33 C
Phnom Penh

ក្រុម​​​អ្នក​​​ប្រឆាំង​​​គ្រោង​​​ដាក់​​​ពាក្យ​​​សុំ​​​បង្កើត​​​គណបក្ស​​​នយោបាយ​​​លើក​​​ទី​​​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រឆាំង​ដែល​បច្ចុប្បន្ន​នេះ មេដឹកនាំ​របស់​ខ្លួន​កំពុង​ប្រឈម​​​ការ​​​បើក​​សវនាការ​ជំនុំជម្រះ​ពី​​​បទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ បាន​យល់​ព្រម​ចំពោះ​សំណើ​របស់​ក្រសួង​​មហាផ្ទៃ​ឲ្យ​ប្ដូរ​ឈ្មោះ​ បាវចនា និង​រូប​សញ្ញា​នៃ​​​សំណើ​​​សុំ​​​បង្កើត​​​គណបក្ស​នយោបាយ​របស់​ខ្លួន​​​ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​យល់ព្រម​ពី​​រដ្ឋាភិបាល​។

លោក សួន សេរី​​​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ​ដែល​និរទេស​ខ្លួន​​ឯង​ និង​​​​បុរស​បី​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពី​​​បទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ និង​រារាំង​ការ​បោះ​ឆ្នោត ជា​ការ​ចោទ​ប្រកាន់​ដែល​ពួកគេ​បាន​បដិសេធ​។

បើ​ទោះ​ណា​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​​​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ​ជា​អង្គការ​ភេរវកម្ម​ក៏ដោយ ក៏​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែ​នេះ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ពិចារណា​ផ្ដល់​ការ​យល់​ព្រម​ចំពោះ​ការ​ដាក់​ពាក្យ​សុំ​របស់​ក្រុម​នេះ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ ប្រសិន​បើ​ក្រុម​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​​​ៗ។ កាលពី​ម្សិលមិញ ក្រុម​នេះ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ដាក់​​​ពាក្យ​​​សុំ​​​ទៅ​ក្រសួង​មហា​​​ផ្ទៃ។

លោក សៀង សុភារក្ស អ្នក​នាំ​​​ពាក្យ​ចលនា​នេះ​បាន​លើក​ឡើង​តាម​ទូរស័ព្ទ​ថា ” មាន​គណបក្ស​នយោបាយ​ដែល​មាន​ស្រាប់​ឈ្មោះ​ គណបក្ស​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ ដូច្នេះ​យើង​បាន​ប្ដូរ​ឈ្មោះ​ពី​គណបក្ស​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ​ទៅ​ជា​គណបក្ស​​​អំណាច​ខ្មែរ​”។

របាយការណ៍​មួយ​ដែល​ចលនា​អំណាច​ពល​​​រដ្ឋខ្មែរ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អុីន​​​ធើ​​​ណិត​កាល​​​ពី​​​ម្សិលមិញ លើក​ឡើង​ថា ក្រុម​នេះ​ក៏​បាន​យល់​ព្រម​ប្ដូរ​បាវចនា​របស់​គណបក្ស​ពី “ជាតិ សាសនា វីរជន” ទៅ​ជា​ ” ជាតិ សេរីភាព វីរជន”។ នៅ​ក្នុង​រូប​សញ្ញា​របស់​គណបក្ស​គឺ​រូប​ព្រះវិស្ណុ​ឈរ​លើ​នាគ នឹង​ត្រូវ​ជំនួស​ដោយ​វីរបុរស​សម័យ​អង្គរ ដែល​ចលនា​​​នេះ​​​មិន​បាន​និយាយ​ថា ជា​វីរបុរស​រូប​ណា​ឡើយ​ ​ឈរ​នៅ​លើ​នាគ​នោះ​។ រូប​ថត​អង្គរវត្ត​នៅ​ក្នុង​រូប​សញ្ញា​នឹង​ត្រូវ​ជំនួស​​​ដោយ​​​រូប​ឥន្ទ្រី​ស​។

លោក សុភារក្ស បាន​មាន​ប្រសាសន៍​ថា ” យើង​​បាន​​​យក​​​​ការ​ដាក់​ពាក្យ​សុំ​ចាស់​របស់​យើង​មក​​​ធ្វើ​ការ​កែតម្រូវ​ខ្លះ​​​ៗ ហើយ​យើង​នឹង​ចុះ​ឈ្មោះ​ម្ដង​ទៀត”។ លោក​បាន​បន្ថែម​ថា លោក​រំពឹង​ថា នឹង​ដាក់​ពាក្យ​សុំ​​ជាថ្មី​​ទៅ​ក្រសួង​មហាផ្ទៃ​ប្រហែលជា​​​នៅ​សប្ដាហ៍​នេះ។

នៅ​ពេល​លោក សួន​ សេរីរដ្ឋា បាន​ប្រកាស​ជា​សាធារណៈ​លើកដំបូង​​​អំពី​គម្រោង​របស់​លោក​ថានឹង​​​​បង្កើត​គណបក្ស​នយោបាយ​កាលពី​ខែ​មេសា​​​នោះ ​លោក ខៀវ សុភ័គ អ្នក​នាំ​​​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ឱកាស​របស់​គាត់​មាន​តិច​តួច​ណាស់ ដោយ​ពិចារណា​​​ទៅ​​​លើ​​​ការ​​​ដែល​​​ថា គាត់​កំពុង​ត្រូវ​បាន​​​តាម​ចាប់​ខ្លួន​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​នៅ​ក្នុង​រឿង​ក្ដី​របស់​គាត់​នៅ​ខែ​ក្រោយ។ លោក សួន សេរីរដ្ឋា កំពុង​ស្ថិត​នៅ​បរទេស​នៅ​ឡើយ ហើយ​លោក​កំពុង​ប្រឈម​នឹង​សវនាការ​ផ្ដន្ទាទោស​កំបាំង​មុខ​។

លោក​​​បាន​អំពាវ​​​នាវ​​​ជា​ចំហ​ឲ្យ ​មាន​ការ​​​បះបោរ​​​ដើម្បី​ផ្ដួល​រំលំ​លោក ហ៊ុន សែន ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​ប្រើ​​អំពើ​ហិង្សា​ទេ៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស