34 C
Phnom Penh

ជំនួយ​ការ​របស់​លោក កឹម សុខា ចោទ​ប្រកាន់​ថា មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួយ​ការ​ម្នាក់​ក្នុង​ចំណោម​ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ប្រឈម​នឹង​វិធានការ​​វិន័យ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ បន្ទាប់ពី​ជំនួយ​ការ​រូប​នេះ​​បាន​ចោទ​ប្រកាន់​លោក កឹម សុខា​ កាលពី​ថ្ងៃសៅរ៍​​ថា​បាន​​រិះគន់​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ពុករលួយ​​។

ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ជាលើក​ដំបូង​របស់​បណ្ដាញ​សង្គម​ ” ខ្មែរ​ដើម្បី​ខ្មែរ​” ដែល​ដឹកនាំ​ដោយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោកស្រី លក្ខណ៍​ សុភាព ដែល​បាន​​​ចោទ​ប្រកាន់​​​គ្នា​​​ជាសាធារណៈ​ជាមួយ​លោក កឹម សុខា កាលពី​ខែ​មុន​​បាន​លើក​ឡើង​ថា ​លោក​ កឹម សុខា បាន​ធ្វើ​ការ​​រិះគន់​​ដូច្នេះ​អំឡុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​មួយ ដែល​ធ្វើ​ឡើង​នៅ​​ដើម​ខែ​នេះ​។

លោកស្រី​​បាន​មាន​ប្រសាសន៍​ថា ” កាលពី​ថ្ងៃ​ទី៥ [ខែធ្នូ​] លោក កឹម សុខា បាន​រិះគន់​ថា ក្នុង​ទឹក​ប្រាក់​ចាប់ពី​ប្រហែល​៣០ឬ៤០លាន​ដុល្លារ​ លោក សម រស្ស៊ី បាន​យក​អស់​២០​លាន​ដុល្លារ​ទៅ​ហើយ​។ ខ្ញុំ​មិន​អាច​ចូល​រួម​នៅ​​ក្នុង​សង្គម​មួយ​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​ឡើយ​”។

លោកស្រី សុភាព ដែល​បាន​ចូល​រួម​ពាក់​ព័ន្ធ​នៅ​ក្នុង​ចលនា​ប្រឆាំង​​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​លោក សម រង្ស៊ី បាន​​បង្កើត​គណបក្ស​ជាតិ​ខ្មែរ​កាលពី​ខែវិច្ឆិកា ឆ្នាំ​១៩៩៥​មក មិន​បាន​រៀបរាប់​អំពី​ការ​អះអាង​របស់​លោកស្រី​ទេ ប៉ុន្តែ​បាន​លើក​សរសើរលោក កែម ឡី ​ជា​សាធារណៈ​​ចំពោះ​ការ​បង្កើត​ចលនា​នយោបាយ​ថ្មី​របស់​លោក​។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា ” ខ្មែរ​ដើម្បី​ខ្មែរ​ គឺជា​ចលនា​មួយ​បង្កើត​ឡើង​សម្រាប់​ឲ្យ​គណបក្ស​ទាំង​អស់​​ប្ដូរ​​បទបញ្ជាផ្ទៃ​ក្នុង​របស់​ខ្លួន ដើម្បី​ឈានទៅ​រក​ប្រជាធិបតេយ្យ​ពិប្រាកដ​ដោយ​គ្មាន​ការ​រើស​អើង​ និង​ដោយ​គ្មាន​ការ​ប្រកាន់​បក្ស​ពួក​ក្នុង​នាម​ជា​មេដឹកនាំ​។ ពលរដ្ឋ​បាន​រង​ការ​ឈឺចាប់​ដោយ​សារ​មេដឹកនាំ​”។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ លោកស្រី សុភាព បាន​លើក​ឡើង​ថា លោកស្រី​មិន​អាច​រៀបរាប់​អំពី​ការ​អះអាង​របស់​លោកស្រី​បាន​ឡើយ។ លោកស្រី​បាន​លើក​ឡើង​ទៀត​​ថា អំឡុង​កិច្ច​ប្រជុំ​កាលពីថ្ងៃ​ទី​៥ ខែ​ធ្នូ លោក កឹម សុខា បាន​យក​លោកស្រី​ធ្វើ​ជា​ប្រភព​នៃ​ការ​អះអាង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ ប៉ុន្តែ​តាម​ការ​ពិត​ទៅ​លោកស្រី​​មិន​ដឹង​អ្វី​ឡើយ។

លោកស្រី​បាន​ពន្យល់​ថា ” លោក កឹម សុខា បាន​និយាយ​ថា ខ្ញុំ​បាន​ប្រាប់​គាត់​ថា លោក សម រង្ស៊ី ​បាន​យក​ប្រាក់​ ហើយ​ខ្ញុំ​មាន​ការ​តក់​ស្លុត​អំឡុង​កិច្ច​ប្រជុំ​ដែល​គាត់​​​ឆ្លើយ​ដាក់​​ខ្ញុំ​ដូច្នេះ។ ខ្ញុំ​មិន​ដឹង​អ្វី​នោះ​ទេ ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​បដិសេធ”។

លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​បារាំង​​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​លើ​ការ​អះអាង​នេះ​ទេ​កាលពី​ម្សិលមិញ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​មិន​អាច​ទាក់​ទង​បាន​​។

ទោះ​ជាយ៉ាង​ណា លោក មុត ចន្ថា នាយ​ខុទ្ទកាល័យ​របស់​លោក កឹម សុខា បាន​លើក​ឡើង​ថា លោកស្រី សុភាព ដែល​នៅ​តែ​ជា​ជំនួយ​ការ​​របស់​លោក កឹម សុខា នៅឡើយ​បាន​ប្រឌិត​រឿង​នេះ​ ហើយ​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ពិចារណា​​វិធាន​ការ​វិន័យ។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​មាន​បំណង​មិន​ល្អ​បែប​នេះ​។ តាម​​អ្វី​ដែល​យើង​បាន​ដឹង​ គាត់​កំពុង​តែ​​ព្យាយាម​រក​ច្រក​ចេញ​ទៅ​កន្លែង​ផ្សេង ហើយ​ចោទ​ប្រកាន់​​គេឯង​។ យើង​មិន​ខ្វល់​ខ្លាំង​ពេក​ទេ​អំពី​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​គណបក្ស​នឹង​ចាត់​វិធានការ​វិន័យ​ចំពោះ​គាត់​”។

លោក​​ មុត ចន្ថា ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” មក​ទល់ពេល​នេះ​​​​​ យើង​មិន​ទាន់​និយាយ​អ្វី​អំពី​ការ​ដក​គាត់​ចេញពី​បក្ស​ ឬ​ពី​តំណែង​ជា​ជំនួយ​ការ​ផ្ទាល់​នៅ​ឡើយ​ទេ ប៉ុន្តែ​​នៅ​ក្នុង​គណបក្ស​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា ” ប្រសិន​បើ​គាត់​គឺ​ជា​មន្ត្រី​បក្ស​មួយ​រូប និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ គាត់​គួរ​តែ​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ផ្ទៃ​ក្នុង​​របស់​គណបក្ស​​ ដើម្បី​ដាក់​ ពាក្យ​បណ្ដឹង​។ ដោយ​លើក​ឡើង​រឿង​អ្វី​មួយ​​​ជា​សាធារណៈ​អ៊ីចឹង ​វា​រំលោភ​​បទ​បញ្ជា​ផ្ទៃក្នុង​បក្ស​​យ៉ាង​ជាក់​ស្ដែង​។ ជា​សមាជិក​គណបក្ស​មួយ​រូប គាត់​ត្រូវ​តែ​ធ្វើ​តាម​បទ​បញ្ជា​​ផ្ទៃ​ក្នុង។ ​ជា​ការ​ពិត​ណាស់ គាត់​មាន​សិទ្ធិ​និយាយ​ស្ដី​ ប៉ុន្តែ​គាត់​គួរ​តែ​រក​មធ្យោបាយ​ដ៏ល្អបំផុត​មួយ​ដើម្បី​តបត​ ជា​ជាងធ្វើ​ការ​តបត​ដោយ​​ធ្វើ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​បែប​នេះ”។

លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប ដែល​បង្កើត​បណ្ដាញ​សង្គម​ “ខ្មែរ​ដើម្បី​ខ្មែរ” កាលពី​ខែ​តុលា បាន​លើក​ឡើង​ថា ការ​អះអាង​របស់​លោកស្រី សុភាព គឺ​ធ្វើ​ឡើង​​ជា​លក្ខណៈ​ឯកជន​​ ហើយ​វា​មិន​ឆ្លុះ​បញ្ចាំង​​​អំពី​ទស្សន​របស់​ក្រុម​លោក​ឡើយ​។

លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​​មិន​ដឹង​ទេ​ថា តើ​ព័ត៌មាន​នេះ​ពិត​ឬមិន​ពិត​នោះ​ ព្រោះ​​ខ្ញុំ​មិន​បាន​តាម​ដាន​ព័ត៌មាន​នេះ​ឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ” នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ ខ្ញុំ​​សង្កេតឃើញ​មាន​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​តិច​ចំនួន​ប្រាំនាក់​មក​ចូល​រួម​។ ពួកគេ​មិន​មែន​ជា​សមាជិក​របស់​ “ខ្មែរ​ដើម្បី​ខ្មែរ​” ទេ នៅ​ក្នុង​នោះ​ក៏​រួម​មាន​​លោកស្រី សុភាព ដែល​មិន​មែន​ជា​សមាជិក​ “ខ្មែរ​ដើម្បី​ខ្មែរ​” ផង​ដែរ ព្រោះ​គាត់​នៅ​​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​មិន​ដឹង​ថា តើ​ពួកគេ​​គឺ​ជា​ចារកម្ម​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ឬមិន​មែន​នោះ​ទេ​”។

​ចាប់​តាំង​ពី​បង្កើត​​បណ្ដាញ​សង្គម​ “ខ្មែរ​ដើម្បី​ខ្មែរ” មក​ លោក កែម ឡី បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​​ពី​គណបក្ស​សង្គ្រោះជាតិ​ថា លោក​មាន​បំណង​ប្រែក្លាយ​ក្រុម​របស់​លោក​ទៅ​ជា​គណបក្ស​នយោបាយ​មួយ​មុន​ពេល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ លោក​បាន​លើក​ឡើង​ថា លោក​គ្រាន់​តែ​មាន​បំណង​​លើក​កម្ពស់​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស