29 C
Phnom Penh

អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​រកា​បាន​ឡើង​ដល់​ជាង​២០០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​​ឥឡូវ​នេះ​មនុស្ស​ជាង​២០០​នាក់​ត្រូវ​បាន​ធ្វើ​តេស្ដ​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​​អំឡុង​ការ​ឆ្លង​រាល​ដាល​ដ៏អាថ៌​កំបាំង​​នៃ​មេរោគ​អេដស៍​នេះ​នៅ​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង រួម​​ទាំង​ពលករ​ចំណាក​ស្រុក​ចំនួន​១៧នាក់​ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​វិញ​កាលពី​សប្ដាហ៍​មុន ដើម្បី​ធ្វើ​តេស្ត​ឈាម​ផង​ដែរ​​។

មេរោគ​អេដស៍​នេះ​​ត្រូវ​បាន​​ដឹង​ថា មាន​ការ​ឆ្លង​រាលដាល​ជាលើក​ដំបូង​​នៅ​ក្នុង​ឃុំរកា​ ស្រុក​​​សង្កែ កាលពី​ចុង​ខែ​វិច្ឆិកា ហើយ​ទំហំនៃ​ការ​ឆ្លង​រាល​ដាល​នេះ​​ដែល​បានធ្វើ​ឲ្យ​មន្ត្រី​សុខាភិបាល​​ទាល់​គំនិត​ និង​ធ្វើ​​ឲ្យ​មាន​ការ​ចាប់​ខ្លួន​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​នោះ គឺ​គេ​នៅ​មិន​ទាន់​​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​រហូត​ដល់​​ដើម​ខែ​នេះ។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ ទាំង​លោក វឿន ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក​ ប៊ី បេងសោ ប្រធាន​មណ្ឌល​សុខភាព​ឃុំរកា សុទ្ធ​តែ​បាន​បដិសេធ​មិន​ផ្ដល់​តួលេខថ្មី​ៗ​​​​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ឡើយ​។

​ប៉ុន្តែ​​លោក សឿម ឈុំ ​ជំទប់ឃុំ​​បាន​លើក​ឡើង​ថា ​​​មក​ទល់​ពេល​នេះ​​​​គឺមាន​​អ្នកភូមិ​២០១​នាក់​ហើយ ដែល​បាន​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ​អេដស៍។

លោក សឿម ឈុំ ដែល​​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​ជាមួយ​នឹង​ប្រពន្ធ​របស់​លោក និង​ចៅ​ពីរ​នាក់​ទៀត​​នោះ​បាន​មាន​ប្រសាសន៍​ថា ” ស្ថិតិ​​នោះ​​គឺ​ឡើង​ដល់​២០១​នាក់​ហើយ ប៉ុន្តែ​ក្រសួង​ [សុខាភិបាល​] មិន​​អនុញ្ញាត​ឲ្យ​បញ្ចេញ​ស្ថិតិ​នេះ​ទេ”។

លោក​បាន​​បន្ថែម​ថា អ្នក​ឆ្លង​ប្រហែល​១៦០​នាក់​ត្រូវ​បាន​បញ្ជាក់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន រីឯ​ករណី​ថ្មី​ប្រហែល​៤០​នាក់​ទៀត​នៅ​មិន​ទាន់​ធ្វើ​តេស្ត​ឈាម​ម្ដង​​ទៀត​នៅ​ឡើយ​ទេ​។

ជំទប់​ឃុំ​រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ពលករ​ចំណាក​ស្រុក​ទាំង​១៧​នាក់​ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​​​កាលពី​សប្ដាហ៍​មុន និង​ដែល​បាន​ធ្វើ​តេស្ត​ឈាម​នៅ​​មណ្ឌល​សុខភាព​​នោះ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ឆ្លង​មេរោគ​អេដស៍​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ” មាន​​មនុស្ស​ប្រហែល​២០​នាក់​ដែល​បាន​​ត្រឡប់ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើ​តេស្ត​ឈាម​ចាប់​ពីថ្ងៃ​ទី​២៥ ខែ​ធ្នូ​ រហូត​មក​ទល់ពេល​នេះ​ ហើយ​ក្នុង​ចំណោមពួកគេ​មាន​១៧​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​ រីឯបី​នាក់​​ផ្សេង​​ទៀតនៅ​មិន​ទាន់​បាន​ធ្វើ​តេស្ត​ឈាម​នៅ​ឡើយ​ទេ។ ពួកគេ​​ធ្វើ​ការ​នៅ​ចម្ការ​ ឬ​ធ្វើ​ជា​អ្នក​ថែសួន​ ហើយពួកគេ​មួយ​ចំនួន​មិន​បាន​ត្រឡប់​មក​ខេត្ត​បាត់ដំបង​វិញ​អស់​រយៈ​ពេល​ប្រហែល​១ឆ្នាំ​មក​ហើយ ហើយ​​មួយ​ចំនួន​​ទៀត​​អស់​រយៈ​ពេល​ត្រឹម​​តែ​​​ប្រហែល​១ខែ​ប៉ុណ្ណោះ​”។

ក្រុម​មន្ត្រី​បាន​បន្ទោស​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​នេះ​លើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ផ្ដល់​ការ​ព្យាបាល​​ដល់​អ្នក​ភូមិ​ជា​ច្រើន​នាក់​​នៅ​ក្នុង​ឃុំ​នេះ។ កាលពី​ថ្ងៃ​ច័ន្ទ សាលា​ដំបូង​ខេត្ត​​បាន​ចោទ​ប្រកាន់​លោក យ៉ែម ជ្រិន ពីបទ​មនុស្ស​ឃាត​​ដែល​អាច​ជាប​់​ពន្ធនាគារ​​អស់​មួយ​ជីវិត​ ហើយ​បានបញ្ជូន​គាត់​​ទៅ​មន្ទីរ​ខេត្ត​។

លោក សឿម ឈុំ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” អ្នកដែល​​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​មក​ស្រុក​កំណើត​វិញ​​ដើម្បី​ធ្វើ​តេស្ត​ឈាម​ ព្រោះ​ពួកគេ​សុទ្ធ​តែ​ត្រូវ​បាន​​​​គ្រូពេទ្យ [លោក យ៉ែម ជ្រិន​]”​ព្យាបាល​ឲ្យ​។ លោក​បាន​បន្ថែម​ថា ដោយ​សារ​តែ​​​ការ​ឆ្លង​រាល​ដាល​នេះ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​សុសសាយ​នោះ លោក​ក៏​ចាប់​ផ្ដើម​​ទទួលរង​នូវ​​ពាក្យសម្ដី​​អំពី​ការ​រើស​អើង​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា ” មនុស្ស​បី​នាក់​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​ពួកគេ​បានទៅ​ផ្សារ​​ ពួកគេ​បាន​ឮ​គេ​និយាយ​អំពី​ការ​ឆ្លង​​រាល​ដាល​នៃ​មេរោគ​អេដស៍​នេះ ហើយ​ថា ​គួរតែ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នកភូមិ​រកា។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់​នេះ​បាន​ប្រាប់​ខ្ញុំ​ថា ជាង​កាត់​សក់​នឹង​មិន​កាត់​​សក់​ឲ្យ​គាត់​ទេ ព្រោះ​គាត់​មក​ពី​ឃុំរកា”។

លោក អ៊ុំ សុភាព ប្រធាន​អង្គការ​ Khana ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​​​ដែល​ផ្ដល់​ការ​គាំទ្រ និង​ទប់​ស្កាត់​មេរោគ​អេដស៍​បាន​លើក​ឡើង​ថា អ្នក​ភូមិ​ផ្ទុក​មេរោគ​អដស៍​ដែល​ប្រឈម​នឹង​ការ​រើស​អើង​បាន​​ធ្លាក់​​ទឹក​ចិត្ត​​យ៉ាង​ឆាប់​រហ័ស។

លោក​បានមាន​ប្រសាសន៍​ថា ” ពួកគាត់​មិន​ចង់ចេញ​ទៅ​ក្រៅ​ទេ ​ពួកគាត់​ខ្មាស់​គេ​​ ហើយ​ពួកគាត់​មាន​​អារម្មណ៍​ថា ខ្លួន​មិន​ដូច​គេ​។ ពួកគាត់មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ។ នៅពេល​ពួកគាត់​ទៅ​ណា​មក​ណា ​គេ​ហៅ​ពួកគាត់​ថា អ្នក​ភូមិ​អេដស៍​ ឬ​គ្រួសារ​អេដស៍​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស