កោះដំឡូង, ឈូងសមុទ្រថៃ-សំឡេងជជែកសប្បាយរីករាយខ្ញៀវខ្ញារជាភាសារុស្ស៊ីបានរសាត់កាត់ផ្ទៃសមុទ្រខៀវស្រងាត់ និងស្រូបបាត់ទៅក្នុងព្រៃកោងកាងដែលដុះហ៊ុមព័ទ្ធកោះខ្មែរដាច់ស្រយាលនេះ។
បន្ទាប់មកទូកបានមុជងើបបាស់បើកកាត់ផ្ទៃទឹកសំដៅទៅផែថ្ម ហើយបុរសស្ត្រីជាច្រើននាក់ដែលកម្តៅខ្លួនដោយស្រាវ៉ូដកា និងកម្តៅថ្ងៃ បានលោតចេញពីទូកហើយដើរទៅផែមាត់ឆ្នេរ។
បុរសៗមានរាងមាំនិងដុះពោះស៊្អុយៗដោយសារស្រាបៀរ ប៉ុន្តែសុទ្ធសឹងតែមានដុះរោមនិងសាក់លើខ្លួន។ ចំណែកស្រីៗវិញពាក់គ្រឿងអលង្ការ ពាក់វ៉ែនតាធំៗ និងស្លៀកពាក់ខោអាវងូតទឹករឹបរាងយ៉ាងណែនក្តន់។
ពួកគេមកទីនេះដើម្បីចូលរួមអបអរក្នុងពិធីគម្រប់ខួប៤២ឆ្នាំរបស់លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។ ជនជាតិរុស្ស៊ី អ៊ុយក្រែន ម៉ូដូវ៉ាន ឡាធ្វា និង តួកគី ដែលសុទ្ធតែជាបុគ្គលិក មិត្តភក្តិ និង សហការីជំនួញ បានមកចូលរួមពិធីនៅទីនេះ។
លោក ប៉ូឡុនស្គី ដែលមិនដែលដើរតាមពួកគេ ហើយដឹកឆ្កែម៉ិកស៊ីកូឥតរោមដែលគាត់បានយកមកជាមួយពេលជិះទូករយៈពេលពីរម៉ោងពីឆ្នេរ បានលោតដាំដូងពីកន្សៃទូកចូលទឹកសមុទ្រ។ ពីរបីនាទីក្រោយមក មិត្តស្រីរុស្ស៊ីដែលមានសក់ទង់ដែងសរបស់លោក ឈ្មោះ អូលហ្គា ដេរីប៉ាស្កូ (Olga Deripasko) បានលោតទឹកទៅតាមគាត់ ហើយអ្នកទាំងពីរបានហែលត្រសងទៅកន្លែងសមគួរមួយ ដែលសឹងតែបំភ្លេចភ្ញៀវរបស់ពួកគេចោលទៅហើយ។
កម្មករបានយកកេសស្រាបៀរនិងស្រា កៅអីផ្តៅ ឧបករណ៍ថត និងប្រដាប់ពាក់មុជទឹកចេញពីទូក។
ភ្ញៀវក្នុងពិធីសប្បាយអ៊ឹកធឹកនេះត្រូវបានឈរមើលដោយបុគ្គលិកសាងសង់ជាច្រើននាក់ ដែលបានគ្រវីក្បាលដោយហួសចិត្តនិងត្រឡប់ទៅធ្វើការវិញ ដើម្បីប្រែក្លាយកោះនេះទៅជាឋានសួគ៌ទស្សនីយភាពរបស់លោក ប៉ូឡុនស្គី។
មនុស្សម្នាក់បាននិយាយថា “មេធំមកហើយ តោះត្រឡប់ទៅធ្វើការវិញ។
កោះដំឡូង ឬហៅតាមភាសាអង់គ្លេសថា Potato Island មានផ្ទៃដីទំហំ៥០ហិកតា ស្ថិតនៅចម្ងាយ៥៥គីឡូម៉ែត្រភាគនិរតីក្រុងព្រះសីហនុ មានសភាពមមាញឹកអំឡុងមានភ្ញៀវមកលេងកាលពីដើមខែនេះ ចំពេលកម្មករឥតពាក់អាវអង្គុយច្រហោងលើក្តារដែលដឹកចេញពីដីគោក ដោយច្នៃឈើទាំងនោះជាមួយនឹងរណារវិលហើយនិងម៉ាស៊ីនខាត់។ អ្នកផ្សេងទៀតកាយពង្រាបផ្លូវក្រាលថ្ម។
កម្មករមួយក្រុមអង្គុយនៅកណ្តាលក្រដាសកាតុងនិងកញ្ចប់ស្នោ តម្លើងកង្ហារពិដានដែលទើបទិញថ្មីៗ។ គំនរពូកត្រូវគេរៀបចំក្នុងដីព្រៃកាប់ឆ្ការហើយ។ ក្លិនទឹកសមុទ្រ អាចម៍រណារ និងក្លិនកញ្ឆាអណ្តែតវិលវល់លាយឡំគ្នាក្នុងខ្យល់អាកាស។ ពេលនេះ ភ្ញៀវរបស់លោក ប៉ូឡុនស្គី ប្រលែងគ្នាលេងពពាក់ពពូនក្នុងពពុះទឹកដេរដាស។
ភ្ញៀវបួននាក់បានលុយទឹករាក់ៗ រើសខ្យងគូទស្រួច ឈប់យូរម្តងៗដើម្បីវាយបំបែកលើថ្ម។ បុរសម្នាក់ញញឹមស្ញាញនិយាយថា “វាជាថ្នាំសម្រើបល្អណាស់។ គាត់បានហុតខ្យងគ្រូកៗមួយហើយមួយទៀត។
កោះដំឡូងគឺជាកោះមួយក្នុងចំណោមកោះចំនួន៧(មិនរាប់កោះឯកជន គឺកោះដែកគោលរបស់គាត់ទេ) ដែលលោក ប៉ូឡុនស្គី ទទួលបានឯនាយឆ្នេរសមុទ្រកម្ពុជា ក្នុងគោលបំណងប្រែក្លាយក្រុមកោះនោះទាំងមូលទៅជាគោលដៅអេកូទេសចរណ៍ក្នុងទំហំទឹកប្រាក់មួយពាន់លានដុល្លារ។
ដោយដេកសន្ធឹងដងខ្លួនប្រវែង១,៩៤ម៉ែត្រនៅលើក្បាលទូក លោក ប៉ូឡុនស្គី បានប្រកាសឲ្យដឹងនៅពេលជិះទូកចេញពីឆ្នេរថា “គ្រែមួយពាន់ យ៉ាងយូរ១០ខែប៉ុណ្ណោះ”។
យោងតាមជាងឈើតួកគីដែលចេះដោយខ្លួនឯង ឈ្មោះ សាគីប ហ្គាតាល បានឲ្យដឹងថា គោលបំណងបន្ទាន់ គឺត្រូវសង់ផ្ទះឈើតូចៗ (bungalow) ចំនួន ២៥ខ្នងលើកោះដំឡូងនៅត្រឹមចុងឆ្នាំនេះយ៉ាងយូរ។
លោក ហ្គាតាល បាននិយាយពីកន្លែងសម្រាករបស់គាត់លើបង្កាន់ដៃមួយព័ទ្ធជុំវិញរោងបាយ ដោយចង្អុលបង្ហាញព្រៃគុម្ពោតមួយកន្លៃងតាមបណ្តោយមាត់ទឹកនៅខាងឆ្វេងដៃគាត់ថា “បាំងហ្គាឡូចំនួន១៥ដូចនោះ បាំងហ្គាឡូ១០ទៀត ប៉ូឡុនស្គីចង់បាននៅពីខាងក្រោយកោះនេះ ប៉ុន្តែខ្ញុំចង់ធ្វើវានៅទីនេះ”។ នៅពេលសួរថា តើគាត់គិតថា បាំងហ្គាឡូសល់ពីនោះនឹងសង់នៅកន្លែងណា គាត់បានសើច។ “ខ្ញុំគិតថានៅពីក្រោយ គឺគាត់ចង់បានអ៊ីចឹង។ កន្លែងដែលគាត់”។
ជាងឈើរូបនេះបានបន្ថែមទាំងទឹកមុខមាំថា “គាត់ចង់បានច្រើនណាស់ ប៉ុន្តែខ្ញុំមិនដឹងទេ”។
ការនិយាយស្មាននិងការតម្រូវចិត្តទុកជាមុននូវចំណង់របស់លោក ប៉ូឡុនស្គី ដែលមានមុខសុទ្ធតែសាច់ទ្រលុកៗ ជាប់ឈ្មោះក្នុងបញ្ជី “និវេទន៍ក្រហម” របស់អាំងទែប៉ូល ជាបញ្ជីឧក្រិដ្ឋជនដែលគេតាមចាប់បំផុត ចាប់តាំងពីគាត់ជាប់ចោទកាលពីឆ្នាំមុនពីបទកេងបន្លំយកប្រាក់រាប់លានដុល្លារពីអ្នកវិនិយោគក្នុងគម្រោងសំណង់នៅក្រុងមូស្គូ ទំនងជាធ្វើឲ្យអ្នកហែហមរបស់គាត់រវល់មមាញឹក គឺការប្រមែប្រមូលស្រីស្អាតៗនិងបុរសរឹងមាំ។
ក្នុងចំណោមបុរសទាំងនោះ ដែលសប្បាយជាងភ្ញៀវរបស់ លោក ប៉ូឡុនស្គី គឺអ្នកមុជទឹកជនជាតិខ្មែរអាយុ៣៤ឆ្នាំ ឈ្មោះ ភា កាន់ ដែលកំពុងមើលការខុសត្រូវការអភិវឌ្ឍកោះដំឡូង។
ក្នុងបទសម្ភាសមួយលើកោះនេះ លោក កាន់ បាននិយាយថា លោកស្គាល់លោក ប៉ូឡុនស្គី រយៈពេលប្រហែលមួយឆ្នាំហើយ។ លោកបាននិយាយថា “មុនពេលខ្ញុំបានជួបគាត់ ខ្ញុំបានឮច្រើនអំពីគាត់ ថាគាត់ជាម៉ាហ្វីយ៉ា គាត់អីចេះ គាត់អីចុះ។ ប៉ុន្តែបើយើងអង្គុយជជែកនឹងគាត់អំពីការអភិវឌ្ឍកោះ និងស្តាប់គំនិតរបស់គាត់វិញ ពេលនោះអ្នកនឹងយល់ថា មនុស្សនេះ ពិតជាស្រឡាញ់ធម្មជាតិ”។
នោះជាទស្សនវិស័យរបស់លោក កាន់ ដែរ ដែលចាប់អារម្មណ៍ខ្លាំងអំពីប្រជុំកោះនៅដាច់ឆ្ងាយពីគេរបស់់មហាសេដ្ឋីប្លែកគេរូបនេះ។
គាត់បាននិយាយថា “សារមន្ទីរសង្គ្រាមក្រោមទឹកជាសុបិនចុងក្រោយរបស់ខ្ញុំ។ បើធ្វើវាបាន ខ្ញុំអាចធូរចិត្ត”។
លោកបានពន្យល់ថា ក្រោមការឧបត្ថម្ភប្រាក់កាសដោយលោក ប៉ូឡុនស្គី សារមន្ទីរសង្គ្រាមក្រោមទឹកគឺជាថ្មប៉ប្រះទឹកសិប្បនិម្មិត បង្កើតឡើងពីសព្វាវុធខ្មែរចាស់ៗ រថក្រោះ ឬឧទ្ធម្ភាគចក្រ ដែលអាចទាក់ទាញសត្វក្រោមសមុទ្រ និងអប់រំណែនាំអ្នកមុជទឹកទាំងឡាយអំពីអតីតកាលហិង្សារបស់ប្រទេសនេះ។
លោកបាននិយាយថា “យើងមានប្រវត្តិសង្គ្រាម។ គ្មាននរណាមានប្រវត្តិសង្គ្រាម[ស្រដៀងគ្នាទេ] ហើយពួកគេមិនចង់បង្កើតសង្គ្រាមឡើងសម្រាប់ប្រទេសរបស់ពួកគេ ដើម្បីបង្កើតថ្មប៉ប្រះទឹកសិប្បនិម្មិត ដែលហៅថាសារមន្ទីរសង្គ្រាមក្រោមទឹកដូចយើងនោះទេ”។
គម្រោង ដែលលោក កាន់ កាលពីសប្តាហ៍កន្លងទៅនេះបានដាក់ទៅស្ថាប័នរដ្ឋាភិបាលមួយចំនួនក្នុងក្រុងភ្នំពេញ ហើយដែលសំណើរបស់គាត់ត្រូវបានបញ្ជូនជាផ្លូវការកាលពីថ្ងៃសុក្រទៅគណៈកម្មាធិការអន្តរក្រសួងដែលមើលខុសត្រូវការអភិវឌ្ឍឆ្នេរសមុទ្រ គឺមានបំណងទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តទឹកមកប្រទេសកម្ពុជា។
លោកបាននិយាយថា “ជាស្វ័យប្រវត្តិ វានឹងស្រូបបានភ្ញៀវអ្នកមុជទឹកច្រើន ហើយអ្នកដឹងទេថា ទេសចរអ្នកមុជទឹកជាក្រុមវណ្ណៈខ្ពស់។ ពួកគេមិនមែនជាទេសចរសម្ពាយឡើយ ពួកគេចាយលុយច្រើនណាស់”។
ជំហានដំបូងនៃសារមន្ទីរសង្គ្រាមក្រោមទឹកចាំបាច់ត្រូវមានរបស់សំណល់សង្គ្រាម៨យ៉ាង “គឺរថក្រោះតេ-៥៤ តេ-៥៥ កាំភ្លើងយន្ត យន្តហោះ ឧទ្ធម្ភាគចក្រ និងរថយន្តយោធា” ដែលលោក កាន់ នឹងពន្លិចក្នុងសមុទ្រកោះតាង ដែលមានផ្ទៃក្រឡា៥០០ហិកតាកាន់កាប់ដោយកងទ័ព។
លោក កាន់ បាននិយាយថា គាត់បម្រុងនឹងទទួលយកយុទ្ធោបករណ៍ពីមូលដ្ឋានទ័ពជុំវិញប្រទេសនេះ។ លោកបាននិយាយថា “អ្នកទៅមូលដ្ឋានយោធា។ ប្រសិនបើរដ្ឋាភិបាលយល់ព្រម យករថក្រោះយោធារបស់ពួកគេមក”។
លោកបានបន្ថែមថា ៉ដូច្នេះហើយខ្ញុំត្រូវការរដ្ឋាភិបាលផ្តល់ការយល់ព្រមចំពោះសំណើនេះ ដើម្បីឲ្យខ្ញុំអាចមានលិខិតស្នាមបង្ហាញ…ហើយឥឡូវខ្ញុំចង់សុំយករថក្រោះខូចទាំងនេះ ដែលអ្នកមិនអាចប្រើបានតទៀត។ សូមផ្តល់ឲ្យខ្ញុំនូវប្រវត្តិនិងអ្វីគ្រប់យ៉ាង។ តើរថក្រោះនេះប្រើនៅទីណា? សង្គ្រាមណា នៅពេលណា តើមានប្រវត្តិទាក់ទងយ៉ាងម៉េច?”។
ដោយមានសក្តានុពលផ្នែកពាណិជ្ជកម្ម ចំពោះរដ្ឋាភិបាល លោក ប៉ូឡុនស្គី និងខ្លួនគាត់ នោះ លោក កាន់ បានលើកឡើងនូវផលប្រយោជន៍បរិស្ថានរបស់គម្រោងនេះ។
ដោយចង្អុលបង្ហាញទៅក្រុមទូកនេសាទដែលកំពុងអណ្តែតមុជងើបៗនៅជិតៗខាងមុខ ដែលលោកអះអាងថាបើកដោយជនជាតិថៃនិងវៀតណាមល្បីខាងប្រើគ្រឿងផ្ទុះ សារធាតុគីមីពុលស្យាណីត និងអួនក្រឡាញឹកបំផ្លាញប្រព័ន្ធអេកូក្នុងទឹក លោកបាននិយាយថា “គម្រោងនេះនឹងបញ្ឈប់ពួកអ្នកនេសាទខុសច្បាប់ដ៏ច្រើនដែលតែងតែមកនេសាទនៅទីនេះ និង…អនុញ្ញាតដោយយោធា [កម្ពុជា]”។
នៅពេលសួរអំពីផលប៉ះពាល់ដែលអាចមានដោយសារសារមន្ទីរសង្គ្រាមក្រោមទឹកនេះ លោក កាន់ បានចង្អុលទៅអ្នកជីវសាស្ត្រខាងសមុទ្របីនាក់ដែលគាត់ជួល ផ្តល់ប្រាក់ខែដោយលោក ប៉ូឡុនស្គី ដែលកំពុងរៀបចំពន្លិចផ្កាឈូកអាលុយមីញ៉ូមប៉ុនរថក្រោះឯនាយកោះដំឡូង ដែលនឹងប្រើជាក្បាលផ្កាថ្មសិប្បនិម្មិត។ ការរៀបចំ ដែលស្ថិតនៅលើផែជាច្រើនបំណែកពីរសប្តាហ៍កន្លងមកហើយ ដើម្បីធ្វើជាអំណោយថ្ងៃកំណើតរបស់លោក ប៉ូឡុនស្គី ប៉ុន្តែមិនទាន់ពេលដោយសារមាន”បញ្ហាការផ្សារភ្ជាប់គ្នា”។
អ្នកជីវសាស្ត្រអាល្លឺម៉ង់ អារីស ថូម៉ាស្បើហ្គឺ បាននិយាយថា “មិនយូរទេ វានឹងដាក់ចូលទៅក្នុងទឹកហើយ”។
លោកបាននិយាយថា “តាមគិតគឺថា…វាមានអគ្គិសនីកម្លាំងវ៉ុលទាប វានឹងបង្កើតដែនអគ្គិសនីជុំវិញសំណង់នេះ”។ លោកបានពន្យល់ថា ចរន្តទឹកនឹងស្រូបយកកាលស្យូមនិងម៉ាញ៉េស្យូមពីសមុទ្រ បង្កើតជាថ្មកំបោរស្រោបលើលោហៈ។ ពេលណាថ្មកំបោរនៅទីនោះ ផ្កាថ្មនឹងកកើតឡើងដោយស្វ័យប្រវត្តិ និងដុះមានរាងស្អាតៗត្រកាល”។
អ្នកជីវសាស្ត្រអីុតាលី អានតូណែលឡា ឡាវ៉ូរ៉ាតូ បានបន្ថែមថា “ប្រសិនបើធ្វើបានសម្រេច ពិតជាមិនមានគ្រោះថ្នាក់អ្វីទេ”។ អ្នកស្រាវជ្រាវទី៣ មីហ្គេល សួរេស មកពីប្រទេស អេក្វាឌ័រ បានងក់ក្បាលបង្ហាញការយល់ស្របទាំងមិនចេញស្តី។
នៅពេលព្រះអាទិត្យវេលារសៀលបានបន្ទាបខ្លួនប្របជើងមេឃ ចំណែកឯភ្ញៀវបានចាប់ផ្តើមនាំគ្នាដើរឆ្ពោះទៅតាមក្លិនសាច់អាំងនិងស្រាល្ងាចនោះ លោក កាន់ បានដើរលំហែតាមបណ្តោយឆ្នេរសមុទ្រ រឹតតែអណ្តែតអណ្តូង ដោយសារការគាំទ្ររបស់លោក ប៉ូឡុនស្គី ចំពោះសារមន្ទីរសង្គ្រាមក្រោមទឹក។
លោកបាននិយាយថា “នៅពេលគាត់ឮគំនិតនេះ គាត់គ្មានសួរដេញដោលអ្វីទេ គ្រាន់តែនិយាយថា ត្រូវការលុយប៉ុន្មានដើម្បីឲ្យគម្រោងនេះដើរ? ចំជាឥតទាស់មែន”។
លោក កាន់ បន្ទាប់មកបានបែរទៅរកភ្ញៀវម្នាក់ដែលបានដើរមកជិត ទាំងមានខ្លួនស្រក់ទឹក មានទាំងប្រដាប់ដកដង្ហើមក្នុងទឹករយីងរយោងជាប់ខ្លួនផង។
បុរសនោះបន្ទាប់មកបានណែនាំខ្លួនឲ្យគេស្គាល់ថាជាជំនួយការម្នាក់របស់លោក ប៉ូឡុនស្គី និងបាននិយាយថា “ខ្ញុំរំពឹងថាមានរបស់របរច្រើនទៀតពេលដែលខ្ញុំចុះហែលទឹក។ ខ្ញុំសង្ឃឹមថាមានច្រើនថែមទៀត”។
លោក កាន់ ឆ្លើយតបទាំងភ្ញាក់ថា “អូ អ្នកត្រូវទៅកន្លែងម្ខាងទៀត”។
ពេលដែលអស់ពន្លឺព្រះអាទិត្យ កោះនេះគ្របដណ្តប់ទៅដោយស្បៃងងឹត លើកលែងតែពន្លឺនៅតាមអគារ និងភ្លើងភ្លឹបភ្លែតៗរបស់ទូកនេសាទដែលរកត្រីក្នុងទឹកជ្រៅ ភ្ញៀវក៏ដូចជាកម្មករបានមកផ្តុំគ្នានៅកន្លែងហូបបាយ ដើម្បីបញ្ចប់ភាពសប្បាយអ៊ឹកធឹកនៅថ្ងៃកំណើត ដែលបានចាប់ផ្តើមតាំងតែពីពេលថ្ងៃ ដោយមាននំថ្ងៃកំណើតនិងស្រាសំប៉ាញលើកោះដែកគោល។
កម្មករមួយក្រុមបានមកជុំគ្នាជុំវិញចង្អើរអាំងសាច់ ចាំវេនដួសអាហារបរិភោគ មានជើងនិងត្រគាកគោ ដែលទិញពីទាហានលើកោះតាង ដែលបានសម្លាប់យកសាច់កាលពីពេលថ្ងៃ ហើយដាក់ចូលធុងទឹកកកពណ៌លឿងធំមួយដែលពេញទៅដោយស្រាបៀរអង្គរ។ កម្មករម្នាក់បានលាន់មាត់ឡើងថា “យើងមិនដែលបានហូបដូចនេះទេ។ តោះជល់កែវមួយ!”។
នៅលើរានហាល លោក ហ្គាតាល ដែលជាជាងឈើ សើចដាក់ជាងឈើជនជាតិខ្មែរមួយក្រុម ដោយលើកកែវជល់មួយហើយមួយទៀត។
លោក ប៉ូឡុនស្គី និងមិត្តភក្តិជិតស្និទ្ធរបស់គាត់បានដើរចេញទៅកាន់កន្លែងស្ងាត់ និងនិយាយគ្នាលែងយ៉ាងសប្បាយល្អូកល្អើន។ ជនជាតិរុស្ស៊ីឥតពាក់អាវពីរនាក់ ខ្លួនស្រក់ញើស បានលើកខ្ទះស៊ុបសាច់គោនិងការ៉ុតដាក់លើតុ ខណៈដែលអ្នកផ្សេងទៀតអង្គុយនៅតុឈើវែងមួយ មានរៀបចានគោមនិងកាំបិតសម។ ចានទាបធំៗដាក់សាច់អាំង បន្លែ និងនំប៉័ង ពេញត្រៀបត្រាលើតុ។
នៅទីបំផុត ពេលដែលគ្រប់គ្នាបានរៀបចំអាហារហើយសម្រាប់ពិធីជប់លៀងដ៏ធំនេះ លោក ប៉ូឡុនស្គី បានក្រោកឈរឡើងហើយលើកកែវស្រាវ៉ូដកាស្វាគមន៍គ្រប់គ្នា។ “ឋានសួគ៌ទេសចរណ៍ សូមស្វាគមន៍”៕ មានិត(រាយការណ៍បន្ថែមដោយ ឃួន ណារីម)