​ចេញ​​​សេចក្តី​​​សម្រេច​​​ថា ​​​តុលាការ​​​កំពូល​​​មិន​​​បាន​​​ពិចារណា​​​ “អង្គ​​​ហេតុ​​​ពិត​​​ប្រាកដ​​​” នៃ​​​សំណុំ​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​​​​​ល្អិត​​​ល្អន់​​​ទេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” លោក ឈូក​​​ បណ្ឌិត​​​ កូនក្តី​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​បាញ់​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​​​​ទេ​​​។ តាម​​​រយៈ​​​ការ​​​តម្កល់​​​សាល​​​ដីកា​​​ផ្តន្ទាទោស​​​នេះ​​​បង្ហាញ​​​ថា​​​ តុលាការ​​​មិន​​​បាន​​​ពិចារណា​​​អំពី​​​អង្គ​​​ហេតុ​​​ពិត​​​ប្រាកដ​​​ទេ​​​។ វា​​​អយុត្តិធម៌​​​ណាស​​​់​​​សម្រាប់​​​កូន​​​ក្តីរបស់​​​ខ្ញុំ”។

លោក ស៊ុន​​​ ប៊ុណ្ណារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ពិចារណាជំហាន​​​​​​​បន្ទាប់​​​​​​ នៅ​​​ពេល​​​​​​​​​​​​ទទួល​​​បាន​​​សេច​​​ក្តី​​​សម្រេច​​​ផ្លូវ​​​ការ​​​ពី​​​តុលាការ​​​កំពូល​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ថា កូន​​​​​​ក្តី​​​របស់​​​លោក​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ទី​​​ណា​​​ទេ​​​។ លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​ បើ​​​ខ្ញុំ​​​ដឹង​​​ខ្ញុំ​​​​​​ទូរស័ព្ទ​​​ហៅ​​​គាត់​​​ឲ្យ​​​ចូល​​​រួម​​​ការ​​​កាត់​​​ក្តី​​​នេះ​​​បាត់​​​ទៅ​​​ហើយ​​​​​​”។

កម្មការិនី នុត សាខន អាយុ​​​២៥​​​ឆ្នាំ ដែល​​​ក្នុង​​​ចំណោម​​​កម្មការិនី​​​ រង​​​ការ​​​បាញ់​​​ប្រហារ​​​ពី​​​លោក ឈូក​​​ បណ្ឌិត​​​ បាន​​​និយាយ​​​បន្ទាប់​​​ពី​​​​​​តុលាការ​​​កំពូល​​​​​​ចេញ​​​សេចក្តី​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​ដែល​​​បាញ់​​​នាង​​​មួ​​​យ​​​គ្រាប់​​​ពី​​​ក្រោយ​​​ខ្នង​​​ បាន​​​គេ​​​ច​​​រួច​​​ពី​​​ពន្ធនាការ​​​ដោយ​​​សារ​​​តែ​​​គាត់​​​មាន​​​ខ្នង​​​បង្អែក​​​ក្រាស់​​​។

នាង​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា លោក ឈូក​​​ បណ្ឌិត មាន​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ពី​​​ក្រោយ​​​គាត់​​​​​​។ ពួក​​​គេ​​​ឲ្យ​​​គាត់​​​នៅ​​​ក្រៅ​​​ពន្ធនាគារ​​​។ បើ​​​គាត់​​​ជា​​​មនុស្ស​​​ធម្មតា​​​ ម្លេ៉ះ​​​គាត់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

កម្មការិនី កែវ​​​ នី អាយុ​​​២២​​​ឆ្នាំ​​​ ជា​​​ជន​​​​​​​​​រង​​​គ្រោ​​​ះ​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​បន្ទាប់​​​ពី​​​តុលាការ​​​កំពូល​​​​​​ចេញ​​​សេចក្តី​​​សម្រេច​​​នេះ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​តុលាការ​​​ណា​​​មួយ​​​អាច​​​ផ្តល់​​​យុត្តិធម៌​​​ដល់​​​នាង​​​ និង​​​ជន​​​រង​​​គ្រោះ​​​ជា​​​មួយ​​​នាង​​​បាន​​​ឡើយ​​​។ នាង​​​និយាយ​​​ថា “ពីតុលាការ​​​ខេត្ត​​​ស្វាយ​​​វៀង​​​ មក​​​ដល់​​​សាលាឧទ្ធរណ៍​​​ និង​​​រហូត​​​ដល់​​​តុលាការ​​​កំពូល​​​ នៅ​​​តែ​​​គ្មាន​​​យុត្តិធម៌​​​សម្រាប់​​​យើង​​​។ ដូច្នេះ​​​ខ្ញុំ​​​អស់​​​សង្ឃឹម​​​ហើយ​​​ ពីព្រោះ​​​យើង​​គឺ​​​ជា​​​អ្នក​​​ក្រ​​​”។

នាង កែវ នី និយាយ​​​បន្ត​​​ថា ជិត​​​បី​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​​​​ហេតុការណ៍បាញ់​​​ប្រហារ​​​​​​នោះ​​​ និង​​​ក្រោយ​​​ពី​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​ផ្លូវ​​​ច្បាប់​​​ នាង​​​នៅ​​​តែ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​បុរស​​​ដែល​​​បាន​​​បាញ់​​​ប្រហារ​​​នាង​​​។ នាង​​​និយាយ​​​ថា “យើង​​​ភ័យ​​​ខ្លាច​​​លោក ឈូក​​​ បណ្ឌិត ​​​មក​​​សង​​​សឹក​​​យើង​​​”៕សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស