41.3 C
Phnom Penh

នាយ​​​ប៉ុស្តិ៍​​​ម្នាក់​​​និង​​​មេ​​​បញ្ជា​​​ការ​​​យោធា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ជុំវិញ​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ខេត្ត​​​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​រតនគិរី​ កាលពី​ថ្ងៃ​​​សៅរ៍​បាន​ចោទ​ប្រកាន់​នាយ​​​ប៉ុស្តិ៍​ឃុំ​ម្នាក់​ និង​មេបញ្ជាការ​កង​យោធពល​ខេរម​​​ភូមិន្ទ​ម្នាក់​ពី​​​បទ​អនុញ្ញាត​​​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​។

លោក ម៉ម វណ្ណដា ព្រះរាជ​អាជ្ញា​​​រង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា លោក ពយ ច្រូច នាយ​​​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ​​ ស្រុក​អូរយ៉ាដាវ និង​លោក​ រ៉ូចំ អែម ​មេបញ្ជាការ​​ការ​ពារ​ព្រំដែន​នៃ​កង​​​យោធពល​ខេរម​​​ភូមិន្ទ​ក្នុង​​​​ឃុំ​សេសាន ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ដោយ​សង្ស័យ​ពី​​​បទ​ ” ជាប់​ពាក់​ព័ន្ធ ” ​ក្នុង​ការ​កាប់​​ឈើ​ខុស​ច្បាប់។

លោក ជ័យ មាលា ចៅក្រម​ស៊ើបសួរ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សៅរ៍​ លោក​​​ទាំង​ពី​រ​​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៩៨ និង​មាត្រា​១០០​នៃ​ច្បាប់ស្តីពី​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​។

លោក​ចៅក្រម​ មាលា​ បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​សម្រេច​ឃុំ​​​ខ្លួន​​​ជន​​​សង្ស័យ​ទាំង​ពីរ​ ហើយ​ឥឡូវ​នេះ​​​ពួក​​​គាត់​​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត​ ដើម្បី​រង់​​​ចាំ​ការ​ស៊ើបអង្កេត”។

លោក​បាន​បន្ថែម​ថា លោក​ទាំងពីរ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​​​រហូត​​​ដល់​​​៥ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព។

មាត្រា​ ៩៨ នៃ​ច្បាប់​​​ស្តីពី​ព្រៃឈើ​ចែង​ពី​​​បទ​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​ការ​​ប្រមូល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ រីឯ​​​មាត្រា ១០០ ចែង​ពី​អាជ្ញាធរ​រដ្ឋ​ដែល​ ” អនុញ្ញាត​​​​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល”។

កាលពី​ថ្ងៃ​សុក្រ លោក ឆាយ ធី អ្នក​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​​​ហុក​​​ប្រចាំ​​​ខេត្តនេះ​​​ បាន​មាន​ប្រសាសន៍​ថា លោក​ទាំង​ពីរ​​​ត្រូវ​​​គេ​​​ដឹង​​​ថា ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួញ​​​ដូរ​ឈើ​ទៅ​ប្រទេស​វៀតណាម​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​អ្នក​កាប់​ឈើ​ជនជាតិ​វៀតណាម​ប្រាំមួយ​នាក់​ដែល​​​ត្រូវ​​​​បាន​​​ឃុំ​ខ្លួន​កាលពី​ខែ​វិច្ឆិកា បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថា លោក​ទាំង​ពីរ​បាន​អនុញ្ញាត​ឲ្យ​​ពួកគេ​កាប់​ឈើ​ក្នុង​ទឹកដី​កម្ពុជា​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស